បុរស​ត្រូវគ្រាប់​កាំភ្លើង​សមត្ថកិច្ច​ក្នុង​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ ថា​បំណងប្រាថ្នា​ឆ្នាំ​ថ្មី​គឺ​ចង់បាន​យុត្តិធម៌​

លោក​ ពៅ​ សារ័ត្ន​ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសមៈ​ ហៅមន្ទីពេទ្យព្រះសង្ឃ​ ក្នុងរាជធានីភ្នំពេញ​ ក្រោយពីរងគ្រោះដោយសារការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ នៅពយម៉ាចូវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបភាព៖ ឃុត សុគន្ធ

លោក​ ពៅ​ សា​រ័ត្ន​ ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រង់​ឆ្អឹងខ្នង​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​ពលរដ្ឋ​ និង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងឆ្នាំ​មុន​ និយាយថា​បំណងប្រាថ្នា​របស់​លោក​ក្នុង​ឆ្នាំ​ថ្មីនេះ​គឺ​ចង់​បាន​យុត្តិធម៌​ពិតប្រាកដ​ ខណៈ​ធ្លាក់ខ្លួន​ពិការ​មិន​អាច​ដើរ​បាន​។

លោក​ ពៅ​ សា​រ័ត្ន​ ដែល​កំពុង​ដេក​លើ​គ្រែ​ និង​បន្ត​សម្រាក​ព្យាបាល​ជំងឺ​នៅ​មជ្ឈមណ្ឌល​មួយ​ក្នុង​ខេត្តបាត់ដំបង​បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មជ្ឈមណ្ឌល​ស្ដា​រល​ទ្ធ​ភាព​ពលកម្ម​អ្នកជំងឺ​របួស​ខួរឆ្អឹងខ្នង​នៅ​ខេត្តបាត់ដំបង ​រយៈពេល១០ខែ​ហើយ​ នៅតែ​មិន​អាច​ដើរ​បាន​ដដែល​។

លោក​ ពៅ​ សា​រ័ត្ន​ រៀបរាប់​ថា​ ពេលនេះ​អាការៈ​របស់​លោក​ឈឺ​មុខរបួស​ និង​នៅតែ​បន្ត​ស្ពឹក​មួយ​កំណាត់​ខ្លួន​ចាប់ពី​ចុងដង្ហើម​ចុះក្រោម​មិន​អាច​កម្រើក​បាន​ ហើយ​ជើង​ទាំងពីរ​របស់​លោក​ស្វិត​អស់​នៅសល់​ប្រហែល៣០ភាគរយ​ប៉ុណ្ណោះ​។

លោក​ ពៅ​ សា​រ័ត្ន​ អាយុ២៩ឆ្នាំ ​ជា​កូនកំព្រា​កំពុង​រស់នៅ​ជាមួយ​ម្ដា​យវ័យចាស់​ បាន​បង្ហាញ​ការឈឺចាប់​ និង​មាន​ព្រួយបារម្ភ​ខ្លាច​ធ្លាក់ខ្លួន​ពិការ​អស់មួយជីវិត​។ លោក​បន្ត​ថា ​សម្រាប់​ឆ្នាំ​ថ្មីនេះ​ លោក​ចង់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួន​។

លោក​មានប្រសាសន៍​ថា​៖ «ខ្ញុំ​សង្ឃឹម​ដើរ​រួច​តិចតួច​ណាស់​ ព្រោះ​គ្រូពេទ្យ​និយាយ​ថា​ ត្រូវ​ឆ្អឹង​ខ្នង​ចឹង​ឱកាស​ដើរ​វិញ​តិចណាស់​។ ខ្ញុំ​ពិបាកចិត្ត ​ខ្ញុំ​ចង់បាន​យុត្តិធម៌​សម្រាប់​ខ្លួន​ណាស់​ ព្រោះ​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ពេក​ ប៉ុន្តែ​ មិនដឹង​រក​យុត្តិធម៌​តាមណា​ទេ​»។

លោក​ ពៅ​ សា​រ័ត្ន​ បន្ត​ថា​ ចាប់តាំងពី​រូបលោក​ត្រូវរបួស​ដោយ​គ្រប់​កាំភ្លើង​សមត្ថកិច្ច​រួចមក ​គឺ​គ្រួសារ​គាត់​បាន​ធ្លាក់ខ្លួន​ក្រីក្រ​កាន់តែ​ខ្លាំង​ ដោយសារ​ពុំ​មាន​អ្នក​ប្រកបរបរ​ចិញ្ចឹមជីវិត​ ខណៈ​ម្ដា​យរបស់​លោក​ក៏​មាន​វ័យ​កាន់តែ​ចាស់​។

កាលពី​ថ្ងៃទី២៤​ ខែមករា​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ប្រមាណ៣០០នាក់​ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ ហួត​ វិចិត្រ​ និង​អភិបាលរងខេត្ត​ លោក​ ផៃ​ ប៊ុ​នវ​ណ្ណៈ​ បាន​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ ស្ថិតនៅ​ភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ប៉ុន្តែ​ ត្រូវ​បាន​អ្នកភូមិ​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ដោយ​នាំគ្នា​ដុត​កង់ឡាន​បិទផ្លូវ​រហូត​ផ្ទុះ​អំពើ​ហិង្សា​។

ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ​ លោក​ ពៅ​ សា​រ័ត្ន​ ដែល​ជា​កម្មករ​សំណង់​ ត្រូវ​បាន​គេ​បាញ់​ចំពី​ក្រោយ​ត្រូវ​ត្រង់​ស្មា​ខាងឆ្វេង​ ហើយ​គ្រាប់​បៀម​ជាប់​ឆ្អឹងខ្នង​។

ក្រោយ​ហេតុការណ៍​នេះ​ នៅ​ខែមីនា​ លោក​ ហ៊ុន​ សែន​ បានសម្រេច​ដក​អភិបាលរងខេត្ត​ព្រះសីហនុ​ពីរ​រូប​មាន​ លោក​ ស្រ៊ុ​ន ស្រ៊​ន់​ និង​លោក​ ផៃ​ ប៊ុ​នវ​ណ្ណៈ​ ចេញពី​តំណែង​ និង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ម្នាក់​ និង​មន្ត្រី៣នាក់​ទៀត​ត្រូវ​បាន​អង្គភាព​ដាក់​ពិន័យ​។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ លោក​ ឃាង​ ភា​រម្យ​ មានប្រសាសន៍​កាលពី​ខែមិថុនា ​ឆ្នាំ២០១៩ ថា​សំណុំរឿង​នេះ​ អាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្ហាញ​ការទទួលខុសត្រូវ​ តាមរយៈ​ការ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ ​និង​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​រួច​ទៅ​ហើយ​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ