អតីតអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ២រូប និងមន្ត្រីថ្នាក់មូលដ្ឋានមួយចំនួនទៀត ប្រកាសបង្កើតគណបក្សថ្មីមួយជាផ្លូវការ។ ការប្រកាសបក្សថ្មីនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
គណបក្សថ្មីនេះឈ្មោះថា គណបក្សខ្មែរស្រឡាញ់ជាតិ (Cambodian Nation Love Party)។ គណបក្សនេះ ដាក់លិខិតស្នើសុំបង្កើតគណបក្សជាផ្លូវការ ទៅកាន់ក្រសួងមហាផ្ទៃរួចហើយ កាលពីព្រឹកមិញនេះ។
ប្រធានស្ថាបនិកគណបក្សខ្មែរស្រឡាញ់ជាតិ និងជាអតីតតំណាងរាស្ដ្របក្សសង្គ្រោះជាតិ លោក ជីវ កត្តា មានប្រសាសន៍ថា ការបង្កើតបក្សនេះមានបំណងបន្តគោលដៅគណបក្សសង្គ្រោះជាតិ បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ផ្សះផ្សារជាតិ តស៊ូមតិតាមគោលការណ៍ប្រជាធិបតេយ្យ។
លោក ជីវ កត្តា និយាយថា៖ «គោលដៅរបស់យើងទៅណា? គឺយើងទាមទារឱ្យមានការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើយើងជាអ្នកប្រជាធិបតេយ្យស្រឡាញ់ជាតិ ថ្ងៃណាមួយយើងនឹងអាចជជែកគ្នាទៅរកគោលដៅរួមគ្នាបាន»។
បើតាមលោក ជីវ កត្តា ប្រភពហិរញ្ញវត្ថុរបស់គណបក្សថ្មីនេះ បានមកពីការចូលហ៊ុនគ្នារបស់សមាជិកស្ថាបនិកនិងប្រភពពីប្រជាពលរដ្ឋខ្មែរពីក្រៅប្រទេស។ លោកបដិសេធថា ការបង្កើតបក្សនេះមិនមែនជាការត្រួសត្រាយផ្លូវឱ្យលោក កឹម សុខា ចូលនោះឡើយ។
សមាជិកស្ថាបនិកម្នាក់ទៀត លោក កង គឹមហាក់ បានប្រាប់វីអូឌីថា បក្សថ្មីនេះក៏នឹងមានការចូលរួមពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀត ដែលពេលនេះនៅលាក់មុខនៅឡើយ។
សេចក្ដីប្រកាសព័ត៌មានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសអំពាវនាវដល់រាជរដ្ឋាភិបាល ឱ្យបើកចំហរប្រជាធិបតេយ្យ ដោះលែងអ្នកដែលជាប់ឃុំ ដោះលែងលោក កឹម សុខា និងធ្វើយ៉ាងណា រក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
អតីតប្រធានប្រតិបត្តិរាជធានីភ្នំពេញគណក្សសង្គ្រោះជាតិ ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស លោក ម៉ន ផល្លា ថ្លែងតាមសារអេឡិចត្រូនិច ថាការបើកបក្សនោះជាសិទ្ធិបុគ្គលប៉ុណ្ណោះ។ លោកបន្ដថា បក្សថ្មីនេះគ្រាន់តែជាបក្សកំដរឆាកនយោបាយតាមបំណងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។
លោក ម៉ន ផល្លា លើកឡើងថា៖ «ខ្ញុំយល់ឃើញថា មិនមានឥទ្ធិពលអ្វីលើបក្សសង្គ្រោះជាតិទេ ដោយប្រជាពលរដ្ឋមើលឃើញលោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយ ពួកគាត់គាំទ្រតែលោកទាំងពីរ។ ខ្ញុំគិតថា បក្សថ្មីនេះឥតប្រយោជន៍ ព្រោះធ្វើទង្វើនេះបំពេញមហិច្ឆតាលោក ហ៊ុន សែន ប៉ុណ្ណោះ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ថ្លែងប្រាប់វីអូឌីថា ការបង្កើតបក្សថ្មីនេះ គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋ។
លោក សុខ ឥសាន្ត មានប្រសាសន៍ថា៖ «CPP ស្វាគមន៏ការបង្កើតបក្សថ្មី រួមទាំងអតីតសកម្មជនបក្សប្រឆាំងផង។ បក្សកាន់អំណាចមិនមានការភ័យខ្លាចអីទេ តែផ្ទុយទៅវិញ ត្រេកអរដែលមានបក្សប្រកួតប្រជែងក្នុងការបោះឆ្នោត»។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី មានប្រសាសន៍ថា ការបង្កើតបក្សថ្មីណាមួយក៏ដោយ សុទ្ធសឹងជាទង្វើស្របនឹងបំណងរបស់លោក ហ៊ុន សែន។ លោកថា ការបង្កើតបក្សថ្មីក៏ជាសញ្ញាបង្ហាញពីការបែកបក្សនៃសំឡេងក្រុមអ្នកប្រជាធិបតេយ្យ ឬសំឡេងក្រុមជំទាស់ដែរ។
តាមច្បាប់ស្ដីពីគណបក្សនយោបាយ គណបក្សថ្មីនេះត្រូវរង់ចាំលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃរយៈពេល១៥ថ្ងៃ មុននឹងបន្តនិតិវិធីប្រមូលស្នាមមេដាយដាក់លិខិតជូនក្រសួងមហាផ្ទៃជាលើកទី២។ គណបក្សនេះមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទធ្វើសមាជរៀបចំចាត់តាំងថ្នាក់ដឹកនាំបក្សនៅឡើយទេ។
គណបក្សខ្មែរស្រឡាញ់ជាតិ ជាគណបក្សទី២ដែលបង្កើតឡើងដោយក្រុមអតីតមន្ត្រី និងតំណាងរាស្ត្រគណបក្សប្រឆាំង។ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានសម្រេចទទួលចុះឈ្មោះ «គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិក្នុងបញ្ជីគណបក្សនយោបាយ។
កាលពីឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ប៉ុន្តែ អាសនៈសភាទាំងអស់បានធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរំលាយបក្សសង្គ្រោះជាតិ៕