ក្រសួងបដិសេធការផ្សាយរបស់​អាស៊ី​សេរី​ដែលថាលោក ស ខេង នៅតែបញ្ជាឲ្យចាប់ខ្លួនអ្នករួម​ដំណើរទទួលលោក សម រង្ស៊ី

លោក ស​ ខេង រង់ចាំទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកាខ្សែក្រវ៉ាតនិងផ្លូវលើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០១៩។ (ហួត វុទ្ធី)

ក្រសួងមហាផ្ទៃ បដិសេធចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលថា លោក ស ខេង នៅតែបន្តបញ្ជាឲ្យតាម​ចាប់ខ្លួនអ្នកចូលរួម​អម​ដំណើរ​ និង​ទទួល​លោក សម រង្ស៊ី។

ក្នុងលិខិតមួយចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ក្នុងការផ្សាយព័ត៌មានជាវីដេអូរ​បស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចោទប្រកាន់មិនត្រឹមត្រូវទៅលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយថា លោក ស ខេង បានបញ្ជាទៅសមត្ថកិច្ចក្រោមឱវាទរបស់ខ្លួនតាមចាប់ខ្លួនរាល់មុខសញ្ញាអ្នកចូលរួមដំណើរ និងអ្នកទទួលដំណើរលោក សម រង្ស៊ី ដោយមិនរើសមុខ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្តថា វិទ្យុអាស៊ីសេរីចុះផ្សាយចំណុចផ្សេងៗជាច្រើនទៀតអំពីលោក ស ខេង ហើយក្រសួងមហាផ្ទៃបានចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរីបែបនេះ អាចនាំឲ្យសាធារណជនមានការយល់ច្រឡំលើការដឹកនាំរបស់លោក ស ខេង ។

អ្នកនាំពាក្យរូបនេះអះអាងថា កម្ពុជាជាប្រទេសប្រកាន់នីតិរដ្ឋ ដែលប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន និងសេរីភាពក្នុងការជួបប្រជុំ ជាដើម។ ប៉ុន្តែ ក្រសួងមហាផ្ទៃមិនឲ្យជនណាមួយឆ្លៀតឱកាសយកសិទ្ធិនេះទៅរំលោភលើសិទ្ធិអ្នកដទៃ ទំនៀមទម្លាប់ល្អរបស់សង្គម រួមទាំងសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបានឡើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអំពាវនាវទៅវិទ្យុអាស៊ីសេរីឲ្យផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ​ ថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។

រហូតដល់ម៉ោងបីរសៀល​ថ្ងៃទី​៣ ខែធ្នូនេះ វីអូឌី មិន​ទាន់​ទទួលបាន​ការឆ្លើយតបណាមួយពី​លោក​ ជុន ចាន់បុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ជាខេមរភាសាបាន​នៅឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​ ចាប់ផ្តើម​ផ្សាយ​ជា​ភាសាខ្មែរ​តាំងពី​ឆ្នាំ១៩៩៧មក​ម្ល៉េះ​ ប៉ុន្តែ ស្ថាប័ននេះបាន​បិទការិយាល័យរបស់​ខ្លួននៅរាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៧។ កាលពីឆ្នាំ២០១៤ វិទ្យុនេះត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយ​ចោទ​ថា ជា​ស្ថាប័នព័ត៌មានកាន់ជើងបក្សប្រឆាំង និងមានចេតនាអាក្រក់មកលើរដ្ឋាភិបាល​កម្ពុជា។

ទោះយ៉ាងណាក៏ដោយ នាយក​គ្រប់គ្រង​ការិយាល័យ​អាស៊ី​សេរី​ប្រចាំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ លោក​ Matthew​ Pennington​ បាន​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩​ អំពី​ការ​បើក​ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសាខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​។ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បាន​យល់​ព្រម ​តែ​តម្រូវ​ឱ្យ​វិទ្យុ​អាស៊ី​សេរី​សុំច្បាប់​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួងព័ត៌មាន​ និង​លុបចោល​នូវ​ការប្រើ​ប្រាស់​ពាក្យ​ «របប​ក្រុងភ្នំពេញ​» ឬពាក្យ​ «របប​លោក​ ហ៊ុន​ សែន​» ចេញពី​សេចក្ដីរាយការណ៍​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ