សវនាការ​ក្ដី​​ប្រឆាំង​លោក កឹម សុខា ចាប់​ផ្ដើម​​នៅ​ព្រឹក​នេះ ​២​ឆ្នាំ​ក្រោយ​ចាប់​ដាក់​ឃុំ

កម្លាំង​សន្តិសុខ​ ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ឈរ​ជើង​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ខណៈ​ដែល​សំណុំ​រឿង​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​នេះ។ (ញឹម សុខន)

ដំណើរការ​សវនាការ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ២​ឆ្នាំ​ក្រោយ​ពី​​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​បរទេស។

អ្នកសារព័ត៌មាន​វីអូឌី​ដែល​បាន​ចុះ​ទៅ​តាម​ដាន​នៅ​ឯ​គេហដ្ឋាន​របស់​លោក កឹម សុខា នៅ​ម្ដុំ​ទួលគោក បាន​មើល​ឃើញ​មេបក្ស​ប្រឆាំង​រូប​នេះ អង្គុយ​នៅ​ក្នុង​រថយន្ត​តូយ៉ូតា​មួយ ដែល​ត្រូវ​បាន​បើក​ចេញ​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល ៧ និង ២០​ព្រឹក។

នៅ​ម៉ោង​ប្រហែល ៧ និង ៣៥​នាទី លោក កឹម សុខា បាន​ដើរ​ចូល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ខណៈ​សន្តិសុខ​ជុំ​វិញ​បរិវេណ​តុលាការ​ត្រូវ​បាន​រឹត​បន្តឹង។

នៅ​ឯ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឯណោះ​វិញ ​ក្រុម​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ក្រុម​សិទ្ធិ​មនុស្ស សកម្មជន និង​អ្នក​គាំ​ទ្រ បាន​ប្រមូល​ផ្ដុំ​គ្នា​តាម​ដាន​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​សវនាការ​ក្នុង​បន្ទប់​សវនាការ​នោះ​ឡើយ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​ម្ដុំ​ខណ្ឌ​ទួលគោក។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​នៅ​ឯ​ទឹក​ដី​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម មុន​នឹង​លោក​ត្រូវ​បាន​បញ្ជូន​មក​ដាក់​ឃុំ​នៅ​ក្នុង​ផ្ទះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក។

លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក ប៉ុន្តែ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ