លោក ហ៊ុន សែន ថាជំនួយពីសប្បុរសជនធ្វើឱ្យពេទ្យកាល់ម៉ែតកាន់តែមានប្រសិទ្ធភាព

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងការិយាល័យធ្វើការរបស់គាត់(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា ជំនួយពីសប្បុរសជនគឺគ្រប់គ្រាន់ហើយ សម្រាប់ធ្វើទំនើបកម្មដល់មន្ទីរពេទ្យកាល់ម៉ែត ដែលមានលទ្ធភាពពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពជាងមុន។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា គិតត្រឹមព្រឹកថ្ងៃទី៦ខែធ្នូ ទឹកប្រាក់ដែលសប្បុរសជនជួយដល់មន្ទីរពេទ្យកាល់ម៉ែតតាមការអំពាវនាវរបស់លោកមានចំនួនជាង៧០លានដុល្លារ និងលុយខ្មែរមានជាង៣២លានរៀល។ លោកបន្តថា បូកថែមទាំងលុយរដ្ឋ៣០លានដុល្លារបន្ថែមទៀតគឺមានជាង១០០លានដុល្លារ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត។

លោក ហ៊ុន សែន៖«បើគិតទាំងថវិកា៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង
ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស
សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជន
យើងឱ្យកាន់តែមានប្រសិទ្ធភាព។»


កាលពីថ្ងៃទី២៤ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា ក្រោយពេលលោកទៅកំដរម្តាយក្មេកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត គឺបានសង្កេតឃើញថា មន្ទីរពេទ្យនេះដើរតួនាទីសំខាន់សម្រាប់ពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋ ប៉ុន្តែខ្វះខាត។ លោកសម្រេចទម្លាក់លុយរដ្ឋ៣០លានដុល្លារដល់មន្ទីរពេទ្យនេះ និងអំពាវនាវឱ្យសប្បុរសជនជួយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ