«អរគុណ​សន្តិភាព​»ត្រូវ​បាន​បិទ​តាម​អាគាររ​ដ្ឋ​ និង​បង្ហោះ​លើប​ណ្ដា​ញសង្គម​ដោយ​មន្ត្រី​បក្ស​កាន់អំណាច​

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន» ដែលត្រូវបានបង្ហាញនៅជាប់របងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

សារ​«អរគុណ​សន្តិភាព​» ត្រូវ​បាន​ចងភ្ជាប់​នៅ​តាម​អាគារ​សាធារណៈ​របស់​រដ្ឋ​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោងព្រាត​ដោយ​មន្ត្រី ​និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​។

កាល​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ លោក​ ហ៊ុន​ សែន​ បាន​បង្ហោះ​វី​ដេ​ឃ្លី​បលើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព​កូនចៅ​របស់​លោក​ចូល​ទៅ​ជូន​ពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សាកល២០២០​។ លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ បាន​បញ្ចប់​សំណេរ​របស់​លោក​ដែល​បង្ហោះ​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​កដោយ​ពាក្យ​ថា​«អរគុណ​សន្តិភាព​»។

បន្ទាប់ពី​ការ​បង្ហោះ​របស់​លោក​ ហ៊ុន​ សែន​ មន្ត្រី​ជាន់ខ្ពស់​ និង​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ជាច្រើន​ទៀត​បាន​បង្ហោះ​សារ​នេះ​លើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ករបស់​ខ្លួន​។ រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី​ លោក​ ជា​ សុ​ផា​រ៉ា​ កាលពី​ម្សិលមិញ​ បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​លោក​ថា​«អរគុណ​សន្តិភាព​» ដោយ​បន្ថែម​ថា ​គ្មាន​ម្លប់​ណា​ត្រជាក់​ជាង​ម្លប់​សន្តិភាព​។ ចំណែក​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ នៅ​ថ្ងៃនេះ​ សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​ករបស់​លោក​ថា​«អរគុណ​សន្តិភាព​» ដែល​ធ្វើ​ឱ្យប្រទេស​ជា​តិ​រី​ចចម្រើន​រុងរឿង​។ ក្នុង​សារ​នោះ​ លោក​ ទៀ​ បាញ់​ អំពាវនាវឱ្យពលរដ្ឋ​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​។

លើស​ពីនេះ ​ពាក្យ​«អគុណ​សន្តិភាព​​»នេះ ក៏​ត្រូវ​បាន​ចងភ្ជាប់​នឹង​របង​សាលារៀន​ មន្ទីរពេទ្យ​ និង​អាគារ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​ទៀតផង​ដែរ​។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ បាន​អះអាង​ថា​ សារ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​មន្ត្រី​សំ​ខាន់​ៗរបស់​បក្ស​មួយចំនួន​ បាន​ចែករំលែក​ព្រម​គ្នា​តាម​បណ្ដា​ញទំនាក់ទំនង​សង្គម​ហ្វេសប៊ុ​ក (Facebook​) នា​ពេល​ដើមឆ្នាំ​នេះ​ មិន​ត្រឹម​បង្ហាញ​នូវ​របៀប​ធ្វើការ​របស់​បក្ស​ដែល​គោរព​មេ​ជាធំ​ តែ​ក៏​ជា​សារ​ជំរុញ​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​សន្តិភាព​នា​ឆ្នាំ​ថ្មីនេះ​ផង​ដែរ​។

លោក​ថា​ ការ​លើកយក​បញ្ហា​សន្តិភាព​ជា​ប្រធានបទ​សំខាន់​ ព្រោះ​ចង់​បង្ហាញ​អំពី​តម្លៃ​ និង​ជំរុញ​ពលរដ្ឋ​ចូលរួម​សកម្មភាព​បញ្ចៀស​សង្គ្រាម​។

លោក​ សុខ​ ឥសាន​ បញ្ជាក់​ថា​៖ «បើសិនជា​អត់​សន្តិភាព​ទេ​ ជីវិត​របស់​យើង​ក៏​ពិបាក​ថែរក្សា​ដែរ​។ តែ​អត់​សន្តិភាព​បានន័យ​ថា​ វា​មាន​សង្គ្រាម​ហើយ​ បើ​មាន​សង្គ្រាម​បាន​សេច​ក្ដី​ថា​ វា​មានការ​លំបាក​ដល់​ការ​រក្សា​អាយុ​ជីវិត​របស់​យើង​។ បើ​អត់​អាយុជីវិត​របស់​យើង​ សិទ្ធ​សេរីភាព​ ជំនឿ​សាសនា​ និង​ឱកាស​កសាង​អភិវឌ្ឃន៍​ប្រទេស​ក៏​អត់មាន​ដែរ​»។

អតីត​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មាជ​ សុវណ្ណារ៉ា​ បាន​បញ្ជាក់​ថា​ សន្តិភាព​អាច​កើតមាន​បាន​លុះត្រា​អ្នកនយោបាយ​ខ្មែរ​រក្សា​នូវ​សន្តិភាព​ទាំង​កាយ​ វិចារ​ និង​ចិត្ត​របស់​ខ្លួន​បាន​ខ្ជាប់ខ្ជួន​។ លោក​អះអាង​ថា​ កន្លងមក​ អ្នកនយោបាយ​ខ្មែរ​តែង​ប្រជែង​គ្នា​គ្រប់​វិធី​ដើម្បី​ឈ្នះ​ មិន​អើពើ​នឹង​ការ​រក្សា​សន្តិភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ​។

លោក​ មាជ​ សុវណ្ណារ៉ា​ បាន​រៀបរាប់​ថា​៖ «មកដល់​ឥលូវ​នេះ ​យើង​ឃើញថា ​ខ្មែរ​បែកបាក់​គ្នា​ សន្តិភាព​តែ​ខាង​គណបក្សប្រជាជន​ តែ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាង​ពាក់​កណ្ដា​លន​គរ​ហ្នឹង​គឺ​គាត់​បាត់​សន្តិភាព​ផ្លូវចិត្ត​ ផ្លូវកាយ​ ផ្លូវ​វិចារ​របស់​គាត់​ ដោយសារ​សន្តិភាព​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ បំភិតបំភ័យ​ និង​ភាព​អយុត្តិធម៌​នៅក្នុង​សង្គម​តាម​ប្រព័ន្ធ​តុលាការ​។ អាហ្នឹង​ យើង​មើលឃើញ​ថា​ មិន​អាច​ឱ្យ​ខ្មែរ​មាន​សន្តិភាព​ជា​ធ្លុងមួយ​ទេ​»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​ លោក​ ប៉ា​ ចន្ទ​រឿន​ បាន​សង្កត់ធ្ងន់​ថា​ សន្តិភាព​សម្រាប់​ប្រទេស​មួយ​ គឺ​មិនមែន​សំដៅលើ​ស្ថានភាព​គ្មាន​សង្គ្រាម​ឡើយ​ តែ​វា​ជា​សង្គម​មួយ​ដែល​មាន​ការ​បង្រួបបង្រួម​ជាតិ​ សាមគ្គីភាព​ យុត្តិធម៌​ សមធម៌​ ជា​ធាតុផ្សំ​សំខាន់​។ លោក​ថា​ បើ​រដ្ឋាភិបាល​កម្ពុជា​នៅ​ប្រកាន់​របៀប​ដឹកនាំ​តាម​ឆ្នាំ​ចាស់​ កម្ពុជា​នឹង​ប្រឈម​វិបត្តិសេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។

លោក​ ប៉ា​ ចន្ទ​រឿន​ បាន​អះអាង​ថា​៖ «បើ​យើង​ពិនិត្យមើល​នៅក្នុង​ស្រុកខ្មែរ​យើង ​ជា​ការពិត ​គឺ​ក្រោយ​ឆ្នាំ១៩៩៨មក​ យើង​អត់មាន​ជម្លោះ​ប្រដាប់​អាវុធ​ទេ​ ប៉ុន្តែ​ យើង​ឃើញថា ​មានការ​ផ្លាស់​ប្តូរ​ ជាពិសេស​ចុងឆ្នាំ២០១៧មក​ មានការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​ហ្នឹង​ គឺ​ស្ថានភាព​នយោបាយ​ស្រុកខ្មែរ​ចាប់ផ្តើម​រង្គោះ​រង្គើ។ ប្រជាធិបតេយ្យ​ហាក់បីដូចជា​រាង​ធ្លាក់​ផ្លូវ​ពី​គន្លង​ប្រជាធិបតេយ្យ​ ដែល​បាន​កសាង​តាំងពី​ការបោះឆ្នោត​តាំងពី១៩៩៣មក​»៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ