មន្ត្រី​ជាន់​ខ្ពស់​​កម្ពុជា ​និង​បុគ្គល​​មាន​ឥទ្ធិពល​​៨រូប​ប្រឈមនឹងការដកហូតសញ្ជាតិស៊ីប

​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន (លើ) – អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន (ឆ្វេង) និង អ្នកស្រី ជឹង សុភាព ហៅ​ យាយ ភូ និង​ស្វាមី​របស់​គាត់ គឺ​លោក ឡៅ ម៉េងឃីន។ (បណ្ដាញសង្គម)

មនុស្ស ៨​នាក់​ដែល​សុទ្ធ​តែ​ជំនិត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីប​(Cyprus)សម្រេច​ដក​​ហូត​សញ្ជាតិ​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​បរទេស។

សារព័ត៌មាន Financial Mirror របស់​ប្រទេស​ស៊ីប បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​​កន្លង​មក​ថា រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ដក​ហូត​សញ្ជាតិ​ពី​ជន​បរទេស ២៦​នាក់ ដែល​ទទួល​បាន​​លិខិត​ឆ្លង​ដែន​សហភាព​អឺរ៉ុប ជា​ថ្នូរ​នឹង​ការ​វិនិយោគ​ទឹក​ប្រាក់​ប្រហែល ២​លាន​អឺរ៉ូ ឬ​​ខ្ទង់ ២.២​លាន​ដុល្លារ​អាមេរិក។

សារព័ត៌មាន​ដដែល​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ជន​បរទេសទាំង ២៦​រូប​នោះ មាន​ជន​ជាតិ​រុស្ស៊ី ១០​រូប ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ជន​ជាតិ​ចិន ៥​នាក់ ដែល​ជា​សាច់​ញាតិ​របស់​លោក ចាង ហ្សឺមីន (Zhang Shumin) ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​រត់​ពន្ធ​មាស​ខុស​ច្បាប់ និង​ជន​ជាតិ​កេនយ៉ា ២​នាក់។

បើ​តាម​សេចក្ដី​រាយការណ៍​នោះ ​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល និង​បុគ្គលមាន​ឥទ្ធិពល​របស់​កម្ពុជា ៨​រូប​ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​បរទេស ២៦​រូប ដែល​រដ្ឋាភិបាល​ស៊ីប​បញ្ជាក់​ថា​ នឹង​ត្រូវ​ដក​ហូត​សញ្ជាតិ​ផង​ដែរ។

The Financial Mirror បានបញ្ជាក់ទៀតថា ជនជាតិខ្មែរទាំង ៨នាក់នោះ រួមមាន ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និង​ភរិយា​​​របស់​គាត់ អ្នកស្រី អ៊ឹម ផល្លិកា, អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ក្មួយ​ស្រី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​កូនស្រី ២​នាក់, អ្នកស្រី ជឹង សុភាព ហៅ​ យាយ ភូ និង​ស្វាមី​របស់​គាត់ គឺ​លោក ឡៅ ម៉េងឃីន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសស៊ីប លោក Constantinos Petrides ថ្លែងប្រាប់សារព័ត៌មាន BBC អង់គ្លេសកាលពីដើមខែវិច្ឆិកាថា រដ្ឋាភិបាលស៊ីប និយាយថា ខ្លួននឹងដកហូត «លិខិត​​ឆ្លងដែនមាស» ដែលបានទិញដោយវិនិយោគិនបរទេសចំនួន ២៦​នាក់ និងសមាជិកគ្រួសារមកពីខាងក្រៅសហភាពអឺរ៉ុប។

វីអូឌីមិនទាន់អាចទាក់ទងបុគ្គលជាន់​ខ្ពស់​ទាំង​ ៨នាក់ដែលមានឈ្មោះក្នុងបញ្ជីដកហូតសញ្ជាតិរបស់ស៊ីបបាននៅឡើយនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។

បុគ្គល​ទាំង ៨​រូប​នោះ មិនបានបញ្ចេញប្រតិកម្មណាមួយទេ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយអត្ថបទព័ត៌មានជុំវិញការទទួលបានសញ្ជាតិស៊ីបនេះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ធ្លាប់មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកមិនជឿថា មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងនោះចង់បានសញ្ជាតិបរទេសឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ