ក្រុម​អ្នក​សារព័ត៌មាន និង​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អតីត​បុគ្គលិក RFA នៅ​ចំ​ថ្ងៃ​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។ រូបភាព៖ ហួត វុទ្ធី

ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​អំពាវ​នាវ​ទៅ​តុលាការកម្ពុជាឱ្យទម្លាក់ចោលទាំងស្រុកនូវបទចោទប្រកាន់ប្រឆាំង​អតីត​បុគ្គលិក​វិទ្យុអាស៊ីសេរី ២​នាក់ ដែលការស្នើនេះធ្វើឡើងចំខួប ២ឆ្នាំ នៃការចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់នោះ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក ហើយ​សំណុំ​រឿង​ប្រឆាំង​លើ​អ្នក​ទាំង​ពីរ ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​កាល​ពី​ដើម​ខែ​តុលា​កន្លង​មក​នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា) បានលើកឡើងថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២រូបនោះ បានរស់នៅដោយមិនមានសេរីភាព​ពេញលេញអស់រយៈពេល ២ឆ្នាំហើយ ដោយសារការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ​ចាប់​តាំង​ពី​ការដោះលែងឱ្យនៅក្រៅឃុំ​កាលពីខែសីហា ឆ្នាំ២០១៨។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ ខេមបូចា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគ្មានមូលដ្ឋានទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ហើយបានចាត់ទុកការបន្តសំណុំរឿងលើអ្នកទាំង២នាក់នោះថា ជាការធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ និងជាការគំរាមកំហែងដល់សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាទាំងមូល។

នាយកប្រតិបត្តិ នៃខេមបូចា លោក ម៉ៃ ទិត្យថារ៉ា ត្រូវបានស្រង់សម្តីយកមកចុះក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ការបន្តធ្វើទុក្ខបុកម្នេញលើអតីតអ្នកសារព័ត៌មានទាំង ២រូបនោះ គឺជាការបន្តបំភិតបំភ័យដល់អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ជាពិសេសអតីតអ្នកយកព័ត៌មានអាស៊ីសេរី ដោយអ្នកខ្លះមិនហ៊ានបន្តអាជីពជាអ្នកសារព័ត៌មាន ហើយអ្នកខ្លះទៀតបន្តលាក់ខ្លួនដោយសារភ័យខ្លាច។

១​​ថ្ងៃ​មុន​ខួប ២​ឆ្នាំ​នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារ​ទៅតុលាការកម្ពុជា ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​អ្នក​សារព័ត៌មាន​ទាំង​ ២​រូប​ផង​ដែរ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ចារកម្ម»​ បម្រើ​ឱ្យ​រដ្ឋ​បរទេស ដែល​អង្គការមួយនេះចាត់ទុកការចោទប្រកាន់នេះថា «គ្មាន​ភស្តុតាង​ពិត​ប្រាកដ»

នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទទួល​បន្ទុក​តំបន់​អាស៊ី បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​៖

«ករណី​ចោទ​ប្រកាន់​លើ​លោក អ៊ួន ឈិន និង​ យាង សុធារិន្ទ គួរ​ត្រូវ​បាន​ទម្លាក់​ចោល​តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា ហាក់​ដូចជា​មាន​ចេតនា​ប្រើ​ប្រាស់​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះជា​ការ​ព្រមាន​ទៅ​អ្នកសារព័ត៌មាន​ដទៃ​ទៀត»

លោក​បន្ត​ថា​៖

«ករណី​មិន​ទាន់​បញ្ចប់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល ដើម្បី​បំបិទ​សំឡេង​សារព័ត៌មាន​រាយការណ៍​ស៊ីជម្រៅ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ដែល​ជាស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ទៀត បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនដោយចាត់ទុក​ករណី​បន្តឱ្យមានការស៊ើបអង្កេតលើអ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ជា​ការ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​​អ្នកសារព័ត៌មាន​នៅ​កម្ពុជា។

អង្គការ​នេះ​បាន​ថ្លែងក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖

«អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ទម្លាក់​ចោល​ភ្លាមៗ​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ទៅ​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហើយ​ត្រូវ​ចាត់វិធានការ​កែលម្អ​បន្ថែម​ទៀត ដើម្បី​ស្ដារ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយលោកថា តុលាការកំពុងដំណើរការនីតិវិធីស៊ើបអង្កេតឡើងវិញ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ» និងបទ«ផលិត និងកាន់កាប់រូបភាពអាសអាភាស»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ