លោក ស ខេង៖ លិខិតក្លែងក្លាយត្រូវបានផ្សាយតាមហ្វេសប៊ុកដើម្បីបំបែកផ្ទៃ​ក្នុង CPP

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ «កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាសរួមលើកទី៧ ស្ដីពី សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក» នាព្រឹកថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ រូបភាព៖ ហ្វេសប៊ុកលោក ស ខេង

ឧបនាយករដ្ឋមន្ត្រី លោក សខេង បានប្រកាសជាសារធារណៈថា មាន​លិខិត​ក្លែង​ក្លាយមួយ​ត្រូវ​បានបង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមហេ្វសប៊ុកក្នុងបំណងបំបែក​បំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

លិខិតចំហរមួយច្បាប់អះអាងថា ខ្លួនជាសមាជិក CPP ​ខេត្ត​បាត់​ដំបង ហើយលិខិតអនាមិកនោះសរសេរលិខិតផ្ញើទៅកាន់គណៈអចិន្ត្រៃយ៍គណបក្ស ដោយស្នើឱ្យផ្ទៃក្នុងបក្សកាន់អំណាចនេះដកសេចក្តីទុក​ចិត្ត​ចំពោះប្រធានបក្ស និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

លោក ស ខេង មានប្រសាសន៍ថា លិខិតនោះជាលិខិតរបស់ក្រុមប្រឆាំងដែលប៉ុនប៉ង​បំផ្លាញសេចក្តីសុខសន្តិភាពរបស់កម្ពុជា។

លោក ស ខេង មានប្រសាសន៍ថា​៖ «លិខិតនោះ ដើម្បីធ្វើការបដិសេធរួចហើយ។ នេះគឺជាបំណងមិនល្អ​របស់​អ្នក​ប្រឆាំងទាំងនោះ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងមកពី​មជ្ឈដ្ឋានក្រុមប្រឆាំងហើយ។ ខ្ញុំបានឱ្យ គ៨៥(ស្នាក់ការកណ្ដាល​ CPP) និងគណបក្សបាត់ដំបង របស់គណបក្សប្រជាជន ដែល​យើង​ប្រឆាំង​​ដាច់​ខាតមិនអាចទទួលយកបានទេ»។

គណបក្សប្រជាជនកម្ពុជាបានក្ដោបក្ដាប់អំណាចផ្តាច់មុខ​បន្ទាប់ពីឈ្នះកៅអីសភា ១២៥​លើ​១២៥​អសនៈ ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រអាណិត្តទី៦ដោយគ្មានវត្តមាន​របស់​គណ​​បក្សសង្គ្រោះជាតិ។ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ជាអនុប្រធានគណបក្សប្រជាជន​កម្ពុជា ជាសមាជិកអចិន្ត្រៃយ៍គណបក្ស ជាប្រធានក្រុមការងារបក្សកាន់អំណាចខេត្តបាត់ដំបង ហើយក៏ជាមនុស្សមានអំណាចទី២ក្នុង​រដ្ឋាភិបាល​ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជា​បន្ទាប់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ