បេក្ខជន​ប្រឡង​ចៅក្រម៥រូប​ប្ដឹង​ទៅ​លោក​ ហ៊ុន សែន​ ថា​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​លទ្ធផល​ប្រលង​

ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី១០ លើ​វិញ្ញាសា​សរសេរ និង​វិញ្ញា​សារ​ផ្ទាល់មាត់​។ (រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ )

បេក្ខជន​ប្រឡង​ចៅក្រម៥​រូប​ បាន​ចេញមុខ​ដាក់ពាក្យ​បណ្ដឹង​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ស្នើ​ឱ្យ​អន្តរាគមន៍​ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពួកគេ​ ដោយ​លើកឡើង​ថា​ ការ​ប្រឡង​ជ្រើសរើស​នោះ​គ្មាន​តម្លាភាព​។

ក្នុង​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដែល​ដាក់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រុម​បេក្ខជន​ទាំង៥រូប​ បាន​ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី១០ ឱ្យ​បង្ហាញ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​ចៅក្រម​ជំនាន់​ទី១០​ លើ​វិញ្ញាសា​សរសេរ និង​វិញ្ញា​សារ​ផ្ទាល់មាត់​។

តាម​ពាក្យ​បណ្ដឹ​ងដដែល​ បេក្ខជន​ស្នើ​លោក ​ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍​ចំនួន៤ចំណុច​ រួមមាន​ បង្ហាញ​អំពី​នីតិវិធី​នៃ​ការ​ដាក់​ពិន្ទុ​លើ​វិញ្ញាសាសរសេរ​ លទ្ធផល​ពិន្ទុ​ ប្រៀបធៀប​ និង​ផ្ទៀងផ្ទាត់​ចម្លើយ​លើ​ឯកសារ​សរសេរ​នៅក្នុង​ដំណាក់កាល​នៃ​កា​រប្រទ្បង​លើ​វិញ្ញាសាសរសេរ​របស់​បេក្ខជន​ជាប់​ជាស្ថាពរ៥០រូប​ ជាមួយនឹង​លទ្ធផល​ពិន្ទុ​ និង​ចម្លើយ​ឯកសារ​សរ​សេ​របស់​ពួកគាត់​ និង​នីតិវិធី​នៃ​ការ​ដាក់​ពិន្ទុ​លើ​វិញ្ញា​សា​ផ្ទាល់មាត់​ និង​លទ្ធផល​ពិន្ទុ​ ប្រៀបធៀប​ និង​ផ្ទៀងផ្ទាត់​សំណួរ​ និង​ចម្លើយ​ផ្ទាល់មាត់​នៅក្នុង​ដំណាក់កាល​នៃ​កា​រប្រទ្បង​លើ​វិញ្ញា​សា​ផ្ទាល់មាត់​របស់​បេក្ខជន​ជាប់​ជាស្ថាពរ៥០រូប​ ជាមួយនឹង​លទ្ធផល​ពិន្ទុ​ និង​ចម្លើយ​ផ្ទាល់មាត់​របស់​ពួកគេ​ទាំងអស់គ្នា។

បេក្ខជន​ទាំង៥រូប​នោះ​ ក៏បាន​អះអាង​ផង​ដែរ​ថា ​ការប្រកាស​លទ្ធផល​វិញ្ញាសា​ស​រសេ​រនៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី១០ នៃ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ កាលពី​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៩ មិនបាន​បង្ហាញ​លទ្ធផល​ដាក់​ពិន្ទុ​តាម​មុខវិជ្ជា​នី​មួយ​ៗដូច​ជំ​នាន់​មុន​ៗឡើយ​។

បេក្ខជន​ប្រឡង​ចៅក្រម​ជំនាន់​ទី១០​ ដែល​ជាប់​ក្នុង​វគ្គ​សរសេរ​ លោក​ គង់​ ប៊ុ​នរិទ្ធ​ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា​ ពួកគាត់​ស្នើសុំ​ទៅ​គណៈកម្មការ​នាយក​រៀបចំ​ការ​ប្រឡង​ ឱ្យ​បង្ហាញ​លទ្ធផល​នៃ​ការ​ដាក់​ពិន្ទុ​សារ​ធា​ណៈ​ ប៉ុន្តែ​លោក​ថា​ គណៈកម្មការ​នេះ​ មិនបាន​បង្ហាញ​ឡើយ​។

លោក​ថា​៖ «ក្រដាស​តារាង​ពិន្ទុ​នៅ​លើ​ដៃ​គាត់​ នៅចំពោះមុខ​យើង​។ ប៉ុន្តែ​ គាត់​មិន​ឱ្យ​យើង​មើល​ទេ​ គាត់​សុខចិត្ត​ហៅ​ឱ្យ​បេក្ខជន​ដែល​បាន​ចូលរួម​ប្រឡង​ឈ្មោះ​អ្វី​ត្រូវ​កត់​ ពិន្ទុ​រដ្ឋប្បវេណី​ប៉ុន្មាន​ ព្រហ្មទណ្ឌ​ប៉ុន្មាន​ ហើយ​ពិន្ទុ​ផ្ទាល់មាត់​លើ​វិញ្ញា​សានី​មួយ​ៗប៉ុន្មាន​ គាត់​ហៅ​ឱ្យ​។ អ៊ីចឹង ​ខ្ញុំ​ឆ្ងល់​មែនទែន​ បើសិន​លេច​លឺ​ដល់​សាធារណជន​អ្នកណា​ក៏​ឆ្ងល់​ដែរ​ ពិន្ទុ​ប្រឡង​ខ្លួនឯង​ទេ​ ហេតុ​អី​ក៏​អាថ៌កំបាំង​ម៉្លេះ​។ ចំណុច​នេះ​ហើយដែល​ខ្ញុំ​ទាមទារ​ឱ្យ​រាជបណ្ឌិត​សភា​ បង្ហាញ​តម្លា​ភាព​ចំពោះ​លទ្ធផល​ឱ្យ​បាន​»។

បេក្ខជន​ លោក​ សូ​ ដា​វី​ ដែល​ចូលរួម​តវ៉ា​ដែរ​ អះអាង​ថា​ ការដែល​ពួកគាត់​ស្នើសុំ​នេះ​ គឺ​ដើម្បី​ឱ្យ​សិស្ស​ទាំងអស់​បានដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ និង​បង្ហាញ​ពី​តម្លាភាព​ ប៉ុន្តែ ​គណៈកម្មការ​ប្រលង​មិនបាន​បង្ហាញ​ឡើយ​។

លោក​ថា​៖ «ការ​ស្នើសុំ​នេះ​ បើ​តាមខ្ញុំ​គិត​ គ្មាន​អី​ដែល​លើសលស់​ទេ​។ ផ្ទុយទៅវិញ​វា​ ផ្ដល់​ពី​ភាព​យុត្តិធម៌​សម្រាប់​សិស្ស​ចៅក្រម​ទាំងអស់​ដែល​បាន​ចូលរួម​ប្រឡងប្រជែង​ ក៏​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ទូទៅ​ គឺ​រើស​បាន​ចំណេះដឹង​ពិតប្រាកដ​ទៅ​ធ្វើការ​»។

បេក្ខជន​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​ និង​សំឡេង​ អះអាង​ថា​ ការ​បង្ហាញ​លទ្ធផល​នេះ​ វា​មិនបាន​ប៉ះពាល់​ដល់​កិត្តិយស​សិស្ស​ចូលរួម​ប្រឡង​ ហើយក៏​មិន​ប៉ះពាល់​ប្រទេសជាតិ​ដែរ​ ផ្ទុយទៅវិញ​ លោក​ថា​ បង្ហាញ​សមត្ថភាព​របស់​សិស្ស​នី​មួយ​ៗទៅវិញ​ទេ​។

លោក​បន្ត​ថា​ ការ​បង្ហាញ​លទ្ធផល​នេះ​ វា​ជា​ការ​លើកទឹកចិត្ត​ដល់​យុវជន​ជំ​នាន់​ក្រោយ​ៗទៀត​ ឱ្យ​បានឃើញ​ថា​ អ្នក​ដែល​មាន​សមត្ថ​ពិត​នឹង​ជាប់​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ ដោយ​លោក​ថា​ ក្រសួង​យុត្តិធម៌​បាន​ធ្វើការ​ពន្យល់​ទៅ​ក្រុម​សិស្ស​ ហើយ​អង្គភាពប្រឆាំង​អំពើពុករលួយ​ ក៏បាន​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ភាព​ប្រក្រតី​ និង​តម្លាភាព​នៃ​ការរៀបចំ​ការ​ប្រឡង​រួច​អស់​ហើយ ករណីនេះ​ ក្រសួង​មិន​មាន​វិធាន​អ្វី​ទៀត​ឡើយ​។

លោក​ថា​៖ «អ៊ីចឹង​ អ្នក​ពូកែ​មាន​ច្រើន ​ក៏ប៉ុន្តែ​ គេ​ត្រូវ​យក​ចំនួន​ដែល​មានកំណត់​។ ប្រសិនបើ​គាត់​មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ ការ​ប្រឡង​នេះ​ មាន​ភាព​មិន​ប្រក្រតី​ណា​មួ​យដែល​នាំ​ឱ្យ​គាត់​ធ្លាក់​ ដូចជា​ អំពើពុករលួយ​ ការ​សូកប៉ាន់​អី​ សូម​គា​ត់​បង្ហាញ​ភស្ដុ​តាង​ឱ្យ​បាន​ច្បាស់លាស់​ ថា​តើ​សំណូក​សូកប៉ាន់​ អ្នកណា​សូក​ អ្នកណា​អ្នកទទួល​ ក្រោម​រូបភាព​យ៉ាងម៉េច​ខ្លះ ​ឱ្យ​ច្បាស់​ទៅ​ អាច​ប្ដឹង​ទៅ ​AUC ​បាន​។ បើ​ឱ្យ​សើរើ​ការ​ប្រឡង​មិន​សម​ហេតុ​ មិន​សម​ផង​»។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ មានប្រសាសន៍​ថា​ ភាព​ចម្រូង​ចម្រាសនៃ​ការប្រឡងប្រជែង​ចៅក្រម​នេះ​ បាន​កើតឡើង​យូរហើយ​។ លោក​បន្ត​ថា​ ប្រសិនបើ​ការប្រឡងប្រជែង​ចៅក្រម​មិន​មាន​ភាព​សុក្រឹត​នោះ​ លោក​ថា​ នឹង​ធ្វើ​ឱ្យ​ការ​កាត់សេចក្ដី​មាន​ភាព​អយុត្តិធម៌​ក្នុង​សង្គម​។

លោក​ថា​៖ «ត្រូវតែ​មានការ​ស៊ើបអង្កេត​មួយ​ ដែល​ពិនិត្យមើល​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ធានា​ថា​ ការ​ប្រឡង​ហ្នឹង​ បាន​ប្រព្រឹត្តទៅ​ដោយ​ភាព​ត្រឹមត្រូវ​ ហើយ​ពិតជា​មានការ​ប្រកួតប្រជែង​មែន​។ បើ​មិន​ដូច្នេះ​ទេ​ ការ​ប្រឡង​ដែល​មានរឿង​អាស្រូវ​ ដែល​មាន​ភាព​ចម្រូង​ចម្រាស​បែបនេះ​ គឺជា​ការ​ប្រឡង​មួយ​មិន​មានន័យ​។ នៅពេល​ដែល​មានរឿង​អាស្រូវ​បែបនេះ​ ខ្ញុំ​នៅតែ​មន្ទិល​ ខ្ញុំ​គិតថា​ នឹង​មានរឿង​អយុត្តិធម៌​បែបនេះ​បន្ត​ទៀត​ នឹង​ធ្វើ​ឱ្យ​ខូច​មុខមាត់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​។»

របាយការណ៍​របស់​អង្គការ​តម្លា​ភា​ពដែល​ចេញ​កាលពី​ខែមករា​ ឆ្នាំ២០១៩​ បង្ហាញថា ​ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​ទី១៦១​ ក្នុងចំណោម​ប្រទេស​ចំនួន១៨០​។ របាយការណ៍​ដដែល​ ឱ្យ​ដឹង​ថា ​ក្នុងចំណោម​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ទាំង១០​ ប្រទេស​សឹង្ហ​បុរី​ជា​ប្រទេស​ដែល​ស្អាតស្អំ​ជាងគេ​ ពោល​គឺ​ទទួល​បាន​ពិន្ទុ​រហូតដល់៨៥​ ខណៈ​ដែល​កម្ពុជា​ទទួល​បានតែ២០ពិន្ទុ​ប៉ុណ្ណោះ​។ ប្រភព​ដដែល​ថា​ តាមរយៈ​ពិន្ទុ​នេះ​ កម្ពុជា​ នៅតែ​ជា​ប្រទេស​ដែល​មានកម្រិត​អំពើពុករលួយ​ខ្ពស់​។

បើ​តាម​បេក្ខជន​ លោក​ គង់​ ប៊ុ​នរិទ្ធ​ អះអាង​ថា​ បេក្ខជន​ដែល​ចូលរួម​ការ​ប្រឡង​ចំនួន៦៥០នាក់​ បាន​ចូលរួម​ការ​ប្រឡង​ ប៉ុន្តែ​ ក្នុងចំណោម​ ៦៥០​នាក់​ គឺ​ជ្រើសរើស​យក​តែ៥០នាក់​។ ការ​ប្រឡង​នោះ​ ត្រូវ​ធ្វើឡើង​ក្នុងរយៈពេល២ថ្ងៃ​ គឺ​នៅ​ថ្ងៃទី២៣​ និង​ទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លើ​មុខវិជ្ជា​សំ​ខាន់​ៗចំនួន៤​ គឺ​ក្រម​ព្រហ្មទណ្ឌ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ក្រមរ​ដ្ឋ​ប្ប​វេណី​ និង​ក្រម​នីតិវិធី​រដ្ឋប្បវេណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ