អ្នកនាំពាក្យ​៖ ការ​លក់​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត​គឺ​បង្ខិត​សេវា​ជិត​ពលរដ្ឋ​

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ លើកឡើង​ថា​ ករណី​ក្រសួង​រៀបចំ​ស្លាក​លេខ​ពិសេស​សម្រាប់​រថយន្ត​ដែល​មានតម្លៃ​ពី៥០០ ទៅ២សែន៥ម៉ឺន​ដុល្លារ​នោះ​ គឺ​ផ្តល់​ជម្រើស​ល្អ​ មាន​តម្លាភាព​ និង​បង្ខិត​សេវា​ឱ្យ​បាន​ជិត​ប្រជាពលរដ្ឋ​។

លោក​ ហ៊ា​ង សុទ្ធា​យុត្តិ​ បាន​អះអាង​ថា​ តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូតដល់​ថ្ងៃម្សិលមិញ​ ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពីសា​ធា​រណជន​ ដោយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ចូល​ស្វែងរក​លេខ​នៅក្នុង​គេហទំព័រ​របស់ក្រ​សួង​។

លោក​ថា​ ស្លាក​លេខ​ពិសេស​ដែល​មានតម្លៃ​ពី២លាន​រៀន​(ប្រមាណ៥០០ដុល្លារ​) ដល់​មួយ​ពាន់​លាន​រៀល​(ប្រមាណ២៥ម៉ឺន​ដុល្លា​រ) បាន​ផ្តល់​នូវ​ជម្រើស​យ៉ាង​ទូលាយ​សម្រាប់​ពលរដ្ឋ​ ដែល​ចង់បាន​លេខ​សម្គាល់​លក្ខណៈ​ពិសេស​ប្រចាំ​ខ្លួន​ អាច​ផ្ទេរ​ជាម​រត​កដល់​ជំនាន់​ក្រោយ​របស់​ខ្លួន​បាន​ថែមទៀត​។

លោក​ ហ៊ា​ង សុទ្ធា​យុត្តិ​ បាន​បញ្ជាក់​ថា​៖ «ក្នុងនាម​មន្ត្រី​រាជការ​មួយ​រូប ​ខ្ញុំ​យល់ថា​ វា​បាន​ផ្តល់​នូវ​ជម្រើស​មួយ​ល្អ​ ទៅ​ប្រជាពលរដ្ឋ​។ គឺ​យើង​ធ្វើ​ម៉េច​ផ្តល់​សេវា​ហ្នឹង​ឱ្យ​វា​មាន​ភាព​ងាយស្រួល​ សាមញ្ញ​ តម្លាភាព​ បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ​»។

លោក​ ទី​ ឡុង​ អនុប្រធាន​នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដា​ប់​ធ្នាប់​សាធារណៈ​ បាន​បញ្ជាក់​ថា​ លោក​ទទួលស្គាល់​ស្លាក​លេខ​ពិសេស​របស់​រថយន្ត​ថ្មី​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ចងចាំ​ជាង​ស្លាក​លេខ​ចាស់​។ ប៉ុន្តែ​ នីតិវិធី​ថ្មី​របស់ក្រ​សួង​ ផ្ទុក​ព័ត៌មាន​លម្អិត​របស់​ម្ចាស់​រថយន្ត​អាច​ទាញ​យក​បាន​រហ័ស​តាមរយៈ​កា​រស្គែ​នបា​រកូដ​ស្លាក​លេខ​ នឹង​ជួយ​ដល់​សមត្ថកិច្ច​តាម​ចាប់​ជន​ប្រព្រឹត្តិ​ល្មើស​បាន​រហ័ស​។

លោក​ ទី​ ឡុង​៖ «ទាំង​លេខ​ចាស់​ និង​លេខ​ថ្មី​ គឺ​ដូចគ្នា​ គឺ៨ខ្ទង់​ដូចគ្នា​ គាត់​[ពលរដ្ឋ​]ថា​ គាត់​ពិបាក​ចាំ​ តែ​អា​ចាស់​បើសិន​គាត់​មិន​ចាំ​ ឬគាត់​ចាំ​ គាត់​ថត​លេខ​បាន​ ពេល​សមត្ថកិច្ច​យើង​ស្រាវជ្រាវ​ទៅ​ ជួនកាល​មានការ​ឆក​ល្វែង​ខ្លះ​ គឺ​មិន​អាច​រក​ឃើញ​បាន១០០ភាគរយ​។ ដោយឡែក​ស្លាក​លេខ​ថ្មីនេះ​ បើសិនជា​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះថ្នាក់​អី​ គាត់​ថត​បាន​ យើង​ធានា​ថា ​រក​ឃើញ​ជូន​គាត់​បាន១០០ភាគរយ​តែ​ម្ដ​ង»។

កាលពី​ថ្ងៃទី០៧​ ខែមករា​កន្លងមក​នេះ​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​ដំណើរការ​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​។ សកម្មភាព​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ អះ​អា​ថា​ ជា​ការ​ផ្តល់​ជម្រើស​ និង​បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​ចង់បាន​លេខ​លក្ខណៈ​ពិសេស​ ហើយ​អាច​ប្រមូល​ចំណូល​ជួយ​ជាតិ​។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង​ សូ​នី​ បាន​រៀបរាប់​ថា​ ការ​ច្នៃប្រឌិត​វិធី​សា​ស្ត្រថ្មីៗ​ដើម្បី​ប្រមូល​ចំណូល​ជួយ​ជាតិ​ជា​រឿង​ល្អ​ តែ​ការ​លក់​លេខ​ពិសេស​នេះ​អាច​ប្រមូល​ចំណូល​បាន​តិចតួច​ប៉ុណ្ណោះ​ ព្រោះ​កម្ពុជា​ មាន​ពលរដ្ឋ​ក្រីក្រ​ច្រើនជាង​អ្នកមាន​។ លោក​ថា​ សកម្មភាព​ថ្មីនេះ​បាន​ត្រឹម​បង្កើន​អំពើពុករលួយ​ ហើយ​មិន​អាច​រក្សា​លក្ខណៈ​ពិសេស​របស់​ម្ចាស់​រថយន្ត​បាន​ប្រាកដ​ឡើយ​ ព្រោះ​អ្នកទទួល​ផល​ពី​ចោរ​នៅតែ​អាច​លួច​ធ្វើ​ស្លាក​លេខ​រថយន្ត​ថ្មី​បាន​។

លោក​ មួង​ សូ​នី​ ៖ «បើសិនជា​រដ្ឋ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ឱ្យ​បាន​ចំណូល​ពន្ធ​ វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ណាស់​ វា​អត់​សំណំ​ប៉ុន្មាន​ទេ​ វា​បាន​តិច​ពេក​ ហើយ​មនុស្ស​គេ​មិនសូវ​រវល់​អា​រឿង​ស្លាក​លេខ​ហ្នឹង​ប៉ុន្មាន​ទេ​។ គ្រាន់តែ​ធ្វើ​ឱ្យ​ល្អមើល​ ឬបញ្ជាក់​ថា​ ប្រទេស​ហ្នឹង​មាន​សន្តិភាព​ មានការ​រីកចម្រើន​ ឬ​មានការ​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ អាហ្នឹង​ខ្ញុំ​គិតថា​ វា​ជា​រូបភាព​នយោបាយ​ច្រើនជាង​ដែរ​»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​លើក​ជា​ក្ដី​បារម្ភ​របស់​ខ្លួន​ថា​ ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ម្ចាស់​រថយន្ត​ តាមរយៈ​ការ​បំពាក់​បារ​កូដ​ពិសេស​លើ​ស្លាក​រថយន្ត​ថ្មី​របស់ក្រ​សួង​ នឹងអាច​នាំមក​នូវ​គ្រោះថ្នាក់​ដល់​ម្ចាស់​កម្ម​សិទ្ធ​ ប្រសិនបើ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​។ លោក​ថា​ បើ​ក្រសួង​កំណត់​លក្ខខណ្ឌ​លើ​ការពិនិត្យ​ទិន្នន័យ​ទូទៅ​របស់​ម្ចាស់​យាន​យន្តបាន​ត្រឹម​សមត្ថកិច្ច​ នោះ​គ្មាន​បញ្ហា​ឡើយ​ តែបើ​សាធារណជន​ទូទៅ​អាច​ចូល​មើល​ព័ត៌មាន​លម្អិត​បាន​ នោះ​វា​នឹង​ប៉ះពាល់​ដល់​សិទ្ធ​បុគ្គល​។

លោក​ សន​ ជ័យ​ ៖ «កុំ​ភ្លេច​ថា ​គំនិត​ច្នៃប្រឌិត​មួយចំនួន​ ក៏​វា​បាន​ផ្តល់​នូវ​គុណវិបត្តិ​របស់​វា​ដែរ​ ជាពិសេស​សិទ្ធ​ទាក់ទង​នឹង​សិទ្ធ​ឯកជន​ ឬព័ត៌មាន​ឯកជន​នៅក្នុង​ទិន្នន័យ​ទាំងអស់​នេះ​។ នេះ​ជា​រឿង​បារម្ភ​មួយ​។ ជា​យោបល់​ គេ​ត្រូវ​គិត​អំពី​ការគោរព​ទៅលើ​សិទ្ធ​ឯកជន​ ហើយនិង​ការ​សហ​ការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ដោយសារតែ​ការ​ច្នៃប្រឌិត​»។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ លោក​ ចាន់​ សុផល​ តាមរយៈ​សំណេរ​ដែល​ផ្សព្វ​ផ្សា​យតាមប​ណ្ដា​ញទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក (Facebook​) លោក​បាន​បង្ហាញ​ការយល់ឃើញ​របស់​ខ្លួន​ថា​ សកម្មភាព​ថ្មី​របស់ក្រ​សួង​នេះ​ បាន​ត្រឹម​ផ្តល់​ចំ​ណាញ​ដល់​អ្នកមាន​លុយ​ច្រើន​ បង់លុយ​ឱ្យ​រដ្ឋ​ប៉ុណ្ណោះ​។

ឯផលវិបាក​ចម្បង​ វា​បាន​ក្លាយជា​សកម្មភាព​ជំរុញ​និន្នាការ​សម្ភារ​និយម​ ឬជំនឿនិយម​ទៅវិញ​។ សម្រាប់​ពលរដ្ឋ​ដែល​ចេះតែ​អក្សរខ្មែរ​ នឹង​មានការ​លំបាក​មិន​អាច​ចងចាំ​អត្តសញ្ញាណ​របស់​រថយន្ត​បង្ក​បញ្ហា​បាន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ព្រោះ​ស្លាក​លេខ​រថយន្ត​មានឈ្មោះ​ជា​អក្សរ​ឡាតាំង​ស្រដៀងគ្នា​ច្រើន​។

លោក​ ចាន់​ សុផល​ បាន​សង្កត់ធ្ងន់​ថា​៖ «យកល្អ​ គួរ​មានការ​កំណត់​គោលដៅ​នៃ​ការប្រើ​ប្រាស់​ប្រើ​ចំណូល​ជាក់លាក់​នេះ​ ដូចជា​ការ​យក​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ឬមូលនិធិ​សង្គម​ណាមួយ​សម្រាប់​ជួយ​ជន​ខ្សត់ខ្សោយ​។ សូមកុំ​មានការ​ច្រឡំ​ថា​ យើង​ត្រូវតែ​ ឬគួរតែ​ដាក់ឈ្មោះ​យើង​ នៅ​លើ​យានយន្ត​យើង​ដូច​គេអ្នក​មាន​នោះ​ទេ​។ វា​ជា​ប្រព័ន្ធ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​»។

ប្រធាន​នៃ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ លោក​ គង់​ រតនៈ​ បាន​ថ្លែង​យល់ស្រប​នឹង​ការ​លើកឡើង​របស់​មន្ត្រី​ប៉ូលី​សចរាចរណ៍​ ដែ​លលើកឡើង​ថា​ ស្លាក​លេខ​រថយន្ត​ថ្មី​បាន​ផ្ទុក​ព័ត៌មាន​លម្អិត​ជួយ​សម្រួល​ដល់​ការ​តាម​ចាប់​ជនប​ង្ករ​ ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ ​បញ្ហា​នោះ​ គឺ​ពលរដ្ឋ​ពិបាក​ចង់​ចាំ​ស្លាក​លេខ​រថយន្ត​ មិន​អាច​កំណត់​អត្តសញ្ញាណ​ម្ចាស់​យានយន្ត​ ហើយ​ចុងក្រោយ​នៅតែ​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ដដែល​។

លោក​ គង់​ រតនៈ​ បន្ត​ថា​៖ «សម្រាប់​ខ្ញុំ​ យន្តការ​នៃ​ការកៀរ​គរ​ចំណូល​វា​ជា​រឿង​ល្អ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​យើង​គ្រាន់បើ​។ ក៏ប៉ុន្តែ​ ទាក់ទង​ជាមួយនឹង​ផ្នែក​ខាង​សុវត្ថិភាព​វិញ​ ខ្ញុំ​គិតថា​ យើង​អត់ទាន់​ជួប​បញ្ហា​អី​ធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​រឿង​ស្លាក​លេខ​ហ្នឹង​ទេ​ ប៉ុន្តែ ​ខ្ញុំ​សំណូមពរ​ថា​ ឱ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​បើកបរ​ហ្នឹង​គាត់​ព្យាយាម​គោរព​ច្បាប់​ទាំ​ងអស់​គ្នា​ទៅ​ អាហ្នឹង​កាត់បន្ថយ​បាន​ច្រើន​ហើយ​»។

សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​ ស្លាក​លេខ​ពិសេស​ថ្មី​ទាំង​បី​ប្រភេទ​ គឺ​ ទិញ​ ស្នើ​ទិញ​ និង​ការ​ដាក់ដេញថ្លៃ​ ចំនួន​បី​ម៉ឺន​ប្រាំ​ពាន់​ សម្រាប់​សម្គាល់​រថយន្ត​ ត្រូវ​ប្រកាស​ដាក់​លក់​ចាប់ពី​ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០២០នេះ​តទៅ​។ លេខ​ពិសេស​ផ្ទាល់ខ្លួន​ គឺ​សំដៅលើ​ប្រភេទ​លេខ​ចុះបញ្ជី​ ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរខ្មែរ​ “កម្ពុជា​” ផ្នែក​កណ្ដាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ​ ឬ អក្សរ​ឡាតាំង​មិន​លើស​ពី​ ៨(ប្រាំបី​)ខ្ទង់​ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង​“CAMBODIA​” នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។ ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​អាច​ដាក់ឈ្មោះ​ ឬ លេខ​ដែល​ខ្លួន​ពេញចិត្ត​បាន​ លើកលែងតែ​ឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្ត្រ ឈ្មោះ​ប្រាសាទ​ ឈ្មោះ​រាជធានី​-ខេត្ត​ ឈ្មោះ​ក្រសួង​-ស្ថាប័ន​ គណបក្ស​នយោបាយ​ ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ និង​ជន​ល្បីឈ្មោះ​ ជាដើម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ