លោក ហ៊ុន សែន ព្រមាន​ចាត់​ការ​មន្ត្រី​ដែល​ជំរុញ​ឱ្យ​ដក​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​ក្រោយ​អគារ​បាក់​រលំ

ក្រុម​ជួយ​សង្គ្រោះ​ស្វែង​រក​ជន​រង​គ្រោះ​ដែល​កប់​ជាប់​នៅ​ក្រោម​គំនរ​សំណង់​អគារ​បាក់​បែក​ក្រោយ​ដួល​រលំ​នៅ​ឯ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០។ (ជន ចាន់រ៉ែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​ដក​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​កែប​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​ លោក​ព្រមាន​ចាត់ការ​ទៅ​លើ​មន្ត្រី​របស់​លោក ដែល​ជំរុញ​ឱ្យ​ដក​តំណែង​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​។

លោក​នាយករដ្ឋ​មន្ត្រី​បាន​ប្រកាស​បែប​នេះ​នាថ្ងៃត្រង់ថ្ងៃទី០៥ ខែមករា អំឡុង​ពេល​លោក​ថ្លែង​បិទ​បញ្ចប់​​ប្រតិបត្តិការរុករក​ជន​រង​គ្រោះ​កប់​ជាប់​នៅ​ក្រោម​គំនរ​អគារ​កម្ពស់ ៧​ជាន់ ដែល​បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

លោក ហ៊ុន​ សែន ថ្លែង​ថា​៖ «ខ្ញុំអាចបញ្ជាក់បានថា អត់មានការដកចៅហ្វាយខេត្ត ឬអនុខេត្តទេ និយាយគ្នាឱ្យច្បាស់។ ខ្ញុំនឹងអាចពិនិត្យទៅលើមន្ត្រីរបស់ខ្ញុំមួយចំនួនដែលកំពុងនៅក្នុងជួរ​រដ្ឋាភិបាល បង្ហោះហ្វេសប៊ុកចេញ ព្រោះតាំងពីរឿងនេសាទស្អី ប្រមូលផ្ដុំមកទៅលើអគារ សំដៅរុញច្រានឱ្យខ្ញុំដកតំណែងអភិបាលខេត្តកែបតែម្ដង»

អគារកម្ពស់ ៧ជាន់​ ស្ថិត​ក្នុងក្រុងកែបខេត្តកែប បាន​បាក់​រលំ​កាលពីរសៀល​ថ្ងៃទី០៣ ខែមករា ដោយ​បានសម្លាប់មនុស្សសរុប៣៦នាក់ និងបណ្ដាលឱ្យមនុស្ស ២៣នាក់​ទៀត​រងរបួស ក្នុងនោះកុមារចំនួន ៦នាក់​ផង​ដែរ។

លោក ហ៊ុន សែន បានលើកឧទារហណ៍ពីគ្រោះបាក់អគារនានានៅបណ្ដាប្រទេសជុំវិញពិភពលោក ដោយបញ្ជាក់ថា មិនមែនមានគ្រោះបាក់អគារតែនៅកម្ពុជាឡើយ។

លោក ហ៊ុន សែន ថែ្លង​បន្ត​ថា៖«នៅប្រទេសនានាដែលបានកើតដូចសហរដ្ឋអាម៉េរិក ដួលអគារ តើគេមានដកអភិបាលរដ្ឋគេទេ?»

លោក ហ៊ុន សែន ពុំ​បាន​ថ្លែង​ចំ​ឈ្មោះ​មន្ត្រី​រូប​ណា​នោះ​ឡើយ ប៉ុន្តែ លោក​បាន​គ្រាន់​តែ​ថ្លែង​ថា មន្ត្រី​រូប​នោះ​​ជា​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហើយ​លោក​ក៏​បាន​ឆ្លើយ​តប​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

ទោះជាយ៉ាងណា គណនី​ហ្វេសប៊ុក​ឈ្មោះ ហ៊ុន សែន (Hun Sen) បាន​បញ្ចេញ​មតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​«សង្ឃឹម​ថា ឯកឧត្ដម​មិន​ប្រើ​​ពេល​វេលា​នេះ រុញ​ឱ្យ​ខ្លោច រោជ​ឱ្យ​ឆៅ​នោះ​ទេ» ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ដែល​បាន​​បង្ហោះ​សារ​លើ​​គណនី​ហ្វេសប៊ុក​លោក​ថា «ហើយ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់​ដែល​មាន​មន្ត្រី​អសមត្ថភាព​មួយ​ចំនួន​បណ្ដាល​ឱ្យ​បង​ប្អូន​រង​គ្រោះ​ដូច្នេះ»

លោក ពេជ្រ ស្រស់ ថ្លែងប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោក​គ្រាន់​តែ​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ការងារ​នៅ​ថ្នាក់​ក្រោម​​ជាតិ​តែ​ប៉ុណ្ណេះ ហើយ​លោក​ថា ចំណែក​ឯ​ការ​ដក​ហូត ឬ​តែងតាំង​នរណា​ម្នាក់ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​នាយករដ្ឋ​មន្ត្រី។

លោក ពេជ្រ ស្រស់៖«ខ្ញុំគ្មានលទ្ធភាពឯណាទៅរុញឱ្យនាយករដ្ឋមន្ត្រីទៅដកមន្ត្រីណាមួយទេ។អ្វីដែលខ្ញុំចង់ផ្តោតជាចម្បង គឺជំរុញប្រសិទ្ធភាពការងារថ្នាក់ក្រោមជាតិ និងស្វែងរកប្រភពបញ្ហាឱ្យបានច្បាស់លាស់ ធានាការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាឱ្យ​បានប្រសើរ»

លោក ហ៊ុន សែន បញ្ជាក់​ថា សំណង់​អគារ​នោះ បានបាក់​រលំ​បណ្ដាល​មក​ពី​​ដែកសង់សំណង់មិនត្រូវខ្នាត និងបច្ចេកទេសដោះពុម្ពប្លង់សេមុនថ្ងៃកំណត់ ដែល​បណ្ដាល​ឱ្យ​បាក់​រលំ​សង្កត់​លើ​មនុស្ស។

លោក ហ៊ុន សែន៖ «អ៊ីចឹង មេការរូបនេះ គាត់បានទទួលមរណភាពទាំងខ្លួនទាំងកូនទៅទៀត មិនអាចចាប់គាត់ទៅទទួលទោសទេ មានតែផ្តល់ជំនួយជូនគ្រួសារគាត់»

ប្រធានសម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ លោក សុខ គីន បាន​ថ្លែង​ថា លោក​កោត​សរសើរ​​ចំពោះ​ទឹក​ចិត្ត​លោក​នាយករដ្ឋមន្ត្រី​សម្រាប់​ក្នុងហេតុការណ៍នេះ ប៉ុន្តែ លោកថា យុត្តិធម៌សម្រាប់ជនរងគ្រោះ មិនអាចយកទឹកលុយមកដូរបានទេ។

លោកស្នើឱ្យមានការស៊ើបអង្កេតរកឱ្យឃើញ​អ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់ និងស្នើឱ្យរៀបចំយន្តការចាំបាច់នានាដើម្បីធានាសុវត្ថិភាពកម្មករសំណង់ទៅថ្ងៃមុខ។

លោក សុខ គីន មាន​ប្រសាសន៍​ថា៖ «ទាល់តែអនុវត្តតាមច្បាប់ ស៊ើបអង្កេតអីត្រឹមត្រូវទើបអាចធានាថា សំណង់ទៅថ្ងៃមុខមិនមានបញ្ហាកើតឡើងតទៅទៀត បើសិនជាមិនរកឫសរកគល់ឱ្យឃើញ នោះថ្ងៃមុខទៀតមន្ត្រីអាជ្ញាធរខិលខូច និងឈ្នួញ​ទុច្ចរិត នៅតែឃុប​ឃិត​គ្នាតទៅទៀត ហើយបញ្ហានឹងមានទៀត»

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​ទំនោរ​គាំ​ទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​ពី​ចំនួន​អគារ​បាក់​រលំ​នៅ​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​កាល​ពី​ឆ្នាំ​មុន ដូចជា សហរដ្ឋ​អាមេរិកជាដើម ប៉ុន្តែ ពុំ​បាន​ផ្សាយ​អំពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះទេ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើ​ហ្វេសប៊ុក​លោក​នៅ​ថ្ងៃ​នេះ​ថា មន្ត្រី​ថ្នាក់​ខ្ពស់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ជីវិត​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នេះ និង​ត្រូវ​មាន​ការ​ស៊ើប​អង្កេតជា​សាធារណៈ​ផង​ដែរ។

លោក ហ៊ុន សែន ក៏​ប្រកាសផ្តល់សំណង​ចំនួន ៥​ម៉ឺន​ដុល្លារ​ទៅ​ដល់​គ្រួសារ​សព​នីមួយៗ និង​ថវិកា​យ៉ាង​តិច ១​ម៉ឺន​ដុល្លារ​ទៀត​ទៅ​ដល់​អ្នក​រង​របួស​ម្នាក់ៗ។

ចំណែក​ឯ​ម្ចាស់​សំណង់​វិញ លោក ហ៊ុន សែន អះអាងថា ត្រូវបានឃាត់ខ្លួនក្នុងស្នងការនគរបាលខេត្តកែប និងត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពត ដើម្បីអនុវត្តនិតិវិធីច្បាប់។

កាលពីថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ២០១៩ កម្មករសំណង់ខ្មែរ ២៨នាក់ បានស្លាប់ និង២៦នាក់ទៀតបានរងរបួស ក្រោយ​ពី​សំណង់​អគារ​ដែក​របស់​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ។

កាលពីថ្ងៃទី៣ ខែធ្នូ​កន្លងមក​នេះ អគារសាលាឆាន់ក្នុងវត្តប្រាសាទគោកចក ស្ថិត​ក្នុង​ក្រុង​សៀមរាប ក៏​បាន​បាក់​រលំ​ផង​ដែរ ដោយ​បណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស។

សរុបមិនដល់មួយឆ្នាំផង មានកម្មករសំណង់ ៦៥នាក់ស្លាប់ ៦៤នាក់រងរបួស ដោយសារបាក់សំណង់អគារកំពុងសាងសង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ