លោក សុខ ទូច ពន្យល់ពីលក្ខណៈបណ្ឌិតចំនួន៣ប្រភេទ

លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា(រូបពីហ្វេសប៊ុក លោក បណ្ឌិត សុខ ទូច)

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ពន្យល់ពីលក្ខណៈសម្បត្តិខុសៗគ្នារបស់បណ្ឌិតចំនួន​៣ប្រភេទ។​

នៅក្នុងវីឌីអូឡាយតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សុខ ទូច ដែលមានរយៈពេលជិត១ម៉ោង កាលពីថ្ងៃទី១២ ខែធ្នូ លោក សុខ ទូច បញ្ជាក់ថា អ្នកទទួលបានងារជាបណ្ឌិតបែងចែកជាបីប្រភេទ។​ លោក បញ្ជាក់ថា បណ្ឌិតទាំងបីប្រភេទនោះរួមមានបណ្ឌិតកិត្តិយស វេជ្ជបណ្ឌិត និងបណ្ឌិត។​

បណ្ឌិតកិត្តិយសសំដៅលើអ្នកដែលបានចំណាយពេល និងសមត្ថភាពច្រើនលើសលប់ដល់សង្គម និងពិភពលោក ដែលការផ្តល់ងារបណ្ឌិតកិត្តិយសនេះត្រូវឆ្លងកាត់ក្រុមជំនាញមួយវាយតម្លៃ។ វេជ្ជបណ្ឌិត(Dr) ជាអ្នករៀនបណ្ឌិត មិនមែនសំដៅលើពេទ្យទេ គឺជាអ្នករៀនបណ្ឌិតផ្តោតលើផ្នែកជំនាញរបស់ខ្លួន ដោយមិនបានរៀនទស្សនវិជ្ជា និងមិនសរសេរនិក្ខេបបទទេ។ ចំណែកបណ្ឌិត(Phd)  រៀនទាំងជំនាញ វិធីសាស្ត្រស្រាវជ្រាវ និងទស្សនវិជ្ជា ហើយត្រូវឆ្លងកាត់នីតិវិធីស្មុគស្មាញមួយចំនួនទៀត។​​

លោកបន្តថា បណ្ឌិតជួយសង្គមបានច្រើន តាមរយៈការប្រើប្រាស់មុខជំនាញរបស់ខ្លួនទៅលើការងារ អាជីវកម្ម ឬការបណ្តុះបណ្តាល។​

កាលពីសប្តាហ៍មុន ក្រុមបញ្ញវន្តមួយក្រុមប្រកាសពីគម្រោងនៃការស្រាវជ្រាវរកឱ្យឃើញ អ្នកដែលបានសិក្សាដល់ថ្នាក់បណ្ឌិតពិតប្រាកដ និងក្រុមដែលមិនបានសិក្សាតាមលក្ខខណ្ឌត្រឹមត្រូវ ហើយតាំងខ្លួនជាបណ្ឌិតនៅក្នុងប្រទេសកម្ពុជា។​

ក្នុងពិធីសម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្តីបារម្ភពីការផ្តល់ងារជាបណ្ឌិតច្រើន តែអ្នកខ្លះមិនមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ