ស្នងការរាជធានីភ្នំពេញថាកំពុង​ស្វែងរកជនសង្ស័យ៣នាក់ដែលស្ទាក់​ប្លន់ស្រ្តីជនជាតិកូរ៉េពេល​ជិះរ៉ឺម៉ក់​កង់បី​

សកម្មភាពប្លន់ស្ត្រីជនជាតិកូរ៉េ ថតដោយកាមេរ៉ាសុវត្ថិភាព ដោយហេតុការណ៍បានកើតឡើងតាម​បណ្តោយផ្លូវ​ជាសុផារ៉ា​កាលពីយប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នា២០១៩។ (បណ្ដាញសង្គម)

ស្នងការរាជធានីភ្នំពេញ លោក ស ថេត អះអាងថា សមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យបីនាក់ ដែលស្ទាក់​ប្លន់យកទ្រព្យសម្បត្តិពីស្ត្រីជនជាតិកូរ៉េម្នាក់​តាម​បណ្តោយផ្លូវ​ជាសុផារ៉ា​កាលពីយប់​ថ្ងៃទី​២៦ ខែវិច្ឆិកា។

លោក ស ថេត ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជនជាតិកូរ៉េ ពាក់ព័ន្ធនឹងជនជាតិចិន៣នាក់ បើករថយន្តស្ទាក់ពេលស្រ្តី​រូបនោះ​ជិះរ៉ឺម៉ក់កង់បី តាមផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

ស្នងការរូបនោះអះអាងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់រួចហើយ​។

យ៉ាងណាក៏ដោយ លោក ស ថេត បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៩​ ខែវិច្ឆិកានេះ សមត្ថកិច្ចមិនទាន់ស្រាវជ្រាវឃើញតម្រុយជនសង្ស័យនៅឡើយ។

អ្នកបើករ៉ឺម៉ក់កង់បី បាននិយាយប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា មុនពេលកើតហេតុ លោកបានដឹកជនជាតិកូរ៉េនោះពីម្តុំអូឡាំពិក ឆ្ពោះទៅកាន់បុរីប៉េងហួត ផ្លូវជាសុផារ៉ា ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។ ប៉ុន្តែ នៅពេលធ្វើដំណើរទៅដល់ក្បែររបងផ្ទះលោក ជា សុផារ៉ា ត្រូវបានជនសង្ស័យចំនួន៣នាក់ដែលជាជនជាតិចិនជិះរថយន្តម៉ាកស្តារីច ស្ទាក់រ៉ឺម៉ក់​របស់​លោក ប្លន់យកទ្រព្យសម្បត្តិជនជាតិកូរ៉េនោះ រួចគេចខ្លួនបាត់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ