ពលរដ្ឋ​សហគមន៍​ផ្លូវ​រទេះ​ភ្លើង​ម្ដុំ​ទួលសង្កែ​ស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​បង្ក្រាប​បញ្ហា​គ្រឿង​ញៀន​ដើម្បី​បញ្ចៀស​អគ្គិភ័យ​ជាថ្មី

ផ្ទះពលរដ្ឋរងគ្រោះដោយភ្លើងឆេះ នាថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនៅផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានលើកជាសំណូមពរ សូមឱ្យអជ្ញាធរដែនដីចាត់វិធានការណ៍បង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន បញ្ជៀសបញ្ហាអគ្គីភ័យច្រំដែល កែលម្អស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិសង្កាត់។

កាលពីថ្ងៃទី០៦ ខែមករាកន្លងមកនេះ វេលាម៉ោងប្រមាណ ១:៣០នាទីរំលងអាធ្រាត្រ គ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងភូមិបាក់ទូក បណ្តាលឱ្យផ្ទះ និងបន្ទប់ជួលចំនួន ១៥ល្វែង ឆេះអស់ទាំងស្រុង។

ពលរដ្ឋរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យ អ្នកស្រី សុខ យ៉ាលី បានរៀបរាប់ថា អគ្គិភ័យបានបំផ្លាញអស់ទ្រព្យសម្បត្តិ ដែលអ្នកស្រីប្រឹងសន្សំពីមុខរបរជាអ្នកអូសរទេះលក់គ្រឿងម្ជូរប្រមាណជាង ១០ឆ្នាំមកហើយ។ អ្នកស្រីថា មនុស្សក្នុងគ្រួសារចំនួន ៥នាក់ បានរួចជីវិតពិតមែន តែត្រូវបាត់បង់មុខរបរទាំងស្រុង ព្រោះភ្លើងឆេះសម្ភារៈប្រើប្រាស់ទាំងអស់។

អ្នកស្រី សុខ យ៉ាលី ប្រាប់ថា៖ «ខ្ញុំអត់ដឹងដែរ ខ្ញុំកំពុងតែសម្រាន្តលក់អ៊ីចឹងទៅ គេឆេះពីនោះមកគេស្រែក។ ម្ចាស់អ្នកមើលការខុសត្រូវ គាត់ស្រែកថា ភ្លើងឆេះហើយៗ ងើបឡើង ខ្ញុំស្ទុះងើបទៅ ឃើញឆេះខាងនោះមកមុន ប្រហែលជាម៉ោង ១ ស្រវ៉ាបានតែខោអាវចាស់តិចតួច។ អត់ដែលសោះអូនអើយ គ្រាន់តែងើបឡើងព្រលឹងព្រលះអីអស់អាលីង ឈរមើលគេផង ឃើញគេស្រវេស្រវាអី ខ្លួនឯងគ្មានទាញអីមកទេ ភ័យពេកទាញតែដៃម៉ែ និងកូនមក។ ខ្ញុំសំណូមពរឱ្យសប្បុរសជន អជ្ញាធរដែនដីជួយជាសម្ភារៈខ្លះដើម្បីរកស៊ីបន្តទៀត»

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះម្នាក់ទៀត អ្នកស្រី ប៉េង សុខ បានអះអាងថា គ្រោះថ្នាក់នាពេលនេះ គ្រួសារអ្នកស្រីខូចខាតទ្រព្យសម្បត្តិ និងផ្ទះ សរុបជាទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លា។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ការស់នៅក្នុង​សហគមន៍​នេះ​ប្រមាណជាង ២០ឆ្នាំមកនេះ អ្នកស្រីបានក្លាយជាជនរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ៣ដងហើយ។ អ្នកស្រី​ប្រាប់​ថា ពុំ​បាន​ដឹង​ពី​មូលហេតុពិត​ប្រាកដ​នៃ​ភ្លើងឆេះ​នេះទេ ប៉ុន្តែ អ្នកស្រីថា ជម្លោះរបស់អ្នកជិតខាងជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ហើយមានរបរជាអ្នករើសអេតចាយ តែងបង្កបញ្ហាដល់អ្នករស់នៅក្នុងភូមិជាញឹកញាប់​។

អ្នកស្រី ប៉េង សុខ និយាយ​ថា៖ «ឥឡូវនេះ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលជួយធ្វើផ្លូវ ហើយអនុញ្ញាតឱ្យពលរដ្ឋបានសង់ផ្ទះឱ្យបានសមរម្យផង កុំឱ្យមានរឿងអនាធិបតេយ្យនៅកន្លែងហ្នឹងទៀត។ អូនឯងគិតមើល ប្លុកនេះ គឺប្លុកអនាធិបតេយ្យតាំងពីអ្នកជក់គ្រឿងញៀន លក់គ្រឿងញៀន ល្បែងអីមានគ្រប់មុខទាំងអស់។ អីរស់នៅរាល់ថ្ងៃនេះ ពិបាកចិត្តណាស់ កង្វល់រឿងកូនចៅហ្នឹងខ្លាចតែអារឿងភ្លើងហ្នឹងមួយមុខទេ តែឥលូវត្រូវដល់ពេលហ្នឹងវាមានរឿងភ្លើងឆេះហ្នឹងមែន»

ប្រធានភូមិបាក់ទូក លោក ង៉ែត ចាន់ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរនៅពុំទាន់អាចកំណត់អំពីមូលហេតុពិតប្រាកដបណ្តាលឱ្យមានភ្លើងឆេះផ្ទះទាំង ១៥ល្វែងនោះបាននៅឡើយទេ។

លោកថា ភ្លើងឆេះរាលដាលលឿន ហើយខូចខាតច្រើន ព្រោះជាប្រភេទសំណង់មិនរៀបរយ មានបន្ទប់តូចៗសង់ជាប់គ្នា ហើយតភ្ជាប់ដោយផ្លូវតូចចង្អៀតខ្វាត់ខ្វែង ធ្វើឱ្យរថយន្តពន្លត់អគ្គិភ័យពិបាកចូលពន្លត់ភ្លើង។

លោក ង៉ែត ចាន់ និយាយ​ថា៖«ពិតជាអញ្ចឹងមែន នៅម្តុំហ្នឹងវាមានភាពរញ៉េរញ៉ៃណាស់។ បាទដោះស្រាយបង្ក្រាបគាត់ [អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន]ដែរ ព្រោះគាត់ដែរមកហ្នឹង គាត់មិនមែនជាអ្នកស្រុកភូមិហ្នឹងទេ គាត់មិនដឹងមកពីណា មកពីណី គាត់ចេះតែមករស់នៅហ្នឹង ព្រោះ វារញ៉េរញ៉ៃខ្លាំងណាស់ មិនអាចកំណត់ថា គាត់មកពីណាពីណីទេ។ ម្តងឃើញ ម្តងបាត់អ៊ីចឹងទៅណា។ នៅម្តុំហ្នឹងធ្លាប់ឆេះបី​បួនដងហើយ ដោយសារភាពរញ៉េរញ៉ៃរបស់គាត់»

ប្រធានភូមិរូបនេះ បានបញ្ជាក់បន្ថែមថា ក្រៅពីសហការណ៍ជាមួយក្រសួងពាក់ព័ន្ធផ្តល់ជំនួយបឋមជាសម្ភារៈប្រើប្រាស់ខ្លះៗដល់អ្នករងគ្រោះទាំង១៧៥គ្រួសារ អាជ្ញាធរពុំទាន់កំណត់ដំណោះស្រាយចំពោះបញ្ហានេះនាជំហានបន្ទាប់នៅឡើយទេ។ តែការកំណត់របស់សង្កាត់សម្រាប់អ្នកចង់សាងសង់ផ្ទះឡើងវិញ ត្រូវទៅសុំច្បាប់នៅសង្កាត់ ហើយឡើងដល់ខណ្ឌ ទើបអាចធ្វើបាន។

នាយប៉ុស្ត៍រដ្ឋបាលសង្កាត់ទួលសង្កែទី១ លោក នង សាបុង បានបញ្ជាក់ថា ការស្រាវជ្រាវ​បឋមអំពីមូលហេតុករណីភ្លើងឆេះផ្ទះក្នុងភូមិបាក់ទូក បានរកឃើញបញ្ហាចំនួនពីរ ដែលអាចជាចំណុចផ្តើមនៃបញ្ហា ទី១ គឺការឆ្លងចរន្តអគ្គីសនី និងទី២ ជាការផ្ទុះកំប៉ុងហ្គាស។

លោក នង សាបុង ប្រាប់ថា៖«គេដើរទល់ភ្លឺ ផ្ទះហ្នឹងពួកជួល ពួកអីហ្នឹងសុទ្ធតែអ្នករកស៊ីពេលយប់ហ្នឹងហើយ ពួកវត្តភ្នំអីហ្នឹង។ ប៉ុន្តែ មិនទាន់ ១០០ភាគរយទេ ព្រោះកាលពីម្សិលមិញ យើងសិក្សាជាមួយខាងបច្ចេកទេស ជាមួយខាងការិយាល័យអគ្គិភ័យ ចឹងខ្ញុំដាក់នៅក្នុងរបាយការណ៍កំពុងស្រាវជ្រាវដែរ»

តាមការបញ្ជាក់របស់នាយប៉ុស្ត៍រូបនេះ ករណីជួយសង្គ្រោះភ្លើងឆេះផ្ទះនៅភូមិបាក់ទូក​កាលពីថ្ងៃម្សិលមិញនេះ សមត្ថកិច្ច​បានប្រើរថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៤១គ្រឿង បាញ់ទឹកអស់ ៨២​គ្រឿង រហូតម៉ោង ៣ទៀបភ្លឺទើបរលត់ទាំងស្រុង។ ប៉ុន្តែ លោក​ថា គ្រោះអគ្គីភ័យនេះ មិនបណ្តាលឱ្យប្រជាពលរដ្ឋរងគ្រោះដល់អាយុជីវិតឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ