កម្ពុជា​រៀបចំ​ពិធី​ប្រណាំង​កង់​អន្តរជាតិ​តាម​ខេត្ត​តំបន់ឆ្នេរ​ដើម្បី​ផ្សាយ​ពី​សក្ដា​នុ​ពល​ទេសចរណ៍​

តំបន់នៅខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម។ (ហង់ សុខហុង)

កម្ពុជា​ទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​អន្តរជាតិ​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១​ ចាប់ពី​ថ្ងៃទី០៤​-០៦​ ខែមករា​ ឆ្នាំ២០២០​ ដោយ​ឆ្លងកាត់​ខេ​ត្ត​ចំនួន​៤ ដែល​ក្នុង​នោះ​រួមមាន​ ខេត្តកោះកុង​ ព្រះសីហនុ​ កំពត​ និង​ខេត្ត​កែប​ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ លោក​ ថោង​ ខុន​ ត្រូវ​បាន​ទំព័រ​ហ្វេ​សប៊ុ​កក្រ​សួង​ស្រង់​ប្រសាសន៍​ផ្សាយ​ថា​ លោក​អំពាវនាវ​ដល់​រដ្ឋបាល​ខេត្ត​ ស្រុក​-ក្រុង​ ដែលពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​ជំរុញ​ និង​រៀបចំ​កិច្ចការ​ងារ​នេះ​ឱ្យ​បាន​ល្អ​។ តាម​លោក​ ថោង​ ខុន​ គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​គឺ​ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​ ក្រុមកីឡា​ករ​ជាតិ​-អន្តរជាតិ​ ពី​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ពួកគេ​ និង​ផ្សព្វផ្សាយ​ពីមុខ​មាត់​ប្រទេសជាតិ​ទៅកាន់​ពិភពលោក​។

លោក ​ថោង​ ខុន​ ត្រូវ​បាន​ដក​ស្រង់​សម្ដី​មក​ចុះផ្សាយ​ថា​៖ «ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១នេះ​ នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់ឆ្នេរ​កម្ពុជា​ និង​រួមចំណែក​ផលិត​ធនធានមនុស្ស​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ ឆ្នាំ២០២៣​ នៅ​កម្ពុជា​ទៀតផង​»។

បើ​តាម​ក្រសួងទេសចរណ៍​ មកដល់ពេលនេះ​ មាន​ក្រុមកីឡា​ករ​ចុះឈ្មោះ​ចូលរួម​ប្រមាណ​ ២០ក្រុម​ហើយ​ ក្នុង​នោះ​ក្រុមកីឡា​ករ​កម្ពុជា​មាន​ចំនួន​ ២ក្រុម​ ហើយ​មាន​ក្រុមកីឡា​ករ​បរទេស​មក​ពី១៦ប្រទេស​ចូលរួម​ផង​ដែរ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ អភិបាលខេត្ត​កោះកុង​ អ្នកស្រី​ មិថុនា​ ភូ​ថង​ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ ដោយ​បញ្ជា​ឱ្យ​ឡាន​ដឹក​ដី​ និង​ឡាន​ធំ​ទាំងអស់​ផ្អាក​អាជីវកម្ម​ និង​ធ្វើដំណើរ​ការ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤៨ នា​ភូមិ​សា​ស្ដ្រខេត្តកោះកុង​ ដែល​ជាទី​តាំង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​នេះ​។

អ្នកស្រី ​មិថុនា​ ភូ​ថង​ លើកឡើង​ថា​៖ «រដ្ឋបាល​ខេត្តកោះកុង​សង្ឃឹមថា ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​យកចិត្ត​ទុកដាក់​អនុវត្ត​តាម​សេចក្ដីប្រកាស​នេះ ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​»។

ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី១ នឹង​បែងចែក​ជា៣ដំណាក់កាល ​ទី១ប្រណាំង​ថ្ងៃទី០៤ ខែមករា​ ចេញពី​តារា​សាគរ​តាម​វិថី​សាយ​ភូ​ថង​ ឆ្ពោះទៅ​ទីរួមខេត្ត​កោះកុង​តាមផ្លូវ​ជាតិ​លេខ៤៨​។ ដំណាក់កាល​ទី២ ប្រណាំង​ថ្ងៃទី០៥ ខែមករា​ ចេញពី​រង្វង់​មូល​សាយ​ភូ​ថង​ ឆ្លងកាត់​ផ្លូវបំបែក​ស្រែអំបិល ​ដោយ​ឆ្លងកាត់​ស្រុក​ព្រៃនប់​ឆ្ពោះទៅ​ភ្នំបូកគោ​ខេត្តកំពត​។ ដំណាក់​ទី៣ ប្រណាំង​ថ្ងៃទី០៦ ខែមករា​ ចេញពី​ជើងភ្នំ​បូកគោ​កឆ្ពោះទៅ​ខេត្ត​កែប​។

រដ្ឋបាល​ខេត្តកោះកុង​ លើកឡើង​ថា​ ការ​ប្រណាំង​កង់​នេះ​មាន​កីឡាករ​ចូលរួម១២០នាក់​ គណៈ​ប្រតិភូ​អមដំណើរ​ប្រមាណ​ជាង១៨០នាក់​ និង​ស្ថាប័ន​សារព័ត៌មាន​ជាង២៧ស្ថាប័ន​ មក​ពី​អាមេរិក​ អ៊ឺ​រ៉ុប​ ចិន​ អូ​ស្ដ្រា​លី​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ