ក្រសួង​អប់រំ​ធ្វើ​យុទ្ធនាការ​រយៈពេល​មួយ​ខែលើក​កម្ពស់​សុវត្ថិភាព​ចំណីអាហារ​តាម​សាលារៀន​

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក​ ហង់​ជួន ​ណា​រ៉ុន​ បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​ នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។ (ហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា)

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ប្រកាស​យក​ខែមករា​ឆ្នាំនេះ​ ជា​វេលា​ផ្តើម​ធ្វើ​យុទ្ធនាការ​ពេញ​មួយ​ខែ​ លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​ក្នុង​សាលារៀន​ ដើម្បី​ធានា​ថា​ ចំណី​អាហារគ្មាន​សា​រធាតុគីមី​ និង​អនាម័យ​ល្អ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក​ ហង់​ជួន ​ណា​រ៉ុន​ បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចំណីអាហារ​ នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម​កាលពី​ព្រឹកមិញ​នេះ​ថា​ សកម្មភាព​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​គោលដៅ​សំខាន់​ជា​អ្នកលក់​ដូរ​នៅ​តាម​សាលា​ បាន​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ការ​រក្សា​អនាម័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ ការ​អនុ​ត្ត​បម្រាម​លក់ដូរ​អាហារ​ទាំង៦ប្រភេទ​នៅ​សាលារៀន​បាន​ល្អ​ នឹង​ធ្វើ​ឱ្យ​សុខភាព​របស់​សិស្សសាលា​ ពិសេស​កុមា​រតូចៗ​បាន​ល្អ​ប្រសើរ​។

ប្រភេទ​អាហារ​ហាម​លក់​ក្នុង​សាលារៀន​មាន​ដូចជា​ ទី១​ អាហារ​ហួស​កាលកំណត់​ប្រើប្រាស់​ ទី២​ គ្រឿងស្រវឹង​ និង​ថ្នាំជក់​ ទី៣​ អាហារ​គ្មាន​ប្រភព​ច្បាស់លាស់​ ទី៤​ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ មាន​រសជាតិ​ផ្អែម​ខ្លាំង​ កាហ្វេ​ ការ៉េម​ និង​ទឹក​ស៊ី​រ៉ូ​គ្រប់​ប្រភេទ​ ទី៥​ ស្ករ​សូកូឡា​ ស្ករគ្រាប់​ និង​ស្ករកៅស៊ូ​គ្រប់​ប្រភេទ​ និង​ទី៦​ ចាហួយ​ នំ​ដូណាត់​ និង​នំ​ផ្អែម​ខ្លាំង​។

លោក​ ហង់​ជួន​ ណា​រ៉ុន​ បាន​បន្ថែម​ថា​៖ «ទី១​ នាយក​ត្រូវ​អនុវត្ត​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ ត្រូវ​មានការ​ត្រួតពិនិត្យ​ ហើយ​ប្រសិនបើ​អ្នកលក់​នៅតែ​បន្ត​ទៀត​ គឺ​យើង​មិន​ត្រូវ​ឱ្យ​គាត់​លក់​ទេ​ បញ្ឈប់​មិន​ឱ្យ​គាត់​លក់​នៅ​តាម​សាលារៀន​»។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នកស្រី​ អ៊ុ​ក ឆា​យ៉ា​វី​ បាន​ថ្លែង​បញ្ជាក់​ថា​ បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ គឺ​រឿង​ដ៏​ស្មុគស្មាញ​ ពិបាក​ដោះស្រាយ​។ អ្នកស្រី​ថា​ ការ​លើកកម្ពស់​សុខភាព​សិស្សសាលា​ត្រូវ​មាន​វិធានការ​ជា​ប្រព័ន្ធ​ ក្រសួង​នានា​ត្រូវ​សហ​ការ​រួមគ្នា​ត្រួតពិនិត្យ​គុណភាព​អាហារ​ ដោយ​ផ្តើម​ដំបូង​តាំងពី​ការនាំចូល​ នោះ​ទើប​ប្រសើរ​។

អ្នកស្រី​ អ៊ុ​ក ឆា​យ៉ា​វី​ បាន​រៀបរាប់​ថា​៖ «ទាក់ទង​នឹង​បញ្ហា​ទាំងអស់​ហ្នឹង​ ខ្ញុំ​គិតថា​ វា​អត់មាន​អី​បាន​ជោគជ័យ​ទេ​ លុះត្រាតែ​នំចំណី ​(ចំណី​ប៉ះពាល់​សុខភាព​កុមារ​) ទាំងអស់​ហ្នឹង​ ត្រូវ​គេ​បិត​កុង​ ត្រូវ​មិន​ឱ្យ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ចាស៎!​ នេះ​បាន​ហៅថា ​ជោគជ័យ​។ បើសិនជា​បិទ​តែ​ក្នុង​សាលា​ ប៉ុន្តែ​ នៅ​កន្លែង​ផ្សេង​ៗ ម៉ា​សន្ធឹក​ សិស្សសាលា​គាត់​អាច​ទៅ​ទិញ​កន្លែង​ផ្សេង​បាន​តើ​»។

តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ យុទ្ធនាការ​នេះ​នឹង​បន្ត​ធ្វើ​នៅ​សា​លា​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​មាន​ខេត្ត​កំពង់ចាម​ កំពង់ឆ្នាំង​ និង​ខេត្ត​ព្រះសីហនុ​ ជាដើម​។

បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ កាលពី​ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៩​ មាន​ករណី​ពុល​ចំណីអាហារ​មួយ​ នៅ​សាលាបឋមសិក្សា​អូរអំបិល​ សង្កាត់​អូរអំបិល​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ បណ្ដា​លឱ្យ​កុមារ​ចំនួន៣៣នាក់​ពុល​។ សិស្សសាលា​មាន​អកា​រៈ​ឈឺក្បាល​ ក្អួតចង្អោរ​ និង​ចុកពោះ​ ក្រោយ​ផឹកទឹក​ដោះ​គោ​ម៉ាក​ Angkor​ Milk​ ខណៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​បាន​ចុះ​មក​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន។

របាយការណ៍​របស់ក្រ​សួង​សុខាភិបាល​បាន​បញ្ជាក់​ថា​ ឆ្នាំ២០១៨​ មាន​ករណី​ពុល​ចំណីអាហារ​សរុប​ចំនួន​ ១៨លើក​ មាន​អ្នក​ពុល​ចំនួន​ ៨៥២នាក់​ ចំណោម​នោះ​មាន​អ្នក​ស្លាប់​ ១៣នាក់​។ រយៈពេល​ ៣ខែ​ដើមឆ្នាំ២០១៩​ មាន​ករណី​ពុល​ចំណី​ ៦លើក​ មាន​អ្នក​ពុល​ចំនួន២៤៦នាក់​ ហើយ​មាន​ជនរងគ្រោះ​រហូត​ស្លាប់​ចំនួន២នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ