លោក កឹម សុខា សង្ឃឹមថាមានការផ្សះផ្សាជាតិនិងលើកកម្ពស់មុខមាត់ប្រទេស

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

លោក កឹម សុខា ក្រោយពេលជួបជាមួយឯកអគ្គរាជទូត និងរដ្ឋទូតមកពីប្រទេសកាន់របបប្រជាធិបតេយ្យមួយចំនួន​មកបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃខាងមុខកម្ពុជានឹងមានការផ្សះផ្សាជាតិ ហើយលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិ។​

នៅលើហ្វេសប៊ុកលោក កឹម សុខា កាលពីម្សិលមិញបញ្ជាក់ថា លោកមានការសប្បាយរីករាយដែលបានជួបជាមួយឯកអគ្គរាជទូត និង រដ្ឋទូតទាំងនេះ។​

លោក កឹម សុខា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ដែលប្រទេសដែលជាមិត្តរបស់កម្ពុជាតែងឈរជាមួយប្រជាពលរដ្ឋខ្មែរ និងលទ្ធិប្រជាធិបតេយ្យ។ ហើយខ្ញុំសង្ឃឹមថា តទៅថ្ងៃមុខកម្ពុជានឹងដើរទៅរកផ្លូវផ្សះផ្សាជាតិដែលនាំមកនូវអភិវឌ្ឍន៍ យុត្តិធម៌ និងសេរីភាពពេញលេញដល់ខ្មែរគ្រប់និន្នាការ និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។»

កាលពីថ្ងៃទី១០ ខែវិច្ឆិកា តុលាការប្រកាសបន្ធូរបន្ថយលក្ខខណ្ឌដល់លោក កឹម សុខា ដែលអាចដើរចេញពីផ្ទះ និងអាចនិយាយជាមួយអ្នកសារព័ត៌មានបាន។​

ក្រោយមកមួយថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ឯកអគ្គរាជទូត និងរដ្ឋទូតចំនួន​៧បានជួបសួរសុខទុក្ខ និងពិភាក្សាជាមួយលោក កឹម សុខា រួមាន តំណាងប្រទេសបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស និងស្វីស។ ក្រៅទូតតំណាងឱ្យប្រទេសទាំង៧ក៏មានទូតតំណាងឱ្យសហភាពអឺរ៉ុបទៅជួបលោក កឹម សុខា ដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ