បទយកការណ៍៖ សាច់​សត្វ​ព្រៃត្រូវបាន​ដាក់​លក់ដោយបើកចំហរនៅ​ក្រុង​បានលុង​

មុខរបរលក់សាច់សត្វព្រៃ នៅ​ក្នុង​ក្រុង​បានលុង ​ខេត្ត​រតនគិរី។ (ម៉ម មុនីរតន៍/ ២៦ ធ្នូ ២០១៩)

សាច់​សត្វព្រៃ​មួយចំនួនក្នុងក្រុងបានលុង ​​ខេត្ត​រតនគិរី ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដោយគ្មានការលាក់លៀម​ មិន​ថា​នៅ​ក្នុង​ផ្សារ និង​ភោជនីយដ្ឋាន​ទេ សូម្បី​ទីតាំង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ពេញ​និយមនៅ​បឹង​យក្សឡោមក៏មានលក់​ដែរ។

អ្នក​លក់​សាច់​សត្វ​ព្រៃ​ទាំង​នោះ មិន​អាច​ស្នើ​សុំ​ដើម្បី​ផ្ដល់​សម្ភាសន៍​បាន​ទេ ដោយ​ពួក​គេ​បារម្ភ​ខ្លាច​មិន​អាច​ធ្វើ​អាជីវកម្ម​បាន​ទៀត។ តាមរយៈ​ការ​ឆ្លើយឆ្លង​តាម​ការ​សន្ទនា​ផ្ទាល់ជាមួយអ្នកសារព័ត៌មាន​វីអូឌី​ ពួក​គេ​លើក​ឡើង​ថា ការ​លក់ដូរ​នេះ គឺ​មិន​មាន​ការ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​ទេ។ ម្យ៉ាង​វិញ​ទៀត ក្នុង​នាម​ជា​អាជីវករ​លក់ដូរ គឺ​មាន​ម៉ូយ​ចាំ​ដឹក​យក​មក​ទម្លាក់​ឲ្យ​ស្រាប់​ៗ​ដល់​កន្លែង​តែម្ដង។ ប្រភព​បន្ថែម​ថា៖ «ងៀត​ឈ្លូស​នេះ​១គីឡូក្រាម​តម្លៃ ១០ម៉ឺន​រៀល។ សាច់​ហ្នឹង​ក៏​វា​ខ្លាញ់​ដែរ »។

សាច់សត្វព្រៃនៅ​ក្នុង​ក្រុង​បានលុង ​ខេត្ត​រតនគិរី
មុខរបរលក់សាច់សត្វព្រៃ នៅ​ក្នុង​ក្រុង​បានលុង ​ខេត្ត​រតនគិរី។ (ម៉ម មុនីរតន៍/ ២៦ ធ្នូ ២០១៩)

ដោយ​ឡែក នៅ​ក្នុង​ផ្សារ​បានលុង ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ខេត្ត​រតនគិរី​វិញ សាច់​សត្វព្រៃ​ត្រូវ​បាន​ក្រុម​អាជីវករ​ដាក់​តាំង​លក់​ដោយ​ចំហរដូច​សាច់​ជ្រូក​ស្រុក និង​សាច់​ត្រី​ដែរ។ តូប​ខ្លះ មាន​សាច់​នៅ​ស្រស់​ៗ និង​កន្លែង​ខ្លះ​ទៀត មាន​ប្រឡាក់​ធ្វើ​ជា​ងៀត​ហាល​ឡើង​ក្រៀម​ស្រាប់​ក៏​បាន​មាន​ដែរ។ ក្រៅ​ពី​នេះ សម្រាប់​ភោជនីយដ្ឋាន​លំដាប់​ៗ ពេល​ភ្ញៀវ​ចូល​ទៅ​ដល់​ភ្លាម គឺ​អ្នក​បម្រើ​សេវា​បាន​ផ្ដល់​ជម្រើស​មុន​គេ​គឺ​មុខ​ម្ហូប​ប្រភេទ​សាច់​សត្វព្រៃ​តែម្ដង។

អ្នក​លក់​សត្វព្រៃ​នៅ​ចំកណ្ដាល​ផ្សារ​បានលុង ដែល​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ បាន​ប្រាប់​ពី​តម្លៃ​សត្វព្រៃ​ក្រៅ​ផ្លូវការ​នៅ​លើ​ទីផ្សារ​ថា សម្រាប់​សាច់​សត្វ​ប្រើស ​ក្នុង​១គីឡូក្រាម តម្លៃ១០ម៉ឺន​រៀល។ ប្រភព​បន្ត​ថា ចំពោះ​សត្វ​ត្រកួត​វិញ​ តម្លៃ​ក្នុង​១គីឡូក្រាម ៥ម៉ឺន​រៀល។

សំឡេង​នៅ​ក្នុង​ផ្សារ៖« សាច់​ត្រកួត​នេះ១គីឡូក្រាម ៥ម៉ឺន​រៀល។ សាច់​នេះ​នៅ​ស្រស់​ៗ​ទាំងអស់។ អា​នេះ​សាច់​ប្រើស ហើយ​អានេះ​សាច់​ឈ្លូស»។

តម្លៃ​មុខ​ម្ហូប​នៅ​តាម​ហាង​ខ្លះ​នៅ​ក្នុង​ខេត្ត​រតនគិរី ដែល​មាន​លក់​ប្រភេទ​សត្វព្រៃ ក្នុង​១ចាន់ ​ថ្លៃ​ចន្លោះ​ពី ៤ម៉ឺន ទៅ ៥ម៉ឺន​រៀល។ តម្លៃ​មុខម្ហូបខុស​គ្នា​ដូច​នេះ អាស្រ័យ​លើ​ប្រភេទ​សត្វ​ព្រៃ។

លោក មិញ មង្គល ជា​មន្ត្រី​នៅ​អធិការដ្ឋាន​ព្រៃឈើ​ឈូង​សមុទ្រ ដែល​មាន​បេសកកម្ម​ពិសេស​ប្រឆាំង​បទល្មើស​សត្វព្រៃ​នៅ​ទូ​ទាំង​ប្រទេស​ អះអាង​ថា ក្នុង​នាម​ជា​មន្ត្រី​ជំនាញ​ តែង​ចុះ​បង្ក្រាប​ជា​និច្ចនៅ​ពេល​ទទួល​បាន​ដំណឹង​ទាក់ទិន​បទល្មើស​អាជីវកម្ម​សត្វព្រៃ។ ប៉ុន្តែ​ លោក មង្គល បញ្ជាក់​ថា ​នៅ​ខេត្ត​រតនគិរី​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ទប់ស្កាត់​រួច​មក​ហើយ ក្នុង​ពេល​កន្លង​ទៅ។ ឆ្លើយតប​នឹង​សំណួរ​ថា​ បើ​មាន​បទល្មើស​កើត​ឡើង​ជា​ថ្មី​បែប​នេះ តើ​គួរ​ដោះស្រាយ​បែប​ណា​នោះ លោក មិញ មង្គល បញ្ជាក់​ជំហរ​ថា ក្រុមការងារ​របស់​លោក​នឹង​ចុះ​ពិនិត្យ និង​ដោះស្រាយ​បន្ត​ទៀត។

លោក​បន្ត​ថា៖ «មាន​ព័ត៌មាន​ច្បាស់លាស់​ពួក​ខ្ញុំ​ទៅ​ហើយ។ គេ​មាន​អ្នក​យក​ព័ត៌មាន​ឲ្យ​ពួក​ខ្ញុំ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចាំ​ទទួល​ព័ត៌មាន​ពី​គេ​មក​ដែរ ហើយ​បើ​គេ​ថា​ ឥឡូវ​នេះ​មាន​បទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃ អា​ហ្នឹង​ពួក​ខ្ញុំ​ចុះ​ទៅ​បង្ក្រាប​ហើយ»។

ច្បាប់​ស្ដីពី​ព្រៃឈើ​មាត្រា ៤៨ ចែង​ថា សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​សម្បត្តិ​របស់​រដ្ឋ។ សត្វ​ព្រៃ​ទាំង​អស់​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​អភិរក្ស​ដោយ​រដ្ឋបាល​ព្រៃឈើ ដោយ​មិន​រាប់បញ្ចូល​ត្រី និង​សត្វ​ដែល​បង្ក​កំណើត​ក្នុង​ទឹក។ មាត្រា​ច្បាប់​នេះ ត្រូវ​បាន​កំណត់ និង​បែង​ចែក​សត្វ​ព្រៃ​ជា៣ប្រភេទ រួម​មាន​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ មាត្រា ៤៩ បញ្ញត្តិ​ដាច់ខាត​រាល់​សកម្ម​ភាពបរបាញ់ យាយី និង​បំផ្លិចបំផ្លាញ​សត្វ​ព្រៃ​គ្រប់​ប្រភេទ។

ដោយ​ឡែក​ ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា ៥៩ ត្រង់​ចំណុច​កថាខណ្ឌ​ទី៥​ បញ្ជាក់​ថា​ ការ​ជួញដូរ​សត្វព្រៃ ធ្វើ​សំណាក​សត្វ​ព្រៃ និង​ការ​ចិញ្ចឹម​សត្វ​ព្រៃ​គ្រប់​ប្រភេទ ត្រូវ​ទទួល​ការ​ពិន័យ​លុយ​ចាប់​ពី ១លាន ដល់ ១០លាន​រៀល។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ទទួល​ពិន័យ​អន្តរការណ៍​មាន​តម្លៃ​ទ្វេដង។

អ្នក​សម្របសម្រួល​គម្រោង​នៃ​អង្គការសង្គ្រោះ​សព្វ​ព្រៃ​ប្រចាំ​ខេត្ត​រតនគិរី​ លោក មឿ សុធារ៉ា បដិសេធ​ថា មិន​មាន​បទល្មើស​សត្វ​ព្រៃ​កើត​ឡើង​ទៀត​ទេនៅ​ពេល​នេះ។ លោក​បន្ត​ថា អង្គការ​របស់​លោក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តែង​ចុះ​បង្ក្រាប​ជា​ញឹកញាប់ ហើយជាង​នេះ​ទៀត ចំនួន​សត្វ​ព្រៃ​បាន​កើន​ឡើង​ច្រើន បើ​ប្រៀប​ក្នុង​ឆ្នាំ​កន្លង​ទៅ។

បើ​ទោះ​ជា​បែប​ណា ​លោក សុធារ៉ា បដិសេធ​ថា ​ពុំ​មាន​ទិន្នន័យ​ច្បាស់លាស់​ស្ដីពី​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ទេ។

លោក​បន្ថែម៖ «ដោយ​សារ​យើង​បាន​សហការ​ជា​មួយ​ស្ថាប័ន​សមត្ថកិច្ច និង​ស្ថាប័នរដ្ឋ។ យើង​បាន​ទប់ស្កាត់​ច្រើន​មែនទែន​មួយរយៈពេល​ចុងក្រោយ​នេះ។ ប៉ុន្តែ​ បើ​មាន​ការ​លួចលាក់​លក់ដូរ អា​ហ្នឹង​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​មាន​ ឬ​មិន​មាន​ទេ។ វា​មាន​ដែរ ​លួច​លាក់​លក់ដូរ ប៉ុន្តែ​ បើ​ថា​បើក​ចំហ​រ ខ្ញុំ​អត់​អាច​ទទួល​បាន​ទេ ព្រោះ​អី​ខ្ញុំ​ចុះ​បង្ក្រាប​ច្រើន​ណាស់ » ។

បើ​ទោះ​ជា​បែប​ណា អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ប្រចាំ​ខេត្ត​រតនគិរី លោក ឌិន ខន្នី ថ្លែង​ថា បទល្មើស​សត្វ​ព្រៃ​នៅ​ក្នុង​ខេត្ត​នេះ ដូច​មិន​មាន​ការ​ថយ​ចុះ​ទេ។ លោកបន្តថា បទល្មើស​នេះ​ទៀត​សោត ក្រៅ​ពី​បើក​រកស៊ី​ដោយ​លួចលាក់​ហើយ នៅ​អាច​ធ្វើ​អាជីវកម្ម​ដោយ​បើក​ចំហរ​ថែម​ទៀត​ផង។

លោក​បញ្ជាក់​ទៀត​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​អាជីវកម្ម​សត្វព្រៃ​អាច​ដំណើរការ​បាន​គឺ​បណ្ដាល​មកពី​អំពើពុករលួយ។ បើ​តាម​លោក ខន្នី អំពើ​ពុករលួយ​នេះ​ វា​បាន​កើត​ឡើង​ជា​ប្រព័ន្ធ​ទៅ​ហើយ ដែល​មិន​អាច​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​ដោយ​ប្រសិទ្ធភាព​បាន។

លោក​បន្ថែម​ថា៖ «តាម​ដែល​ខ្ញុំ​ដឹង​ សាច់​ហ្នឹង​ឃើញ​មាន​លក់​លួចលាក់​នៅ​ផ្សារ​បានលុង។ ប៉ុន្តែ​ មន្ត្រី​មាន​ហើយ​គឺ​មន្ត្រី​អភិរក្ស​សត្វព្រៃ​ដែល​ទទួល​បន្ទុក​អភិរក្ស​សត្វ​ស្អី​ៗ​អស់​ហ្នឹង​ គាត់​ក៏​ជា​ការពារ​ដែរ។ តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ កន្លង​ទៅ​ហើយ ឃើញ​តែ​រឿង​ហ្នឹង​វា​កើត​ឡើង​បាន​តែ​រហូត​ហ្នឹង។ វា​គ្មាន​ឃើញ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ស្អី​ផង » ។

ក្រុម​អង្គការ​ការពារ​សត្វព្រៃ​ យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​សត្វព្រៃ​បន្ត​បាត់បង់ និង​ជិត​ផុត​ពូជ​នេះ មូលហេតុ​ដោយ​សារ នៅ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​អ្នក​ប្រើប្រាស់ និង​ទីផ្សារ​ងងឹត។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ភាគច្រើន​មិន​សូវ​មាន​ចំណេះដឹង និង​យល់​ខុស​ថា សត្វព្រៃ​ជា​ប្រភេទ​សាច់​ដែល​បរិភោគ​ទៅ​ហើយ អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ ហើយ​ថែម​ទាំង​ជា​ឱសថ​ទៀត​ផង។

បន្ថែម​ចំពោះ​ការ​បរបាញ់​ដោយ​អនាធិបតេយ្យ និង​ដាក់​អន្ទាក់​ជា​ប្រចាំ ព្រៃឈើ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​ធ្លាប់​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ ត្រូវ​មនុស្ស​បំផ្លិចបំផ្លាញ បាន​បង្ខំ​ឲ្យ​ប្រភេទ​សត្វ​កម្រ​មួយ​ចំនួន ដូច​ជា​ដំរី ខ្ទីង ទន្សោង និង​ខ្លា​ជាដើម ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​ប្រទេស​ជិត​ខាង។ មន្ត្រី​អង្គការ​ផ្នែក​ការពារ​សត្វព្រៃ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ យល់​ឃើញ​ស្រប​គ្នា​ថា ពេល​នេះ​គេ​ពិបាក​រក​ទិន្នន័យ​ឲ្យ​ជាក់លាក់ អំពី​ចំនួន​សត្វព្រៃ​ពិត​ដែល​នៅ​សេសសល់​ណាស់។

លោក មិញ មង្គល មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា ប្រភេទ​សត្វ​ព្រៃ​ដែល​អាច​និយាយ​បានថា​នៅ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ​គឺ​ប្រភេទ​សត្វ​ជ្រូក​ព្រៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ