សភាពាណិជ្ជកម្មចិនប្រចាំខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយដល់ពលរដ្ឋខ្មែរដែលប្រឈមភាពអត់ការងារធ្វើ ជាមួយរដ្ឋបាលសាលាខេត្ត ក្រោយអាជីវកម្មល្បែងអនឡាញនៅខេត្តនេះត្រូវបានបញ្ជាឱ្យបិទតាមសារាចររដ្ឋាភិបាលកម្ពុជា។
តាមសំណេរលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា កិច្ចប្រជុំនោះធ្វើឡើងក្រោមប្រធានបទ«ចូលរួមព្រួយបារម្ភនឹងរដ្ឋបាលខេត្តព្រះសីហនុ ជួយដោះស្រាយបញ្ហាអ្នកអត់ការងារធ្វើ» នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែធ្នូ សប្តាហ៍មុន ដោយមានតំណាងរោងចក្រសហគ្រាសចិនជាង៤០ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ។
រដ្ឋាភិបាលកម្ពុជាបានចេញសារាចរបិទអាជីវកម្មល្បែងភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទនៅទូទាំងប្រទេស នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រោយមើលឃើញថា អាជីវកម្មទាំងអស់នេះបានបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងបន្ថែមថា ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសមាគមចិនចម្រុះក្នុងខេត្តជាង១០ផ្សេងគ្នា និងធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ការងារ និងសារាចរបញ្ឈប់អាជីវកម្មភ្នាល់តាមអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសការងារនៅតាមតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗក្នុងទឹកដីខេត្តនេះ។
ទោះយ៉ាងណាក៏ដោយ លោក ឃាង ភារម្យ អះអាងថា ការបិទកាស៊ីណូអនឡាញជះផលអវិជ្ជមានតិចតួចចំពោះពលរដ្ឋខ្មែរបម្រើការងារនៅទីកន្លែងទាំងនោះ ដោយលោកថា ដោយសារតែខេត្តនេះ មានសក្តានុពលទីផ្សារការងារច្រើនផ្សេងទៀតសម្រាប់ពួកគេ។
លោក ឃាង ភារម្យ មានប្រសាសន៍ថា៖ «នៅខេត្តព្រះសីហនុយើងហ្នឹង ក្រៅពីកាស៊ីណូ គឺមានតំបន់សេដ្ឋកិច្ចពិសេសដែលយើងមានរោងចក្ររាប់រយរោងចក្រ។ ចឹងបច្ចុប្បន្នហ្នឹង គឺនៅតំបន់សេដ្ឋកិច្ចពិសេសរបស់យើងទាំង៥កន្លែង ដូចខ្ញុំបានជម្រាបចឹងថា គឺនៅមានកង្វះខាតបុគ្គលិកកម្មករច្រើនណាស់»។
លោកបន្ថែមថា៖ «យើង [ពលរដ្ឋខ្មែរចំណាកស្រុកមកធ្វើការនៅខេត្តព្រះសីហនុ] អាចសំឡឹងមើលការងារផ្សេងទៀត ក្រៅពីក្រុមហ៊ុន ធនាគារ អចលនទ្រព្យ យើងអាចសំឡឹងមើលការងារនៅតំបន់សេដ្ឋកិច្ចពិសេស គឺកំពុងតែត្រូវការបុគ្គលិកច្រើន»។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុ លោក យ៉ូវ ខេមរា លើកឡើងថា ការបិទអាជីវកម្មល្បែងភ្នាល់ទាំងនោះ មិនបង្កបញ្ហាដល់ពលរដ្ឋខ្វះការងារធ្វើនោះទេ ដោយសារខេត្តនេះសម្បូររោងចក្រកំពុងជ្រើសរើសបុគ្គលិកកម្មករបម្រើការងារច្រើន។
លោក យ៉ូវ ខេមរា មានប្រសាសន៍ថា៖ «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវការកម្មករនិយោជិតទាំងអត់ជំនាញ ទាំងជំនាញជាង១ម៉ឺននាក់។ តំបន់សេដ្ឋកិច្ចពិសេស ជេជាំង នៅព្រៃនប់ នៅវាលរិញហ្នឹង ត្រូវការច្រើនពាន់នាក់។ រោងចក្រគាត់នៅតំបន់សេដ្ឋកិច្ចពិសេស ទើបបើកថ្មី។ រោងចក្រ៣ ដំណើរការ ហើយនឹងដប់ជាងផ្សេងទៀត នឹងដាក់ដំណើរការឆាប់ៗ។ ចឹងដូចមិនមានវិបត្តិអីទេ»។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មិនមើលឃើញថា ការបិទល្បែងភ្នាល់អនឡាញនៅខេត្តព្រះសីហនុ ជាបញ្ហានាំឱ្យពលរដ្ឋប្រឈមនឹងភាពអត់ការងារធ្វើនោះទេ ប៉ុន្តែ ដោយសារភាពខ្សោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងបង្កើតទីផ្សារការងារសម្រាប់ពលរដ្ឋ។
លោក មឿន តុលា មានប្រសាសន៍ថា៖ «ខេត្តព្រះសីហនុនេះ វាមិនគួរជាកន្លែងដែលយើងយកវិស័យល្បែងស៊ីសងយកទៅអភិវឌ្ឍនោះទេ។ យើងជាខេត្តមួយ ជាខេត្តទេសចរណ៍ ជាខេត្តកំពង់ផែអន្តរជាតិ។ បើសិនជាយើងគ្រប់គ្រងកំពង់ផែអន្តរជាតិហ្នឹងឱ្យបាន យើងមើលសិង្ហបុរី គេកសាងប្រទេសគេ គ្រាន់តែកំពង់ផែរបស់គេមួយឆ្នាំៗ គេចំណេញរាប់កោដ្ឋដុល្លារ ចំណូលពីកំពង់ផែគេហ្នឹង។ ចឹងងាកមកវិញ សម្រាប់ខ្ញុំ ខ្ញុំថាកុំយកហេតុផលនៃការបិទល្បែងហ្នឹង ឱ្យទៅជាពលរដ្ឋអត់ការងារធ្វើ ប៉ុន្តែ យើងត្រូវគិតថា តើរដ្ឋហ្នឹងបានគ្រប់គ្រង ចាត់ចែង រៀបចំ និងបង្កើតមុខរបរ បង្កើតការងារហ្នឹងឱ្យពលរដ្ឋបានអត់?»
បើតាមប្រធានមន្ទីរការងារខេត្ត លោក យ៉ូវ ខេមរា ប្រាប់ វីអូឌី ឱ្យដឹងកាលពីសប្តាហ៍មុនថា ក្រោយរដ្ឋាភិបាលចេញសារាចរបិទល្បែងភ្នាល់អនឡាញ ពលរដ្ឋខ្មែរដែលបម្រើការងារនៅកាស៊ីណូក្នុងខេត្តព្រះសីហនុចំនួន៧៧០០នាក់ បានបាត់បង់ការងារ ខណៈកាស៊ីណូក្នុងទឹកដីខេត្តនេះ ចំនួន៧៣កន្លែង ត្រូវបានបិទ ឬផ្អាកដំណើរការ៕