បទ​យកការណ៍​៖ ពលរដ្ឋ​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ដាំ​បន្លែ​គ្មាន​ជាតិគីមី​ដើម្បី​លើកកម្ពស់​សុខុមា​លភាព​អ្នក​បរិភោគ​

អ្នកស្រី ភេត ហ៊ន់ឡេង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងស្រោចស្រពដំណាំរបស់គាត់។ (លោក សូត សុខប្រាថ្នា/ ៤ ធ្នូ ២០១៩)

បច្ចុប្បន្ន​ ពលរដ្ឋ​កម្ពុជា​មួយចំនួន​ចាប់ផ្តើម​គិតគូរ​អំពី​សុខភាព​ដោយ​បរិភោគ​បន្លែ​ ត្រី​ សាច់​ តែង​គិតដល់​ផលិតផល​ដែល​គ្មាន​សារធាតុគីមី ​ឬមាន​ជាតិគីមី​ មុននឹង​ទិញ​យក​មក​បរិភោគ​ ពិសេស​ពលរដ្ឋ​នៅ​តាម​ទីក្រុង​ និង​ទីប្រជុំជន​។

ដោយ​ក្ដី​បារម្ភ​ពី​សុខភាព​ទាំង​អ្នក​ដាំ​ និង​អ្នក​បរិភោគ​នេះ​ ទើបបាន​កសិករ​នៅ​ភូមិ​អូរ​ឡោក​ នាំគ្នា​ដាំ​បន្លែបង្ការ​ ដោយ​មិន​ប្រើប្រាស់​ថ្នាំ​គីមី​ឡើយ​។

កំពុង​មមាញឹក​ស្រោចស្រព​ដំណាំ​បន្លែបង្ការ​ និង​ដើរមើល​ថែទាំ​បន្លែ​ក្រែង​លោ​មាន​សត្វ​ល្អិ​តចង្រៃ​ចូល​មក​ស៊ី​ដំណាំ​របស់​គាត់​នោះ​ អ្នកស្រី​ ភេត​ ហ៊ន់​ឡេង​ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ឡោក​ ឃុំ​ចក​ ស្រុក​អូររាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ប្រាប់​ថា​ ពីរ​នាក់​ប្ដី​ប្រពន្ធ​គាត់​បាន​ប្រកបរបរ​ដាំ​បន្លែ​គ្មាន​សារធាតុគីមី​នេះ​ អស់​រយៈពេល​ ៨ឆ្នាំ​មក​ហើយ​ នៅ​លើ​ដី​ទំហំ​ ១០អា​។

អ្នកស្រី​និយាយ​ថា​ ដំណាំ​បន្លែ​ដែល​ពួកគាត់​និយម​ដាំ​នោះ​មាន ​ម្ទេស​ ម្រះ​ ត្រសក់​ និង​ត្រប់​ ជាដើម​ ដោយ​ថា​ ដំណាំ​របស់​គាត់​មិន​ប្រើ​សារធាតុគីមី​ឡើយ​ ហើយ​ត្រូវការ​ការ​មើលថែ​ ស្រោចទឹក​ និង​ដាក់ជី​ធម្មជាតិ​ជា​ទៀងទាត់​។

ស្ដ្រី​វ័យ​ ៥២ឆ្នាំ​រូប​នេះ​ រៀបរាប់​បន្ដ​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ជួយ​ផ្គត់ផ្គង់​នៅក្នុង​ភូមិ​ផង​ និង​នាំទៅ​តំបន់​ជិតខាង​ផង​។ ម្យ៉ាងទៀត​ ក្រៅពី​ជួយ​ដល់​ជីវភាព​ គាត់​ថា​ បន្លែ​ប្រភេទ​នេះ​ក៏បាន​ជួយ​ដល់​សុខភាព​អ្នកប្រើ​ប្រាស់​ផង​ដែរ​។

អ្នកស្រី ភេត ហ៊ន់ឡេង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កំពុងស្រោចស្រពដំណាំរបស់គាត់។
អ្នកស្រី ភេត ហ៊ន់ឡេង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងស្រោចស្រពដំណាំរបស់គាត់។ (លោក សូត សុខប្រាថ្នា/ ៤ ធ្នូ ២០១៩)

អ្នកស្រី​រៀបរាប់​បន្ដ​ថា​៖ «ដាំ​សរីរាង្គ​ហ្នឹង​ មិន​ដាំ​គីមី​ កុំ​ឱ្យ​វា​ប៉ះពាល់​សុខភាព​។ ចាស៎ មិនគ្រាន់​តែ​បាន​លុយ​ទេ​ ចាស៎! លោកគ្រូ​ ការពារ​សុខភាព​ កុំ​ឱ្យ​កើតជំងឺ​ច្រើនពេក​»។

ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​កសិដ្ឋាន​របស់​អ្នកស្រី​ ភេត​ ហ៊ន់​ឡេង​ ពលរដ្ឋ​ម្នាក់ទៀត​ លោក​ តន់​ គឹ​មទៀង​ ក៏​ជា​កសិករ​រស់នៅ​ក្នុង​ភូមិ​អូរ​ឡោក​ ឃុំ​ចក​ ស្រុក​អូររាំង​ឪ នេះ​ដែរ​ ហើយ​លោក​ក៏​កំពុង​មមាញឹក​ស្រោចស្រព​ និង​មើលថែ​ដំណាំ​ដែល​មិន​ប្រើប្រាស់​សារធាតុគីមី​របស់​ខ្លួន​ផង​។

បុរស​វ័យ៣២ឆ្នាំ​រូប​នេះ ​រៀបរាប់​ថា​ ចម្ការ​របស់​គាត់​មាន​ដី​ទំហំ​ ៣០អា​ ដោយមាន​ដាំដំណាំ​ម្ទេស​ ត្រប់​ ត្រឡាច​ និង​ដំណាំ​ផ្សេងទៀត​ ។

លោក​អះអាង​ថា​ មូលហេតុ​គ្រួសារ​លោក​ងាក​មក​ដាំដំណាំ​គ្មាន​ជាតិគីមី​ប្រមាណ២ឆ្នាំ​មក​ហើយ​ គឺ​ចង់​ចូលរួម​កាត់បន្ថយ​ការ​បរិភោគ​បន្លែ​នាំចូល​ពីក្រៅ​ប្រទេស​ ដែល​ផ្ទុក​ដោយសារ​ធាតុគីមី​ និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ដទៃទៀត​ ងាក​មក​បរិភោគ​បន្លែ​ធម្មជាតិ​ជួយ​ដល់​សុខភាព​របស់​ពួកគេ​។

លោក តន់ គឹមទៀង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដាំបន្លែដោយមិនប្រើថ្នាំគីមី។
លោក តន់ គឹមទៀង ជាពលរដ្ឋរស់នៅភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដាំបន្លែដោយមិនប្រើថ្នាំគីមី។ (លោក សូត សុខប្រាថ្នា/ ៤ ធ្នូ ២០១៩)

លោក​បន្ដ​ថា​៖ «ទី១​ អ្នក​ដាំ​ហ្នឹង​ មិនសូវ​ប៉ះពាល់​ដល់​សុខភាព​ ទី២​ កន្លែង​យើង​មិន​អាច​ប្រើ​គីមី​ខ្លាំង​ទេ​ កាត់បន្ថយ​សារធាតុគីមី​ខ្លះទៅ​ ប្រើ​ធម្មជាតិ​ខ្លះទៅ​។ បន្លែ​ដាំ​ខ្លួនឯង​ វា​គ្រាន់បើ​ជាង​ យើង​ដាំ​ យើង​ដឹង​ប្រើ​កម្រិត​ថ្នាំ​ តាម​ប៉ុ​ណ្ណា​ៗ ហើយ​បើ​បន្លែ​គេ​មិនដែល​ទិញ​ទេ​ ឥឡូវហ្នឹង​ ដាំ​តែ​បន្លែ​ខ្លួនឯង​»។

យ៉ាងណាក៏ដោយ​ លោក​ តន់​ គឹ​មទៀង​ ឱ្យ​ដឹងផង​ដែរ​ថា​ ការ​ដាំ​បន្លែ​គ្មាន​ជាតិគីមី​ ក៏​ជួប​ការ​លំបាក​ និង​បញ្ហា​ប្រឈម​ជាច្រើន​ ដូចជា​ បញ្ហា​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​ កសិករ​មិនសូវ​ចេះ​បច្ចេកទេស​ដាំដុះ​ និង​បញ្ហា​សត្វល្អិត​ស៊ី​ ដែល​ធ្វើ​ឱ្យ​ដំណាំ​ពួកគាត់​ មិនសូវ​លូតលាស់​ល្អ​ និង​ងាប់ ​ជាដើម​។

ម្យ៉ាងទៀត​ លោក​ថា​ ទីផ្សារ​បន្លែ​គ្មាន​ជាតិគីមី​សម្រាប់​កសិករ​ខ្មែរ​ ក៏​ជា​បញ្ហា​ដែរ​ ដោយ​ថា​ តម្លៃ​ គឺ​មិនសូវ​ខុសគ្នា​នោះ​ទេ​ រវាង​បន្លែ​គ្មាន​ជាតិគីមី​ និង​បន្លែ​មាន​ផ្ទុក​សារធាតុគីមី​ ដែល​នាំចូល​ពី​ប្រទេសជិតខាង​។

កសិករ​មួយ​រូប​ទៀត​ ដែល​កំពុង​ដើរ​បោចស្មៅ​ត្រសក់ផ្អរ​ក្នុង​ចម្ការ​​ អ្នកស្រី​ ភេត​ ដា​ មានប្រសាសន៍​ថា ​ការ​ដាំ​បន្លែ​ដោយ​មិន​ប្រើ​ថ្នាំ​គីមី​នេះ​ មានការ​ជួយ​ណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ក្នុង​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​។

អ្នកស្រី​បន្ថែម​ថា​ ការ​ដាំ​ត្រសក់​សារ​មុន​ លក់​បាន​តម្លៃ​ខ្ពស់​គឺ​បាន​រហូតដល់១ពាន់​រៀល​ក្នុង​មួយ​គីឡូ​ ប៉ុន្តែ​ តម្លៃ​ត្រសក់​បច្ចុប្បន្ន​មានការ​ធ្លាក់ចុះ​ខ្លាំង​ គឺ​បាន១គីឡូក្រាម​ ៥រយ​រៀល​ ហើយ​បើ​ត្រសក់​មិនល្អ​គឺ​បានតែ២រយ​រៀល​ប៉ុណ្ណោះ​ និង​ត្រូវ​យក​ទៅ​ជូន​ម៉ូយ​ដល់កន្លែង​ទៀតផង​។

កសិករ​រូប​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការនាំចូល​បន្លែ​ដែល​ប្រើ​សារធាតុ​ថ្នាំ​គីមី​ពីក្រៅ​ប្រទេស​ ចៀសវាង​កា​រប​ណ្ដោ​យឱ្យ​បន្លែ​មាន​ប្រើ​សារធាតុគីមី​កាន់តែ​ច្រើន​ ដែល​នាំ​ឱ្យ​បន្លែ​របស់​ពួកគាត់​ពិបាក​ប្រកួតប្រជែង​។

អ្នកស្រី ភេត ដា ​ពលរដ្ឋដាំបន្លែដោយប្រើជីនិងថ្នាំធម្មជាតិនៅភូមិអូរឡោក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ​។
អ្នកស្រី ភេត ដា ​ពលរដ្ឋដាំបន្លែដោយប្រើជីនិងថ្នាំធម្មជាតិនៅភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ​។ (លោក សូត សុខប្រាថ្នា/ ៤ ធ្នូ ២០១៩)

អ្នកស្រី​អំពាវនាវ​ថា​ ៖ «ចាស់៎! ចង់​ស្នើសុំ​ គឺ​ចង់ឱ្យ​លោក​គ្រូ​ណាៗក៏ដោយ​ឱ្យ​ជួយ​។ ជួយ​ថា​អីចេះ​ បន្លែ​យើង​ដាំ​បាន​ហើយ​ គេ​អត់​មក​សួរ​យើង​ទេ​ គឺ​មានតែ​យើង​ទៅ​សួរ​គេ​»។

មេភូមិ​អូរ​ឡោក​ លោក​ ភា​ ឆេន​ អាយុ៧០ឆ្នាំ​ មានប្រសាសន៍​ថា​ នៅ​ភូមិ​អូរ​ឡោក​នេះ​ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​៦០គ្រួសារ​ ក្នុង​នោះ​១៧គ្រួសារ​ប្រកបរបរ​ដាំដំណាំ​បន្លែ​តាម​បែប​ធម្មជាតិ​ ឬមិន​ប្រើប្រាស់​ថ្នាំ​ និង​ជីគីមី​ នៅ​លើ​ទំហំដី​សរុប​ចំនួន​៦ហិ​កតា​។

លោក​ ភា​ ឆេន​ រៀបរាប់​ថា​ កាលពី១០ឆ្នាំមុន​ មិនសូវ​មានគ្រួសារ​និយម​ដាំដំណាំ​គ្មាន​សារធាតុគីមី​នោះ​ទេ​ ប៉ុន្ដែ​ បន្ទាប់ពី​មានការ​គាំទ្រ​ និង​ផ្ដល់​ការណែនាំ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ស្រុក​ និង​ខេត្ត​ត្បូងឃ្មុំ​ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ក៏​នាំគ្នា​ដាំដំណាំ​បន្លែ​គ្មាន​ជាតិគីមី​នេះ​។

មេភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក ភា ឆេន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត អំពីផលដំណាំដែលគាត់ដាំដុះ។
មេភូមិអូរឡោក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក ភា ឆេន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត អំពីផលដំណាំដែលគាត់ដាំដុះ។ (លោក សូត សុខប្រាថ្នា/ ៤ ធ្នូ ២០១៩)

លោក​មានប្រសាសន៍​បន្ដ​ថា​៖ «ខ្ញុំ​គាំទ្រ​ ព្រោះ​ក្នុង​គម្រោង​ហ្នឹង​ ពួ​កមន្ដ្រី​កសិកម្ម​គាត់​ចុះ​មក​បង្ហាញ​បែបបទ​ ហើយក៏​ជួយ​បាន​ក្រែល​ដែរ​។ ជួយ​ក្នុង​មួយ​គ្រួសារ​ហ្នឹង​ ប្រាក់១លាន​ ៩៥ម៉ឺន​ ហើយ​ជួយ​ទាំង​សម្ភា ទាំង​ទុយោ​ ស្អី​ៗហ្នឹង​ ជួយ​ទាំងអស់​»។

ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ លោក​ ហេង​ ពិសិដ្ឋ​ មានប្រសាសន៍​ថា ​បច្ចុប្បន្ន​ខាង​មន្ត្រី​ជំនាញ​ លោក​បា​នប​ណ្ដុះ​បណ្ដា​ល និង​ចុះ​តាមដាន​ជាប់លាប់​នូវ​ការ​ដាំ​បន្លែ​សុវត្ថិភាព ​ឬបន្លែ​ដែល​ប្រើ​ជី​ ថ្នាំ​ធម្មជាតិ​ ហើយ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ បាន​ចំនួន​ប្រមាណ៥០០គ្រួសារ​ ដោយមាន​នៅ​ស្រុក​អូររាំងឪ​ ស្រុក​ក្រូចឆ្មារ​ ស្រុក​តំបែរ​ ស្រុក​ត្បូងឃ្មុំ​ ស្រុក​ពញាក្រែក​ និង​នៅ​ក្រុង​សួង​។

លោក​បន្ត​ថា​ កា​រប​ណ្ដុះ​បណ្ដា​លនោះ​ ដូចជា​ បង្រៀន​ពលរដ្ឋ​ឱ្យ​ចេះ​ពី​បច្ចេកទេស​ដាំដុះ​ ជ្រើសរើស​ពូជ​ ការផលិត​ជី​ និង​ថ្នាំ​ធម្មជាតិ​ ការរៀបចំ​ប្រព័ន្ធ​ទឹក​ ព្រមទាំង​វិធានការ​ទប់ទល់​កត្តាចង្រៃ​ ជាដើម​។

លោក​មានប្រសាសន៍​ថា​៖ «ជាដំបូង​ យើង​បង្រៀន​គាត់​ពី​បច្ចេកទេស​ដាំដុះ​ ចាប់ផ្តើម​ពី​កា​រប​ណ្ដុះពូជ​។ កាប​ណ្ដុះ​គ្រាប់ពូជ​ យើង​បង្រៀន​គាត់​ឱ្យ​ចេះ​ពី​ការ​មើល​គ្រាប់ពូជ​ ចេះ​លាយ​ដី​ក្នុង​ការ​យក​មកប​ណ្ដុះ។ ការរៀបចំ​រង​ ហើយ​និងការគ្រប់គ្រង​កត្តាចង្រៃ​។ យើង​ ប​ណ្ដុះ​បណ្ដា​លគាត់​ឱ្យ​ចេះ​ពី​ការ​ធ្វើ​ជីកំប៉ុស​ទឹក​ ជីកំប៉ុស​គោក​ ហើយ​និងថ្នាំពុល​ដែល​យើង​ត្រាំ​ពី​រុក្ខជាតិ​»។

ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​រូប​នេះ​ បញ្ជាក់​ថា​ ជំហាន​បន្ត​ទៀត​ ខាង​លោក​នឹង​នៅតែ​បន្ត​ជួយ​បណ្ដុះបណ្ដាលចំណេះ​ជំនាញ​ ឬបច្ចេកទេស​ដល់​កសិករ​បន្ថែម​ទៀត​ ព្រមទាំង​ណែនាំ​ឱ្យ​ពលរដ្ឋ​ចេះ​ធ្វើ​ផែនការ​ដាំដុះ​ និង​ចេះ​ចងក្រង​គ្នា​ជា​ក្រុម ​ឬជា​សហគមន៍​ផង​ដែរ​។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង​ សាវឿ​ន សាទរ​ចំពោះ​ការ​ជួយ​ជា​បច្ចេកទេស​ និង​ធនធាន​ពីសំណាក់​រដ្ឋាភិបាល​ដល់​កសិករ​ ដើម្បី​លើកកម្ពស់​ការ​ដាំដុះ​បន្លែ​បែប​សុវត្ថិភាព​ ប៉ុន្តែ​ លោក​ចង់ឱ្យ​រដ្ឋាភិបាល​ពង្រីក​គោលនយោបាយ​ជួយ​ដល់​កសិករ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​។

បន្ថែម​ពីនេះ​ លោក​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​ងាក​មក​គាំទ្រ​បន្លែ​ ត្រី​សាច់​ បែប​សុវត្ថិភាព​ ឬមិន​ប្រើប្រាស់​ថ្នាំ​ និង​ជីគីមី​ ព្រមទាំង​បញ្ឈប់​ការ​ដាំដុះ​ដោយ​ប្រើ​សារធាតុគីមី​ផង​ដែរ​។

លោក​មានប្រសាសន៍​ថា​៖ «យើង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ដល់​ប្រជាជន​ដែល​ជា​អ្នក​ផលិត​ និង​ជា​អ្នក​ដាំ​ សូម​មេត្តា​កាត់បន្ថយ​ ឬបញ្ឈប់​ការ​ដាំដុះ​ដោយ​ប្រើ​ថ្នាំ​គីមី​ ឬសារ​ធាតុគីមី​ ព្រោះ​បន្លែ​ទាំងអស់​ហ្នឹង​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ ហើយ​ខ្ញុំ​អំពាវនាវ​ដល់​អ្នកប្រើ​ប្រាស់​ និង​អ្នក​ដែល​និយម​ទិញ​បន្លែបង្ការ​ ត្រី​ សាច់​ នៅក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​ ថា ​ចូលរួម​ពហិការ​ទាំងអស់គ្នា​ ដោយ​បញ្ឈប់​ការទិញ​ទៅលើ​បន្លែ​ណា​ដែល​មាន​ប្រើប្រាស់​សារធាតុគីមី​ ថ្នាំ​គីមី​ ឬជីគីមី​ ហើយ​ងាក​មក​គាំទ្រ​បន្លែ​ដែល​ដាំ​ដោយ​គោលការណ៍​សុវត្ថិភាព​ ឬគោលការណ៍​ធម្មជាតិ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ មើលឃើញ​ថា ​ការ​គាំទ្រ​បន្លែបង្ការ​បែប​សុវត្ថិភាព​ ឬគ្មាន​សារជាតិ​គីមី​ នឹង​ជួយ​បង្កើត​ការងារ​ដល់​កសិករ​កាន់តែ​ច្រើន​ ព្រមទាំង​ដើម្បី​ធានា​សុខុមាល​ភាព​ទាំង​អ្នក​បរិភោគ​ និង​អ្នក​ដាំដុះ​ទៀតផង​៕ ​

រាយការណ៍បន្ថែមដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តត្បូងឃ្មុំ ឈឿន សុឃាង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ