លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បញ្ជាក់ថា ដើមចមដែលនាំឱ្យទទួលបានពានរង្វាន់នោះ ដោយសារលោកមានស្នាដៃដឹកនាំបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផង។
លោក ហ៊ុន សែន ថ្លែងថា៖ «របបខ្មែរក្រហមបិទបញ្ចប់នៅត្រឹមថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ប៉ុន្តែ សង្គ្រាមស៊ីវិលនៅក្នុងប្រទេស នៅតែបន្តអូសបន្លាយរហូត។ កម្ពុជានៅពេលនោះប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការត្រឡប់ពីរបបប្រល័យពូជសាសន៍ ហើយដៃម្ខាងទៀត ធ្វើការអភិវឌ្ឍប្រទេសជាតិពីចំណុចសូន្រ ជាមួយនឹងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌»។
លោកនាយករដ្ឋមន្ត្រីថ្លែងទៀតថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ ជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់ជាដើម។
អង្គការសហព័ន្ធសន្តិភាពសកល (UPF) ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ៕