វិភាគ​៖ អ្វី​ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​អ្នកនយោបាយ​បកស្រាយ​ផ្ទុយគ្នា​ពីអ​ត្ថ​ប្រយោជន៍​ EBA​?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី – EBA។ (បណ្ដាញសង្គម)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​ផង​នោះ​ បាន​បញ្ចេញ​ប្រតិកម្ម​ជាថ្មី​ទៀត​​កាលពី​សប្តាហ៍​មុន​ ពី​ការដែល​សហភាព​អឺរ៉ុប​យក​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​​(EBA)​ មក​ធ្វើជា​សម្ពាធ​តម្រង់​ទិស​នៃ​ការដឹកនាំ​របស់​លោក​។

លោក​ ហ៊ុន​ សែន​ អះអាង​ទៀត​ថា​ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ពី​ការ​ដើរទៅ​មុខ​ដោយខ្លួនឯង​ បើ​សហភាព​អឺរ៉ុប​ប្រើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ចាប់បង្ខំ​កម្ពុជា​​នូវ​អ្វី​ដែល​លោក​មិន​អាច​ធ្វើ​បាន​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ឥឡូវ​គេ ​[អឺរ៉ុប​] យក​អាហ្នឹង​ [EBA​] មក​គំរាម​យើង​ថា ​អ្នកឯង​ត្រូវ​ធ្វើ​អា​នេះ​។ អ៊ីចឹង​បាន​យើង​ប្រាប់​ទៅវិញ​ថា​ យើង​មិន​អាចយ​កអធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​នឹង​ជំនួយ​ណា​ទេ។ ​អ្វី​ដែល​យើង​ខិតខំ​ធ្វើ​បាន ​យើង​ធ្វើ អ្វី​ដែល​យើង​ធ្វើ​មិនបាន​ យើង​មិន​ធ្វើ​ទេ​។ [….] ហើយ​សូម​បញ្ជាក់​ ប្រវត្តិ​លើ​ពិភពលោក​នេះ​ មានតែ​កម្ពុជា​ទេ​ ដែល​បរទេស​មួយ​ជួយ​ហើយ​ បរទេស​ដក​ត្រឡប់ទៅវិញ​ កម្ពុជា​នៅ​ឈរ​បាន​រហូត​សព្វថ្ងៃ​»

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ​ អះអាង​ទៀត​ថា​ EBA​ នោះ​ វា​នឹង​ត្រូវ​គេ​ផ្តាច់​ដដែល​ទេ​ អំឡុង ៥ ទៅ ៦ឆ្នាំ​ទៀត​ (២០២៥​) ហើយ​ថា​ ការដែល​កម្ពុជា​មានលទ្ធភាព​បង់ពន្ធ​សម្រាប់​ទំនិញ​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​ វា​នឹង​ទប់ស្កាត់​​សម្ពាធ​ដែល​ចាប់បង្ខំ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ធ្វើបែប​នេះ​ ឬបែប​នោះ​ តាមដែល​ម្ចាស់​ទីផ្សារ​មួយ​នេះ​ចង់បាន​។

ប៉ុន្តែ​ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ វិញ​ បាន​អះអាង​ផ្ទុយពី​នេះ​។ លោក​ សម​ រង្ស៊ី​ បាន​អះអាង​ថា​ ប្រព័ន្ធ​អនុគ្រោះ​ EBA​របស់​សហភាព​អឺរ៉ុប​នេះ​ ជា​សក្តា​នុ​ពល​ទាក់ទាញ​វិនិយោគ​ និង​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ អះអាង​ទៀត​ថា​ អ្នក​ដែល​ធ្វើ​ឱ្យ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ប្រៀប​បាន​វាយ​បំបែក​ឆ្នាំងបាយ​ពលរដ្ឋ​ច្រើន​លាន​នាក់​។

លោក​ សម រង្ស៊ី បាន​រៀបរាប់​ក្នុង​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា​៖ «លោក​ ហ៊ុន​ សែន​ ទៅ​វាយ​ឆ្នាំង​បាយ​កម្មករ​ជាង ៨សែន​នាក់​។ ដូច្នេះ​ ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ នឹង​រងគ្រោះ​ដោយសារ​លោក​ ហ៊ុន​ សែន»

សំណួរ​ត្រង់ថា​ អ្វី​នៅ​ពីក្រោយ​ការ​បកស្រាយ​ផ្សេងគ្នា​​របស់​អ្នកនយោបាយ​ខ្មែរ​ពីអ​ត្ថ​ប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​?

សមាគម​រោងចក្រ​កាត់ដេរកម្ពុជា​ (GMAC​) បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​បញ្ជាក់ ៣ដង​រួចមក​ហើយ​ថា​ បើ​កម្ពុជា​មិន​អាច​រក្សា​ EBA​ បានទេ​ វា​នឹង​ប៉ះពាល់​ផ្ទាល់​​ដល់​កម្មករ​ខ្ទង់ ៧៥ម៉ឺន​នាក់​ ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ និង​ពលរដ្ឋកម្ពុជា ៣លាន​គ្រួសារ​ផ្សេងទៀត​ ប៉ះពាល់​ដោយប្រយោល​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ បង្ហាញ​ការយល់ឃើញ​ប្រហាក់​ប្រហែល​សមាគម​រោងចក្រ​កាត់ដេរកម្ពុជាដែរ​។ ប៉ុន្តែ ​លោក​វិភាគ​ថា​ លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ដែល​តម្រូវ​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដំណើរ​ឡើង​វិញលើ​ទីលាន​ប្រកួត​ដោយ​តម្លាភាព​នោះ​ វា​ហាក់​នាំមក​វិញ​នូវ​ភាព​ភ័យខ្លាច​សម្រាប់​​បក្ស​កាន់អំណាច​ពី​ជោគវាសនា​នៃ​ការ​បន្ត​គ្រប់គ្រង់​អំណាច​។ លោក​ថា ​ដូចនេះ​ហើយ​ទើប​សារ​នយោបាយ​ច្រើន​ប្រតិកម្ម​នឹង​លក្ខខណ្ឌ​នេះ​។

លោក ឯម សុវណ្ណរ៉ា ​និយាយ​ថា​៖ «ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ វា​ខុសគ្នា​តែ​ជាង ៥សែន​សំឡេង​ទេ​។ អ៊ីចឹង​ជា​ចរន្ត​មួយ​ធ្វើ​ឱ្យ​បក្ស​កាន់អំណាច​បារម្ភ ​អាហ្នឹង​ទី១​។ ទី២ទៀត ​គេ​មានការ​ស្រាវជ្រាវ​ពិសេស ៣ ទៅ ៤សារ​ហើយ​ ពាក់ព័ន្ធ​ទៅ​នឹង​ប្រជាប្រិយ​ភាព​ថ្នាក់ដឹកនាំ​របស់​អ្នកនយោបាយ​។ អ៊ីចឹង ​នេះ​ជា​ក្ដី​បារម្ភ​របស់​អ្នកនយោបាយ​កាន់អំណាច​»

លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ទៀត​ថា​ លទ្ធភាព​នៃ​ការ​រស់​ឡើងវិញ​​របស់​គណបក្ស​ប្រឆាំង​នៅពេល​នេះ​ មានតែ​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ ​មិន​អាច​កៀរគរ​អ្នកគាំទ្រ​ឱ្យ​ចេញ​ធ្វើបាតុកម្ម​ ដើម្បី​ដាក់​លក្ខ​ខណ្ឌ​នយោបាយ​ជាមួយ​គូប្រកួត​​ដូចឆ្នាំ២០១៣ បាន​ទៀត​ទេ​ ដោយ​ថា ​ពេលនេះ​បក្ស​កាន់អំណាច​​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​ទាំងស្រុង​។

អ្នកវិភាគ​រូប​នេះ​វិភាគ​ថា​ ផ្លូវ​តែមួយគត់​ដែល​គណបក្ស​ប្រឆាំង​អាច​ធ្វើដំណើរ​ទៅ​រក​ជីវិត​នយោបាយ​វិញ​ គឺ​ការ​គាំទ្រ​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​។ លោកថា ដូច្នេះហើយ បានគេសង្កេតឃើញសារបក្សប្រឆាំងគាំទ្រចំណាត់ការរបស់សហភាពអឺរ៉ុប។

លោក ឯម សុវណ្ណរ៉ា បន្ត​​ថា​៖ «បក្ស​ប្រឆាំង​ឥឡូវ​ចប់តួ​នាទី​ ចប់​ទម្ងន់​ក្នុង​ការចរចា​ជាមួយ​បក្ស​កាន់អំណាច​ហើយ​ មានតែ​សហភាព​អឺរ៉ុប​ទេ​ដែល​អាច​មាន​ទម្ងន់​ជជែក​រឿង​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ហ្នឹង​។ កាលណា​យក​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប ​បក្ស​ប្រឆាំង​អាច​រស់​ឡើងវិញ​បាន​ហើយ​»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា ​CANTRAL​ លោក​ មឿន​ តុលា​ បង្ហាញ​ការយល់ឃើញ​ថា​ ការដែល​សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​ស្ដា​រប្រ​ជា​ធិប​តេយ្យ​មិនមែន​ជា​រឿង​អាក្រក់​ទេ​ ព្រោះ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុ​ជា​​ចែងថា​ កម្ពុជា​អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

លោក​ មឿន​ តុលា​ អះអាង​ទៀត​ថា​ លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ មិនមែន​អឺរ៉ុប​ទើប​បង្កើត​ឡើង​ ក្រោយ​តុលាការ​កម្ពុជា​រំលាយ​គណបក្ស​ប្រឆាំង​អំឡុង​ឆ្នាំ២០១៧នោះ​ទេ​ តែថា ​ផ្ទុយទៅវិញ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ទទួលយក​លក្ខខណ្ឌ​នេះ​មក​អនុវត្ត​យូរ​ឆ្នាំ​ហើយ​ដែរ​ សម្រាប់​ទាញ​យក​អំណោយផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​នេះ​។

លោក មឿន តុលា​ និយាយ​​ថា​៖ «ហេតុផល​ដែល​ធ្វើ​ឱ្យ​គេ ​[អឺរ៉ុប​] ចាប់ផ្តើម​សើរើ​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ហ្នឹង ​នៅពេល​ដែលគេ​មើលឃើញ​ថា​ កម្ពុជា​យើង​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​ រំលោភ​ទៅលើ​កតិកា​រសញ្ញា​ និង​អនុសញ្ញា​ដែល​យើង​បាន​សន្យា​យក​មក​អនុវត្ត​»

លោក​ មឿន​ តុលា​ វិភាគ​ថា​ ឫស​គល់​នៃ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ អាច​មិនមែន​មក​ពី​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ទេ​ អាចម​កពី​អ្នកនយោបាយ​ខ្មែរ​មិន​ហ៊ាន​ត្រឡប់​ក្រោយ​ទៅ​ទីលាន​ប្រកួត​មួយ​ដោយ​តម្លាភាព​ដូចដែល​សហភាព​អឺរ៉ុប​កំពុងតែ​ជំរុញ​។

លោក​ បន្ត​ថា​៖ «សម្រាប់​ការ​មើលឃើញ​​របស់ខ្ញុំ​ បើសិនជា​ឱ្យ​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​ ហើយ​ផ្តល់​នី​តិ​សម្បទា​ដល់ ១​១៨នាក់​ឡើងវិញ​ និង​ផ្តល់​អាសនៈ​ឃុំ​​-សង្កាត់​ ៥០០៧ឡើងវិញ​ មាន​បញ្ហា​ចម្រូងចម្រាស​ច្រើន​ដូច​សម្ល​កំ​ពឹស​អ៊ីចឹង​»

លោក​ មឿន​ តុលា​ បន្ត​ថា​ ការ​ផ្តល់​តំណែងឱ្យ​ក្រុមប្រឹក្សា​ឃុំ​​-សង្កាត់​ទាំង​ជាង ៥ពាន់​ទៅ​បក្ស​ប្រឆាំង​វិញ​ បក្ស​កាន់អំណាច​នឹង​បាត់បង់​តំណែង​មួយចំនួន​​នៅ​ព្រឹទ្ធសភា​ និង​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ស្រុក​-ខណ្ឌ​ ព្រោះ​អាសនៈ​នៅ​ឃុំ​-សង្កាត់​ ជា​អង្គ​បោះឆ្នោត​។

ទោះជាយ៉ាងណា​ នីតិវិធី​ព្យួរ ​ឬមិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ សហភាព​អឺរ៉ុប​អះអាង​ថា​ នឹង​ប្រកាស​ឱ្យ​ដឹង​ត្រឹម​ថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៩នេះ​។ ចំណែក​វិធានការ​ជាក់​ស្ដែង នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈឆ្នាំ២០២០​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ កាលពី​សប្តាហ៍​មុន​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ឈប់​យក​បញ្ហា​ EBA​ ធ្វើជា​បិ​សាច​បន្លាច​ប្រជាពលរដ្ឋ​ទៀត ​ដោយ​ថា ​កម្ពុជា​ពេលនេះ​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ក្នុង​កម្រិតខ្ពស់​ ហើយ​ថា​ រដ្ឋាភិបាល​នៅតែ​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​។  ​

សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​​នៅ​មហាវិទ្យាល័យ​ Occidental​ College​ នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋ​អាម៉េរិក​ បណ្ឌិត​ អៀ​ សុផល​ ​លើកឡើង​ថា​ កា​របា​ង់​បង់ ​EBA ​ការងារ ៩០​ ០០០​​កន្លែង​ អាច​នឹង​បាត់បង់​ ហើយ​ទឹកប្រាក់​ជាង ៦០០លាន​ដុល្លារ​ អាច​នឹង​ខាតបង់​។ ប៉ុន្តែ​ ថា​ វា​នឹង​មិន​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ​។

លោក​ អៀ​ សុ​ផល បង្ហាញ​ការយល់ឃើញ​ទៀត​ថា​ អ្នកនយោបាយ​ដែល​អះអាង​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មិនសូវ​សំខាន់​សម្រាប់​កម្ពុជា​ ជាហេតុ​ផល​នយោបាយ​។

លោក អៀ សុផល ​ថា​៖ «ពួកគេ​បង្កើត​ទឡ្ហីករ​គ្រប់យ៉ាង​ឱ្យ​អណ្ដែតឡើង​ក្នុង​ក្បាល​របស់​ពួកគេ​។ គ្រប់យ៉ាង​ គឺ​អាច​ចរចា​បាន​ លើកលែងតែ​រឿង​មួយ​ គឺ​​ការ​ប្រថុយប្រថាន​ចំពោះ​ការបាត់បង់​អំណាច​ និង​លុយ​ដែល​បាន​មក​ពី​អំណាច​នោះ​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ