តុលាការនឹងប្រកាសសេចក្តីសម្រេចពាក្យសុំនៅក្រៅឃុំរបស់ គង់ រ៉ៃយ៉ា នៅ​ចុងខែវិច្ឆិកា

យុវជន គង់ រ៉ៃយ៉ា ចេញពីសាលាកំពូល ត្រឡប់ទៅកាន់ ពន្ធនាគារព្រៃសវិញ បន្ទាប់ពីសាវនាការ ២៨ តុលា ២០១៩។ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

តុលាការ នឹងប្រកាសសេចក្តីសម្រេចលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់យុវជន គង់ រ៉ៃយ៉ា នាថ្ងៃ២៩ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក​ស្រីចៅក្រម អ៊ុក រ៉េតគន្ធា។

ក្រោយជាប់ឃុំប្រមាណជាងបួនខែក្នុងពន្ធនាគារ ក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងករណីមិនរៀងចាលក្នុងបទមជ្ឈឹម លោក គង់ រ៉ៃយ៉ា បានសម្រេចចិត្តដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន ដោយផ្អែកលើបញ្ហាសុខភាព និងមានភារៈរកប្រាក់ផ្គត់ផ្គង់គ្រួសារ។

លោក រ៉ៃយ៉ា បានបញ្ជាក់អំពីមូលហេតុដែលលោកដាក់ពាក្យស្នើសុំទៅតុលាការក្នុងសវនាការនាសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលនេះថា លោកសុំនៅក្រៅឃុំផ្អែកលើហេតុផលសំខាន់ចំនួន៤។ លោកថា លោកមានបញ្ហាសុខភាពព្រោះជំងឺក្រពះធ្វើទុកខ្លាំង ហើយឈឺឆ្អឹងខ្នងទាមឱ្យមានការព្យាបាលទាន់ពេលដោយពេទ្យជំនាញ។ ក្រៅពីនេះ លោកបាន​លើកមូលហេតុថា លោកត្រូវបំពេញនាទីជាមេគ្រួសាររកប្រាក់ផ្គត់ផ្គង់ការព្យាបាលជំងឺរបស់ម្តាយជរា និងការរស់នៅរបស់ប្រពន្ធ ព្រមទាំងកូនស្រី និងចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក គង់ រ៉ៃយ៉ា ទៅឃុំនៅពន្ធនាគារព្រៃសបណ្តោះអាសន្ននាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម ក្រោយលោកប្រកាសលក់អាវយឺតមាន​រូបលោក កែម ឡី តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ អាវនោះមានភ្ជាប់ជាមួយទ្រឹស្តីលោកបណ្ឌិត កែម ឡី ដោយសរសេរថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ»

យុវជន គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំកន្លះម្តងរួចមកហើយ នាអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ព្រោះបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាក់​ទងនឹងបទចោទថា មាន​បំណងធ្វើបដិវត្តន៍ពណ៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ