សហភាព​សហជីព​កម្ពុជា​ធ្វើ​យុទ្ធនាការ​រក្សា EBA​ ដោយ​ផ្ញើ​ស្នាមមេដៃ​កម្មករ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន ថ្លែងប្រាប់អ្នកកាសែតពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សហភាព​សហជីព​កម្ពុជា​ និង​តំណាង​កម្មករ​ប្រមាណ៥០នាក់ ​រួមគ្នា​ប្រមូល​ស្នាមមេដៃ​កម្មករ​-កម្មការិនី​តាម​រោងចក្រ​មួយចំនួន​ បាន​ជាង១ពាន់​នាក់ ​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​នា​ថ្ងៃនេះ​ ដើម្បី​ជំរុញ​រដ្ឋាភិបាល​គោរព​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​។

ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន​ បាន​អះអាង​ថា ស​កម្ម​ភាព​ចុះ​ប្រមូល​ស្នាម​មេ​ដៃ​តាម​បណ្ដា​រោងចក្រ​ប្រមាណ​ជាង១០ជុំវិញ​រាជធានី​ភ្នំពេញ​ ចាប់តាំងពី​ថ្ងៃទី២២ រហូតដល់​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​។ លោក​ថា ​ក្រុមការងារ​របស់​ខ្លួន​ប្រមូល​បាន​ស្នាមមេដៃ​ចំនួន១៣៧៩​ ដែល​នឹង​ត្រូវ​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​នា​ថ្ងៃនេះ​។

បន្ថែម​លើ​នេះ​ ស្ថាប័ន​លោក​នឹង​ចម្លង​លិខិតស្នើ​ និង​ស្នាមមេដៃ​នេះ​ផ្ញើ​ជូន​ស្ថានទូត​អាមេរិក​ ការិយាល័យ​សហភាព​អឺរ៉ុប​ (EU​) និង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ថែមទៀត​។

លោក​ រ៉ុង​ ឈុន​ បាន​បញ្ជាក់​ថា​៖ «យើង​សង្ឃឹមថា​ បើ​អ្នកដឹកនាំ​គិត​អំពី​ប្រយោជន៍​របស់​កម្មករ​ ពេល​ហ្នឹង​គាត់​នឹង​ត្រូវ​ធ្វើការ​ដោះស្រាយ​ជូន​កម្មករ​ ព្រោះ​កន្លងមក​ យើង​ឃើញ​គាត់​ដើរចុះ​ជួប​កម្មករ​ច្រើនណាស់​ក្នុងអំឡុងពេល​ពីរ​ បី​ឆ្នាំ​ចុងក្រោយ​ បង្ហាញថា​ យកចិត្ត​ទុកដាក់​ទៅលើ​កម្មករ​។ អ៊ីចឹង ​បើសិន​គាត់​មិន​យកចិត្ត​ទុកដាក់​ បង្ហាញ​ឱ្យ​កម្មករ​មើលឃើញ​ថា​ អ្វី​ដែល​កម្មករ​ព្រួយបារម្ភ​មិនបាន​ទទួលការ​ឆ្លើយតប​វិជ្ជមាន​អ៊ីចឹង»។

នៅក្នុង​លិខិតស្នើ​របស់​ខ្លួន​ សហជីព​បាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​បើកចំហរ​ប្រព័ន្ធ​នយោបាយ​ឱ្យ​ទូលាយ​ដូចមុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ​ឆ្នាំ២០១៧​ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធ​មនុស្ស​ ពិសេស​លើ​វិស័យ​ការងារ​ និង​សិទ្ធ​សេរីភាព​សហជីព​។

ក្នុងនាម​តំណាង​របស់​កម្មករ​-កម្មការិនី​ សហភាព​សហជីព​កម្ពុជា​ បាន​សង្កត់ធ្ងន់​នៅក្នុង​សេច​ក្ដី​អំពាវនាវ​របស់​ខ្លួន​ថា​ ប្រសិនបើ​កម្មករ​-កម្មការិនី​ បាត់បង់​ការងារ​ ដោយសារ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ រដ្ឋាភិបាល​គឺជា​អ្នកទទួល​ខុសត្រូវ​ ព្រោះ​រដ្ឋ​ជា​អ្នកនាំការ​លំបាក​ដល់​កម្មករ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។

VOD​ មិន​អាច​ទំនាក់ទំនង​លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ដើម្បី​ពន្យល់​អំពី​ការ​បញ្ហា​នេះ​បានទេ​នា​ថ្ងៃនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ​ គួង​ បាន​ថ្លែង​បញ្ជាក់​ថា​ ការ​ផ្ញើ​ស្នាមមេដៃ​របស់​កម្មករ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ របស់​សហភាព​សហជីព​កម្ពុជា​ ជា​រឿង​ធម្មតា​នៃ​ការអនុវត្ត​សិទ្ធ​បញ្ចេញមតិ​។

លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​គ្មាន​ផែនការ​ធ្វើសកម្មភាព​អ្វី​បន្ថែម​ទៀត​ទេ​ ដើម្បី​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ព្រោះ​សកម្មភាព​លម្អិត​អំពី​ការងារ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​ពន្យល់​តាមរយៈ​របាយការណ៍​ការ​ឆ្លើយតប​ចុងក្រោយ​ ផ្ញើ​ទៅ​គណៈកម្មការ​អឺរ៉ុប​រួចរាល់​ហើយ ​កាលពី​អំឡុង​ខែធ្នូ​កន្លងមក​។

លោក​ កុយ​ គួង​ បាន​បន្ត​ថា​៖ «យើង​អត់មាន​ធ្វើ​អី​ទៀត​ទេ​ ក្នុង​របាយការណ៍ ​យើង​បាន​រ៉ាយរ៉ាប់​ច្បាស់​អស់ហើយ​។ ពន្យល់​បី​ហេតុផល​ ពី​ការ​វិវឌ្ឍ​សភាពការណ៍​ទូទៅ​នៅក្នុង​ប្រទេស​យើង​រួចរាល់​អស់ហើយ​ ដូច្នេះ​យើង​អត់មាន​ត្រូវ​ធ្វើ​អី​ទៀតផង​ បាទ​។ អ្វីក៏ដោយ​ឱ្យ​តែ​ជា​ប្រយោជន៍​សម្រាប់​ជាតិ​យើង​ ទោះបី​តិច​ រឺ​ច្រើន​ ក៏​យើង​ចង់​រក្សា​ឱ្យ​មាន​ បាទ​»។

នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធ​មនុស្ស​ លោក​ មឿន​ តុលា​ បាន​ថ្លែង​គាំទ្រ​ការ​ធ្វើ​យុទ្ធនាការ​ដើម្បី​រក្សា​ EBA​ របស់​សហភាព​សហជីព​កម្ពុជា​ ថា​ជា​ការ​ជ្រើស​ពេលវេលា​ធ្វើការ​តវ៉ា​ដ៏​ត្រឹមត្រូវ​ និង​ទាន់ពេល​វេលា។ លោក​ថា​ ការប្រកាស​លទ្ធផល​នៃ​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ នឹង​ត្រូវ​ធ្វើ​នា​ខែកុម្ភៈ​ខាងមុខនេះ​ហើយ​ ដូច្នេះ​ យុទ្ធនាការ​នេះ​អាច​ផ្នែក​មួយ​ ទាញ​ការចាប់អារម្មណ៍​របស់​រដ្ឋាភិបាល​ងាក​មក​ចាប់អារម្មណ៍​បំពេញ​សកម្មភាព​ខ្វះចន្លោះ​របស់​ខ្លួន​។

លោក​ មឿន​ តុលា​ បាន​រៀបរាប់​ថា​៖ «កូន​សោរ​នៅ​ខាង​រដ្ឋ​ទេ​ បើសិនជា​រដ្ឋ​ លោក​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ គឺ​គាត់​នៅ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​។ ជាពិសេស​ចំណុច៤ ដែលគេ​លើកឡើង​កន្លងមក​ហ្នឹង​ គឺ​សិទ្ធកម្ម​ករ​ ច្បាប់​សហជីព​ សិទ្ធ​នយោបាយ​ សិទ្ធ​ពលរដ្ឋ​ សិទ្ធ​ដីធ្លី​អីហ្នឹង​។ ចឹង​បើ​គាត់​ដោះ ​ខ្ញុំ​គិតថា ​មិនទាន់​យឺត​ពេល​នៅឡើយ​ទេ​»។

ការ​ឆ្លើយតប​ចុងក្រោយ​របស់​រដ្ឋាភិបាល​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការគោរព​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ផ្ញើ​ជូន​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃទី១២​ ខែធ្នូ​កន្លងមក​នេះ​ ក្រសួង​ការបរទេស​រំពឹង​ថា​អឺរ៉ុប​នឹង​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ដោយ​ថា ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បាត់បង់​ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ជិត១លាន​នាក់​៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ