មនុស្ស ៨នាក់ដែលសុទ្ធតែជំនិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវបានរដ្ឋាភិបាលស៊ីប(Cyprus)សម្រេចដកហូតហូតសញ្ជាតិ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានបរទេស។
សារព័ត៌មាន Financial Mirror របស់ប្រទេសស៊ីប បានចុះផ្សាយកាលពីថ្ងៃទី២៧វិច្ឆិកាកន្លងមកថា រដ្ឋាភិបាលប្រទេសនេះនឹងដកហូតសញ្ជាតិពីជនបរទេស ២៦នាក់ ដែលទទួលបានលិខិតឆ្លងដែនសហភាពអឺរ៉ុប ជាថ្នូរនឹងការវិនិយោគទឹកប្រាក់ប្រហែល ២លានអឺរ៉ូ ឬខ្ទង់ ២.២លានដុល្លារអាមេរិក។
សារព័ត៌មានដដែលនេះ បានចុះផ្សាយបន្តថា ជនបរទេសទាំង ២៦រូបនោះ មានជនជាតិរុស្ស៊ី ១០រូប ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ជនជាតិចិន ៥នាក់ ដែលជាសាច់ញាតិរបស់លោក ចាង ហ្សឺមីន (Zhang Shumin) ដែលត្រូវបានចោទថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរត់ពន្ធមាសខុសច្បាប់ និងជនជាតិកេនយ៉ា ២នាក់។
បើតាមសេចក្ដីរាយការណ៍នោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងបុគ្គលកមានឥទ្ធិពលរបស់កម្ពុជា ៨រូប ក៏ស្ថិតនៅក្នុងចំណោមជនបរទេស ២៦រូប ដែលរដ្ឋាភិបាលស៊ីបបញ្ជាក់ថា នឹងត្រូវដកហូតសញ្ជាតិផងដែរ។
The Financial Mirror បានបញ្ជាក់ទៀតថា ជនជាតិខ្មែរទាំង ៨នាក់នោះ រួមមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និងភរិយារបស់គាត់ អ្នកស្រី អ៊ឹម ផល្លិកា, អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងភរិយារបស់លោក គឺអ្នកស្រី ហ៊ុន គឹមឡេង ដែលជាក្មួយស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនស្រី ២នាក់, អ្នកស្រី ជឹង សុភាព ហៅយាយ ភូ និងស្វាមីរបស់គាត់ គឺលោក ឡៅ ម៉េងឃីន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសស៊ីប លោក Constantinos Petrides ថ្លែងប្រាប់សារព័ត៌មាន BBC អង់គ្លេសកាលពីដើមខែវិច្ឆិកាថា រដ្ឋាភិបាលស៊ីប និយាយថា ខ្លួននឹងដកហូត«លិខិតឆ្លងដែនមាស» ដែលបានទិញដោយវិនិយោគិនបរទេសចំនួន ២៦នាក់ និងសមាជិកគ្រួសារមកពីខាងក្រៅសហភាពអឺរ៉ុប។
វិអូឌីមិនទាន់អាចទាក់ទងបុគ្គលជាន់ខ្ពស់ទាំង ៨នាក់ដែលមានឈ្មោះក្នុងបញ្ជីដកហូតសញ្ជាតិរបស់ស៊ីបបាននៅឡើយនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។
បុគ្គលទាំង ៨រូបនោះ មិនបានបញ្ចេញប្រតិកម្មណាមួយទេ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយអត្ថបទព័ត៌មានជុំវិញការទទួលបានសញ្ជាតិស៊ីបនេះទេ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកមិនជឿថា មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងនោះចង់បានសញ្ជាតិបរទេសឡើយ៕