សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចាប់ខ្លួនមនុស្សជិត​១ម៉ឺន​៩ពាន់​នាក់ នៅ​ឆ្នាំ២០១៩

កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញគ្រឿងញៀនដែលមានលក្ខណៈដ៏សម្បើមពុំដែលបង្ក្រាបបានក្នុងរយៈពេលកន្លមក លើទឹកដីខេត្តកំពង់ធំគឺចំនួន៥៣កញ្ចប់ ទម្ងន់៥៣គីឡូក្រាម និងមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនចំនួន ០៤នាក់។(អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ចបង្រ្កាបគ្រឿងញៀនចាប់ខ្លួនមនុស្សជិត ១ម៉ឺន៩ពាន់នាក់ និងថ្នាំញៀនជាង៦៧៦គីឡូក្រាម ក្នុងបទល្មើសជាង៩ពាន់ករណី នៅទូទាំងប្រទេស គិតក្នុងរយៈពេលជាង១១ខែដើមឆ្នាំ២០១៩។

តាមរបាយការណ៍បូកសរុបលទ្ធផលបង្រ្កាបបទល្មើសគ្រឿងញៀនប្រចាំខែវិច្ឆិកា របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឱ្យដឹងថា អាជ្ញាធរប្រឆាំងគ្រឿងញៀនចាប់បានគ្រឿងញៀនគ្រប់ប្រភេទ​ទម្ងន់​៦៧៦គីឡូក្រាមនិង៧៧០ក្រាម កញ្ឆក្រៀម៩៩គីឡូក្រាមនិង៩៧០ក្រាម និងកញ្ឆាស្រស់៨៦ ៤១៦ដើម។

របាយការណ៍ដដែលឱ្យដឹងបន្ថែមថា សារធាតុញៀនក្នុងបរិមាណនេះ សមត្ថកិច្ចរឹបអូសបានក្នុងការបង្រ្កាបបទល្មើស៩ ០៥៥ករណី ឃាត់ខ្លួនមនុស្ស១៨ ៩៦៥នាក់ ក្នុងនោះមានស្រី១ ២៦០នាក់ និងជនបរទេស១២ សញ្ជាតិផ្សេងគ្នាសរុបចំនួន៣៨១នាក់។

ក្នុងរបាយការណ៍នោះដែរ គិតក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនសរុបចំនួន៧៣៥ករណី ឃាត់ខ្លួនមនុស្ស១ ៤៦៥នាក់ ក្នុងនោះមានស្រី១០៥នាក់ និងជនបរទេសមកពី៥ជាតិសាសន៍ផ្សេងគ្នាចំនួន២០នាក់។ ក្នុងនោះដែរ សមត្ថកិច្ចរកឃើញករណីជួញដូរមាន៤២៩ករណី ប្រើប្រាស់មាន៣០៥ករណី និងផលិតកែច្នៃមាន១ករណី។ 

ក្នុងរយៈពេល១២ខែ នៅឆ្នាំ២០១៨ អាជ្ញាធរបង្រ្កាបគ្រឿងញៀន បានឃាត់ខ្លួនជនជាប់សង្ស័យ១៦ ២០២នាក់ ក្នុងនោះមានស្រី១ ៣៤១នាក់ និងជនបរទេសមកពី២៤ជាតិសាសន៍ផ្សេងគ្នាចំនួន៣១០នាក់ ក្នុងការបង្រ្កាប៨ ០០៣ករណី ដោយរឹបអូសសារធាតុញៀនគ្រប់ប្រភេទបានជាង៥៣៣គីឡូក្រាមនិង៣២៩កញ្ចប់ រួមទាំងកញ្ឆាក្រៀម៧៤គីឡូក្រាម និងកញ្ឆាស្រស់១៦៤ ៤២៥ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ