វិភាគ​៖ តើ​ការ​ប្តេជ្ញា​ស្ដារទំនាក់ទំនង​ជាមួយ​អាមេរិក​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

កាលពី​សប្តាហ៍​មុន​ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​តប​ទៅ​ប្រធានាធិបតី​អាមេរិក ​លោក​ ដូ​ណាល់​ ត្រាំ​ ដោយ​យល់​ព្រម​បង្កើត​ក្រុមការងារ​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្ដា​រទំនាក់ទំនង​ការទូត​ឡើងវិញ​។

លោក​ ហ៊ុន​ សែន​ បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ មួយ​ផ្នែក​នៃ​វិបុលភាព​របស់​កម្ពុជា​ ពិតជា​បាន​ពី​ការចូលរួម​វិភាគទាន​របស់​អាមេរិក​ រួម​ទាំង​ទីផ្សារ​ដ៏​ទូលំទូលាយ​ ហើយ​លោក​​បង្ហាញ​ជំហ​រថា​ មិន​ត្រូវ​ធ្វើ​ឱ្យ​បញ្ហា​ខ្លះ​ក្លាយជា​ចំណាប់ខ្មាំង​​នៃប្រវត្តិ​សា​ស្ដ្រ​​ប្រទេស​ទាំងពីរ​នោះ​ទេ​។

ក្នុង​​លិខិត​ចុះ​ថ្ងៃទី១ ខែ​វិច្ឆិកា លោក​ ដូ​ណាល់​ ត្រាំ​ វិញ​ ​បាន​ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា​ វា​មាន​សារៈសំខាន់​ណាស់​​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​ ដែល​កម្ពុជា​ត្រឡប់​វិល​ទៅ​រ​កមាគ៌ា​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​វិញ​ ដោយ​​ព្រមាន​ថា​ កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ហានិភ័យ​។

សារ​ឆ្លើយឆ្លង​នេះ​ បង្ហើ​តជា​សំណួរ​ថា​ តើ​ការប្តេជ្ញា​ស្ដារទំនាក់ទំនង​ជាមួយ​អាមេរិក​នឹង​វិវឌ្ឍ​ទៅ​បែប​ណា​?

អ្នកវិភាគ​ និងតាម​ដាន​ស្ថានការណ៍​នយោបាយ​​កម្ពុជា បង្ហាញ​កា​រ​យល់ឃើញ​ផ្សេងៗគ្នា​។ អ្នកវិភាគ​នយោបាយ ​លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ ហៅ​ការ​បោះ​សារ​ឆ្លើយ​ឆ្លងនេះ​ថា​ វា​អាច​ជួប​ឧបសគ្គ​ ឬបរាជ័យ​តែ​ម្ដ​ង។

លោក​ ឡៅ​ ម៉ុង​ហៃ​ វិភាគ​ថា​ បញ្ហា​វា​នៅត្រង់​ថា​ ការ​ស្ដារ​ទំនាក់ទំនង​នេះ​៖ «តម្រូវ​ឱ្យ​កម្ពុជា​ត្រូវ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ធានា​សិទ្ធិមនុស្ស​ គោរពច្បាប់​ និង​រៀបចំ​ការបោះឆ្នោត​សេរី​ និង​យុត្តិធម៌​ និង​ប្រកាន់យក​​អព្យាក្រឹតភាព​ ដែល​ទាំងអស់​នេះ​ មានកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣​ និង​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​​ប៉ារីស ឆ្នាំ១៩៩១​»

ប៉ុន្តែ​ អ្នកវិភាគ​រូប​នេះ​ លើក​ហេតុផល​ថា​ បើ​គេ​ពិនិត្យមើល​ពី​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​វិញ​ មាន​ប្រភព​ពី​ប្រទេស​កុម្មុយ​នី​ស្ដ​ ដូច​ជា​វៀតណាម​ និង​រុស្ស៊ី​ ធ្វើ​ឱ្យ​ផ្លូវ​ទៅ​រក​ប្រជាធិបតេយ្យ​អាច​នឹង​ជួប​ឧបសគ្គ។

អ្នកវិភាគ​នយោបាយ​ លោក​ គឹម​ សុខ​ បង្ហាញ​ការយល់ឃើញ​ថា​ ការជំរុញ​របស់​សហរដ្ឋ​អាមេរិក​ អាច​ជា​ការ​រុញ​កម្ពុជា​ឱ្យ​ចូល​គន្លង​ប្រជាធិបតេយ្យ​វិញ​ តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ទប់​ឥទ្ធិ​ពលមហាអំណាច​ចិន​។

លោក គឹម សុខ និយាយ​​ថា​៖ «អ្វី​ដែល​សហរដ្ឋ​អាមេរិក​ត្រូវការ​ពី​កម្ពុជា ​គឺជា​លក្ខខណ្ឌ​ស្ដា​រប្រ​ជា​ធិប​តេយ្យ​ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​លូកដៃ​ពី​ចិន ​ដែល​តែងតែ​ប្រើប្រាស់​កម្ពុជា​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ការទូត​ខ្លះ​របស់​អាមេរិក​កាំង​នៅ​អាស៊ី​អាគ្នេយ៍​ និង​ជា​ការទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​ផង​ដែរ​»

លោក​ គឹម​ សុខ​ វិភាគ​ថា​ មេដឹកនាំ​បក្ស​កាន់អំណាច​របស់​កម្ពុជា​វិញ​ អាច​នឹង​ចាប់​យក​ឱកាស​នេះ​ ដើម្បី​ស្វែង​រក​សម្បទាន​ណាមួយ​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្ដារមុ​ខមាត់​របស់​ខ្លួន​​នៅ​លើឆាកអន្តរជាតិ​​ឡើង​វិញ។

ប៉ុន្តែ​ អ្នកវិភាគ​រូប​នេះ​ អះអាង​ថា​ បើ​គេ​វិភាគ​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​ជាង ២ឆ្នាំ​មកនេះ​ រួម​ទាំង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ផង​ វា​ពិបាក​ជឿ​ថា​ មេដឹកនាំ​បច្ចុប្បន្ន​ ព្រម​ដើរចូល​គន្លង​ប្រជាធិបតេយ្យ​វិញ​ដើម្បី​ផ្សះផ្សា​ជាតិ​។

លោក​ គឹម សុខ និយាយ​បន្ត​ថា​៖ «ហើយ​ប្រសិន​បាន​សម្បទាន​ខ្លះ​ពី​សហរដ្ឋ​អាមេរិក​ ក៏​លោក​ ហ៊ុន​ សែន​ មិន​ងាយ​គិត​គូ​រដោយ​ស្មោះត្រង់​ក្នុង​ការ​វិល​ទៅកាន់​ប្រជាធិបតេយ្យ​វិញ​ដែរ​។ ក៏ប៉ុន្តែ ​គាត់​នឹង​រៀប​ឫក​ប្រើ​ល្បិច​ក្នុង​ឈ្មោះ​សន្ទនា​ការទូត​ ដើម្បី​អូស​បន្លាយពេល​វេលា​រៀបចំ​ផែនការ​បន្តអំណាច​របស់​គាត់​ដដែល​ហ្នឹង​»

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​មិន​ទទួលស្គាល់​ជ័យជម្នះ​របស់​គណបក្សប្រជាជន​កម្ពុជា ​អំឡុង​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​ការបោះឆ្នោត​នោះ ​បាន​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​បាន​ចូលរួម​នោះ​ឡើយ។

ជាង​នេះ​ទៅទៀត​ សហរដ្ឋ​អាមេរិក​ តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​របស់​ខ្លួន​ អំឡុង​ខែកញ្ញា​ឆ្នាំ២០១៩នេះ​ បាន​ចាត់ទុក​ការ​ចាប់​ឃុំខ្លួន​​មេ​ដឹក​បក្ស​ប្រឆាំង​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ថា​ជា​ជំ​ហា​ន «បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​កិច្ច​សន្ទនា​នយោបាយ​ឡើងវិញ​ ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​។

ស្ថាន​ការ​ណ៍នយោបាយ​មួយ​រយៈ​ចុងក្រោយ​ មិនមែន​មានតែ​អ្នកនយោបាយ​ប្រឆាំង​ទេ​ ដែល​រង​ការ​គំរាមកំហែង​ សូម្បី វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ​របស់​អាមេរិក ​ហៅ​ (NDI​) ដែល​ធ្វើការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក៏​ត្រូវ​បា​នប​ណ្ដេ​ញចេញពី​កម្ពុជា​ដែរ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ សិទ្ធិ​បោះឆ្នោត​ អភិបាលកិច្ច​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យស​រុប​ជាង ៣០០ស្ថាប័ន ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ក្នុង​បញ្ជី​ឃ្លាំមើល​ជា​ក្រុម​បដិវត្ត​ន៍ពណ៌​ប្រឆាំង​រដ្ឋាភិបាល​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ ហៅ​សារ​ឆ្លើយឆ្លង​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ប្រធានាធិបតី​អាមេរិក​​ថា ​ជាស​ញ្ញ្ញា​វិជ្ជមាន​មួយ​នៃ​ផ្លូវ​វិល​ទៅ​រក​ការ​ស្ដា​រប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​ ប៉ុន្តែ​ លោក​ថា​ វា​លឿន​ ឬយឺត​អា​ស្រ័យ​លើ​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​ដែល​គ្រោង​ធ្វើការ​ជាមួយគ្នា​។

លោក​ ឯម​ សុវណ្ណ​រ៉ា​ ហាក់​មាន​ជំនឿ​ថា​ រដ្ឋាភិបាល​ទំនងជា​គ្មាន​ជម្រើសអ្វី​​ក្រៅពី​បង្ខំចិត្ត​​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ​នោះ​ទេ​ បើ​ទោះបីជា​មហាអំណាច​ចិន​គាំទ្រ​គ្រប់​ចំណាត់ការ​​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ​ ដោយ​ថា​ អាមេរិក​មាន​ឥទ្ធិពល​ទាំង​ក្នុង​តំបន់​ និង​នៅ​លើឆាកអន្តរជាតិ​ ដែល​កម្ពុជា​ជា​ប្រទេស​តូច​មួយ​មិន​អាច​ប្រឆាំង​បាន​។

លោក ឯម សុវណ្ណរ៉ា និយាយ​​ថា​៖ «បើសិន​កម្ពុជា​បដិសេធ​ សួរ​ថា ​បដិសេធ​បាន​កម្រិត​ណា​? ហើយ​ចិន​អាច​ជំនួស​សហរដ្ឋ​អាមេរិក​បាន​កម្រិត​ណា​? យើង​មើលតែ​ជម្លោះ​ពាណិជ្ជកម្ម​ការទូត​ហ្នឹង​ ចិន​មិន​អាច​ជំនួស​​សហរដ្ឋ​អាមេរិក​បាន​ផង​»

លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ទៀត​ថា​ មួយវិញទៀត​ ឥទ្ធិពល​នេះ​ អាមេរិក​ក៏​ត្រៀម​ស​ម្រាប់​ចាប់បង្ខំ​កម្ពុជា​ឱ្យ​វិល​​ចូល​គន្លង​ប្រជាធិបតេយ្យ​វិញ​ផង​ដែរ​ តាមរយៈ​វិធានការ​បង្កក​ទ្រ​ព្យស​ម្ប​ត្តិ​ និង​ទិដ្ឋការ​ ជាដើម​។

លោក ឯម សុវណ្ណរ៉ា បន្ត​​ថា​៖ «ប្រសិនបើ​កម្ពុជា​មិន​ឆ្លើយតបទៅនឹង​គោលការណ៍​ដែល​សហរដ្ឋ​អាមេរិក​លើកឡើង​ទេ​ ខ្ញុំ​ថា ​កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ ដូចជា​ អា​ច្បាប់ ​HR526 ​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធិប្រជាធិបតេយ្យ​ ឆ្នាំ២០១៩ នៅ​កម្ពុជា​ហ្នឹង ​ដូច​ចេញ​លឿន​។ ការអនុវត្ត​បង្កក​ទ្រ​ព្យស​ម្ប​ត្តិ​ឥស្សរជន​នឹង​ចេញ​ហើយ​ និង​មាន​វិធាន​ការ​ផ្សេង​ៗទៀត​អាច​នឹង​ចេញ​បន្តបន្ទាប់​»

លោក​ ដូ​ណាល់​ ត្រាំ​ លើកឡើង​ក្នុង​លិខិត​នោះ​ថា​ ប៉ុន្មាន​ឆ្នាំ​មកនេះ​ ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ បាន​ពើបប្រទះ​នឹង​ការ​លំបាក​ ប៉ុន្តែ​ លោក​ថា​ ភាព​រកាំរកូស​នេះ​ មិន​បម្រើ​ប្រយោជន៍​នៃ​ប្រជាជន​អាមេរិក​ និង​កម្ពុជា​ទេ​។

ម្យ៉ាង​វិញទៀត​ អាមេរិក​ធានា​ថា​ ខ្លួន​គោរព​ឆន្ទៈ និង​អធិបតេយ្យ​ភាព​របស់​ប្រជាជន​កម្ពុជា​ និង​មិន​គាំទ្រ​ឱ្យ​មានការ​ប្តូរ​របប​ឡើយ​។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ ជំពូក៤​ ស្ដី​ពី​របបនយោបាយ​ មាត្រា ៥១ចែងថា ​«ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន​។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​»។

លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ថា​ សារ​នេះ​បង្ហាញថា​ អាមេរិក​មិន​បណ្ដោ​យឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើរថយក្រោយ​ដោយសារតែ​ឥទ្ធិ​ពលមហាអំណាច​ចិន​នោះ​ទេ​ ព្រោះ​ការជំរុញ​របស់​អាមេរិក​ ស្របតាម​ធម្មនុញ្ញ​របស់​កម្ពុជា​។

ចំណែក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ វិញ​ បាន​ឆ្លើយតប​តាម​លិខិត​នោះ​ដែរ​ថា​ លោក​អរគុណ​ចំពោះ​ការយោគយល់​ និង​ការ​អត់ធ្មត់​របស់​មេដឹកនាំ​អាមេរិក​ ដោយ​ថា​ កម្ពុជា​មាន​ប្រជាធិបតេយ្យ​ក្មេង​ខ្ចីនៅឡើយ​។

សា​ស្ដ្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ ​Occidental​ College​ ​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋ​អាមេរិក​ ​បណ្ឌិត​ អៀ​ សុផល​ ​ហៅ​សារ​ឆ្លើយ​ឆ្លើ​ងនេះថា ​ពិតជា​មានការ​សន្ទនា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​។

​ប៉ុន្តែ​ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ​ វិភាគ​ថា​ ក្ដី​សង្ឃឹម​ហាក់​ស្ថិត​ក្នុង​ភាព​ងងឹត​នៅឡើយ​ ដោយ​លោក​អះអាង​ថា​ វា​ហាក់បីដូចជា​ទូក​បើក​លើ​ផ្ទៃ​ទឹក​ក្នុង​ពេលយប់​ ឬដូច​ជា​ ក្នុង​ផ្ទះ​បើកភ្លើង​ចោល​ តែ​គ្មាន​នរណា​ម្នាក់​មក​ចូល​ស្នាក់នៅ​។

លោក​ អៀ​ សុផល​ បង្ហាញការយល់ឃើញថា​ សញ្ញាវិជ្ជមាននៃការស្ដារប្រជាធិបតេយ្យរបស់កម្ពុជា ​​ត្រូវការពេលតាមដានបន្ថែមទៀត ដោយលោកថា មេដឹកនាំកម្ពុជាទំនង​ជាមិន​លះបង់​ការ​កាន់អំណាច​ដោយ​ឯក​បក្ស​នោះ​ទេ​ ប៉ុន្តែ​ អាមេរិក​នៅតែ​បន្ត​ជំរុញ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ