កម្ពុជាមានសុភាសិតមួយថា «មានទឹកមានជីវីត»។ ដោយមើលឃើញពីភាពចាំបាច់នៃទឹកនេះហើយ ទើបប្រជាជនក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ តាមរយៈការគាំទ្រពីគម្រោងជីវិត និងធម្មជាតិ របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានព្យាយាមរកវិធីស្ទាក់ទឹកទុកដើម្បីទុកប្រើប្រាស់ក្នុងឃុំ។
«បើថាទឹកមាន គេអាចយកទឹកទៅបាន ប្រើប្រាស់បាន! ហើយភូមិជិតៗហ្នឹងក៏អាចធ្វើបានដែរ (ដាំដំណាំ)។ ពីមុនអត់មានទឹកទេ ខ្ញុំបិទទំនប់ខ្លួនខ្ញុំ! ខ្ញុំដាក់ដីច្រោះដី ខ្ញុំដាក់ឈើដាក់អី (ទប់ទឹក) វាអត់នៅទេ! ទឹកចេញអស់ ហើយខះអស់រលីង»។
នេះជាការរៀបរាប់របស់កសិករ លួន ធីម អាយុ ៧៣ឆ្នាំ ដែលសង្ឃឹមថា ការសាងសង់ទំនប់ស្ទាក់ទឹកទុករបស់លោកនឹងអាចជួយឱ្យលោក និងអ្នកភូមិមានទឹកប្រើប្រាស់ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សា ប៉ុន្តែ មិនយូរប៉ុន្មានទំនប់ដែលលោកបានសាងសង់ត្រូវបានបំផ្លាញដោយសារកម្លាំងទឹកហូរ។
ក្នុងឆ្នាំ២០១៩ ដោយមានកិច្ចសហការរវាងប្រជាជនក្នុងឃុំ និងមន្ទីរជំនាញ ក្រោមការណែនាំបច្ចេកទេសពីគម្រោងជីវិត និងធម្មជាតិ ទំនប់ស្ទាក់ទឹកថ្មីមួយចំនួនត្រូវបានសាងសង់ជាបន្តបន្ទាប់ក្នុងភូមិគោលដៅ។

ទំនប់ស្ទាក់ទឹកនេះត្រូវបានធ្វើឡើងដោយបេតុងជាថ្នាក់ៗនៅតាមដងអូរ ដោយទុកចន្លោះសម្រាប់ទឹកហូរ ក្នុងទំហំមួយសមស្រប។ ក្នុងអូរនីមួយៗមានទំនប់ស្ទាក់ទឹកពី៣ ទៅ៥។
ប្រជាជនឃុំពពក លោក មាស ឃឹម ដែលមានដីស្រែជាប់នឹងទំនប់ស្ទាក់ទឹកបានលើកឡើងថា ទំនប់នេះផ្ដល់ទឹកពេញលេញដល់ស្រែរបស់លោក ក៏ដូចជាអ្នកភូមិផ្សេងទៀតដែលធ្វើឱ្យទិន្នផលស្រូវមានការកើនឡើងជាងមុន និងមិនសូវធ្វើឱ្យពលរដ្ឋបារម្ភពីការខ្វះទឹកនារដូវប្រាំងដូចឆ្នាំមុនៗ ។
លោក មាស ឃឹម លើកឡើងថា៖ «ទឹកទំនប់នេះអត់មានហូរទៅណាទេ មានតែហូរចូលស្រែ និងហូរទៅតាមអូរខ្លះ។ ដល់ខែប្រាំងទំនប់នេះមានផលប្រយោជន៍ដល់គោក្របីទៀត អាចមានទឹកផឹកដល់គោក្របីនៅកន្លែងនេះ»។
មេភូមិពពក លោក សាន ថូ អាយុ ៤២ឆ្នាំ បាននិយាយថា សព្វថ្ងៃប្រជាពលរដ្ឋក្នុងភូមិលោកទាំងមូល បានប្រើប្រាស់ទំនប់ស្ទាក់ទឹកទាំងនេះ សម្រាប់ធ្វើស្រែប្រាំង ចិញ្ចឹមសត្វ ដាំបន្លែ និងអាចរកត្រីសាច់បានពីអូរទៀតផង។
លោកនិយាយថា៖ «គាត់(ប្រជាពលរដ្ឋ) អាចរកអនុផលពីទឹកបាន ដូចត្រីដូចអីវាអាចនៅ។ គាត់មានអង្រុត ជញ្ជាត់ទៅអាចបានត្រី ដោះស្រាយជីវភាពលក្ខណៈគ្រួសាររបស់គាត់ដែរ»។
ប្រជាជនក្នុងឃុំពពក បានឱ្យដឹងថា មុនពេលមានទំនប់ស្ទាក់ទឹកនេះ ប្រជាជនជួបការលំបាកយ៉ាងខ្លាំង ដោយសារប្រជាជនមានលទ្ធភាពប្រើប្រាស់ទឹកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ។ នៅរដូវប្រាំងទូទាំងឃុំពពក គ្មានទឹកសម្រាប់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វឡើយ។ នេះមានន័យថា អ្វីៗគ្រប់យ៉ាងត្រូវពឹងទៅលើទឹកភ្លៀង មានភ្លៀងអាចមានទឹក គ្មានភ្លៀងអ្វីៗក៏ស្វិតស្រពោនទៅតាមនោះដែរ។
មេឃុំពពក លោក កែវ នន មានប្រសាសន៍ថា ឃុំរបស់លោកជារៀងរាល់ខែប្រាំងតែងតែខ្វះខាតទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលរបស់ប្រជាជនឃុំផងដែរ ។
លោកថា៖ «ពីមុនឱ្យតែខែប្រាំងគឺដាច់ទឹកអស់ហើយ តែនៅពេលមានទំនប់គឺអាចរក្សាទឹកទុកបាន យើងអាចស្រោចស្រព ដូចជាដាំដំណាំពោត ដូចជាបន្លែអីផ្សេងៗទៅណាយើងអាចដាំបាន។ ក្នុងខែប្រាំងពលរដ្ឋត្រូវទៅរកទឹកនៅអូរដែលជ្រៅ កន្លែងណាអូរជ្រៅគឺមានទឹកនៅ កន្លែងណាដែលរាក់គឺដាច់(ទឹក)អស់ហើយ ត្រីអីក៏យ៉ាប់ដែរ»។
ដើម្បីទទួលបានទឹកប្រើប្រាស់ក្នុងរដូវប្រាំង ប្រជាជនមួយចំនួនបានស្តារ ឬជីកអណ្ដូងឱ្យជ្រៅជាងមុន ដើម្បីស្វែងរកប្រភពទឹកក្រោមដីថ្មី នេះបើតាមការបញ្ជាក់បន្ថែមរបស់មេភូមិពពក លោក សាន ថូ។
លោកថា៖ «ពេលដែលអត់ គាត់ជីអណ្ដូងកាន់តែជ្រៅ ជម្រៅកាន់តែជ្រៅ។ ពេលជ្រៅពេលខ្លះមានផលវិបាកប៉ះនឹងថ្មធំៗពិបាកចោះណាស់ ប៉ះក្រួសថ្មហ្នឹង ក្នុង១ថ្ងៃគាត់អាចជីកបានតែកន្លះម៉ែត្រទេ ហើយកន្លែងខ្លះមិនចំដង្ហើមទឹក ក៏វាមិនចេញដែរ»។
បច្ចុប្បន្ន ទំនប់ស្ទាក់ទឹកក្នុងឃុំពពក មានចំនួន៧ ដាក់បន្តគ្នាក្នុងអូរចំនួន៤ក្នុងឃុំ ដែលធ្វើឱ្យពលរដ្ឋក្នុងឃុំអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ព្រៃឈើដុះដាលតាមមាត់អូរ ក៏ដូចជាជម្រាបទឹកក្នុងដីបានឆ្អែតគ្រប់គ្រាន់ផងដែរ។
ក្នុងឆ្នាំ២០១៦ គម្រោងជីវិត និងធម្មជាតិរបស់អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិហៅកាត់ថា FAO បានចូលមកដាក់អនុវត្តន៍ក្នុងឃុំនេះ ដែលក្នុងនោះក៏មានការជួយលើការរៀបចំទីជម្រាលដែលសំដៅលើការគ្រប់គ្រងទឹកក្នុងឃុំផងដែរ។
មន្ត្រីសម្របសម្រួលនៃ FAO លោក ញ៉ក់ ស៊ីវើន បានឱ្យដឹងថា មូលហេតុដែលអង្គការនេះជ្រើសរើសឃុំពពក គឺជាភូមិដែលទទួលអនុវត្តន៍គម្រោងនេះ ដោយសារ ឃុំនេះជាឃុំមួយដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ លោកបន្ថែមថា គំនិតនៃការធ្វើទំនប់ស្ទាកទឹកនេះគឺជាគំនិតដើមរបស់ប្រជាពលរដ្ឋក្នុងឃុំនេះផ្ទាល់។
លោកថា៖ «ដំបូងឡើយ កសិករគាត់មានគំនិតធ្វើសំណង់ប្រហាក់ប្រហែលនេះដែរ តែគាត់ដាក់អីឡើងពេញ គោលបំណងរបស់គាត់គឺបង្វែរទឹកខាងនេះ(អូរ)ចូលស្រែរបស់គាត់។ […] ដល់អញ្ចឹងទៅ ពួកយើងចាប់ផ្ដើមរៀនសូត្រពីគាត់ ថាគាត់ត្រូវការអី ហើយហេតុអ្វីបានជាគាត់ធ្វើអាហ្នឹង? យើងបានយកគំនិតទាំងអស់ហ្នឹងយកមកប្រជុំពិភាក្សាជាមួយគាត់ ជជែកជាមួយគាត់ធ្វើផែនការជាមួយគ្នា។ សរុប គំនិតរបស់គាត់ហើយ យើងយកមកជជែកជាមួយអ្នកបច្ចេកទេស ខាងវិស្វកម្មឱ្យគាត់ជួយគូរប្លង់ ជួយពិនិត្យមើលថា ខ្វះអី អញ្ចឹងក្នុងលក្ខខណ្ឌនេះ គឺយើងយកគំនិតរបស់កសិករថាគាត់ត្រូវការទឹកអញ្ចឹង ហើយបានគាត់បិទទំនប់ហ្នឹង។ យើងបិទទំនប់ ដូចយើងឱ្យគាត់មានទឹកដូចគ្នា តែយើងរក្សាចរន្តទឹកឱ្យហូរមកក្រោមខ្លះកុំឱ្យដាច់អញ្ចឹង ដើម្បីធានាថាកុំឱ្យបាក់ដី ឬក៏ហូរច្រោះអីផ្សេងៗ»។
លោក ញ៉ក់ ស៊ីវើន មានប្រសាសន៍ថា ការគ្រប់គ្រងទឹកបានល្អគឺជួយដល់បរិស្ថានប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ដូចជាការរក្សាសំណើមក្នុង ដោយសារដីស្រូបយកទឹកពីផ្ទៃខាងលើបានឆ្អែត ការបំពេញប្រភពទឹកក្រោមដី ដែលជួយដល់ការធ្វើកសិកម្ម ក៏ដូចជាការរស់នៅរបស់ប្រជាជនផងដែរ។
លោក ញ៉ក់ ស៊ីវើន និយាយថា៖ «ទីមួយ គឺផលប្រយោជន៍សម្រាប់គ្រួសារកសិករ និងទីពីរ គឺផលប្រយោជន៍ទីជម្រាលទាំងមូល ឬក៍តំបន់ទេសភាពទាំងមូល។ គេអត់គិតតែរឿងបរិស្ថានទេ គឺគិតទៅលើកសិកម្ម ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច ប្រាក់ចំណូលផ្សេងៗសម្រាប់សហគមន៍ដែលនៅក្បែរទីជម្រាល»។
បើតាមលោក ញ៉ក់ ស៊ីវើន តាមរយ:ការគ្រប់គ្រងទីជម្រាលនៅឃុំពពកនេះ មានប្រជាជនប្រមាណជាង ៤០០គ្រួសារក្នុងឃុំពពក បានទទួលផលប្រយោជន៍ទាំងផ្ទាល់ និងប្រយោលពីប្រភពទឹកដែលបានទប់នេះ។
ក្រោមជំនួយរបស់ FAO មានមន្ទីរចំនួន០៣ នៅក្នុងខេត្តគោលដៅនីមួយៗជាដៃគូអនុវត្តគម្រោង រួមមានមន្ទីរកសិកម្ម មន្ទីរបរិស្ថាន និងមន្ទីរកិច្ចការនារី។ មន្ទីរបរិស្ថានគឺជាអ្នកសម្របសម្រួលក្នុងការអនុវត្តគម្រោងក្នុងផ្នែកគ្រប់គ្រងទីជម្រាល និងសហការជាមួយអ្នកពាក់ព័ន្ធក្នុងការសាងសង់សំណង់ស្ទាក់ទឹកខ្នាតតូចនេះ។
មន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ដៀប ពិសិដ្ឋ បានយល់ឃើញថា ទំនប់ស្ទាក់ទឹកនេះមិនទាន់អាចជួយដល់ប្រជាជនឃុំបានច្រើននៅឡើយទេ តែលោកទទួលស្គាល់ថា ទំនប់នេះជាជំហានដំបូងក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋឱ្យសម្របនឹងការប្រែប្រួលអាកាសធាតុ និងចេះពីវិធីរក្សាទឹកដែលមានប្រសិទ្ធិភាព។
លោកថា៖ «យើងមិនទាន់ប្រាកដថា ខែប្រាំងមានទឹកឬអត់ទេ មានទឹកគ្រាន់ដាំបន្លែ១ខែ២ខែនៅឡើយទេ។ តែវាអាចជួយក្នុងខែវស្សាហ្នឹងបានច្រើនជាងមុន ដោយសារកាលមុនភ្លៀងមកហ្នឹងទឹកច្រើនណាស់។ ដល់ពេលមកអញ្ចឹងទៅ តែ២ថ្ងៃហូរអស់ដោយសារវាអត់មានអីទប់ ហើយវាហូរលឿនដែលមិនស្រួលបែកចេញពីអូរទៀតទៅជាមានផ្លូវផ្សេង ហូរលើដីស្រែធ្វើឱ្យមានការហូរច្រោះ។ ដល់ឥឡូវយើងមានការទប់អញ្ចឹងទៅ វាអាចជួយបានក្នុងខែវស្សាហ្នឹង។ ជំហានដំបូងគឺខែវស្សា ពីមុនបើទោះបីខែវស្សាក៏អត់ទឹកដែរ ខ្វះដែរ»។
មន្ត្រីសហការអនុវត្តគម្រោងនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក សឿ ចាន់ដារ៉ារិទ្ធិ បានប៉ាន់ប្រមាណថា ទំនប់នេះនឹងនៅតែរក្សាទឹកក្នុងរដូវប្រាំងបន្តទៀត ហើយអ្វីដែលសំខាន់នោះគឺការជ្រាបទឹកចូលក្នុងដីបានឆ្អែត មិនមានហូរចោលច្រើនដូចកាលពីមុន។
លោក ចាន់ ដារ៉ារិទ្ធិ និយាយថា៖ «ទំនប់ស្ទាក់ទឹកហ្នឹង សាងសង់ដើម្បីកាត់បន្ថយការហូរទឹកចោល ដែលហូរលឿនចោលចុះទៅក្រោម។ ទំនប់សំខាន់ណាស់បញ្ជ្រាបទឹកទៅក្រោម (រក្សាទឹកក្នុងដី) បានន័យថា ទឹកតំបន់ហ្នឹងច្រើន»។
ការប្រែប្រួលអាកាសធាតុនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើឱ្យរដូវប្រាំងកាន់តែយូរ និងហួតហែងខ្លាំង បានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។
លោក ញ៉ក់ ស៊ីវើន មានប្រសាសន៍ថា ការជួយពលរដ្ឋក្នុងការស្ទាក់ទឹកនេះគឺគ្រាន់តែជាផ្នែកតូចមួយជួយដល់ពលរដ្ឋងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ក្នុងខណៈដែលគម្រោងកំពុងជួយជំរុញរាជរដ្ឋាភិបាលអោយជួយប្រជាពលរដ្ឋបន្ថែម ក្នុងពេលដែលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនេះ។
លោក ញ៉ក់ ស៊ីវើន ផ្ដល់ជាយោបល់ថា៖ «រដ្ឋាភិបាលនឹងត្រូវការថវិកាច្រើនដើម្បីជួយដល់កសិករ បើសិនជាអត់ឱ្យគាត់មានសមត្ថភាពបន្សាំទេ! ព្រោះអាហ្នឹងជាការខាតបង់ថ្នាក់ជាតិមួយ ទី២ សហគមន៍ខ្លួនឯងនឹងប្រឈមនឹងការបាត់បង់ស្បៀងអាហារសម្រាប់បរិភោគ ហើយប្រាក់ចំណូលអីផ្សេងៗហ្នឹងគឺជារឿងមួយសំខាន់មែនទែនដែលយើងត្រូវគិតនោះណា។ វាជារឿងចាំបាច់បំផុត ហើយត្រូវតែធ្វើពីឥឡូវជាមួយការប្រែប្រួលអាកាសធាតុនេះ អត់អាចត្រូវពន្យារពេលបានទេ។ យើងត្រូវ commit [ប្រឹងប្រែង] ទាំងអស់គ្នា បើអត់ធ្វើទាំងអស់គ្នាទេ ខាងមុខយើងនឹងប្រឈមច្រើន»៕