អាមេរិក​ផ្ដល់​ជំនួយ​ជាង៧ម៉ឺន​ដុល្លារ​សម្រាប់​រក្សា​ភស្តុតាង​ពី​សម័យ​ខ្មែរក្រហម​

ការបើកពិព័រណ៌នៅសារមន្ទីរទួលស្លែង ដើម្បីអបអរខួប ៤០ឆ្នាំ នៃការបើកដំណើររបស់ខ្លួន ឆ្នាំ២០១៩។

អាមេរិក​បន្ត​ផ្ដល់​ជំនួយ​ចំនួន​ ៧៥០០០​ដុល្លារ​ ដើម្បី​ឱ្យ​ថែរក្សា​ភស្តុតាង​ដែល​បាន​បន្សល់ទុក​ពី​សម័យ​ខ្មែរក្រហម​នៅ​សារ​មន្ទីរ​ទួល​ស្លែង​។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ Patrick​ Murphy​ និង​រដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ លោកស្រី ភឿង​ សកុណា​ នៅ​ថ្ងៃនេះ​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ ការ​អភិរក្ស​ និង​រៀបចំ​ឯកសារ​កាតាឡុក​នៃ​សម្លៀកបំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​.ស២១​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ៧៥០០០​ដុល្លារ​។

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ Patrick​ Murphy​ ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​ នេះ​ជាដំណាក់កាល​ទីពីរ​នៃ​គម្រោង​អភិរក្ស​របស់របរ​ដែល​សេសសល់​របស់​ជនរងគ្រោះ​កាលពី​សម័យ​ខ្មែរក្រហម​។ លោក​បន្ត​ថា​ ក្រៅពី​ផ្ដល់​ថវិកា​សម្រាប់​រក្សា​សម្លៀកបំពាក់​ជនរងគ្រោះ​នៅ​មន្ទីរ​.ស២១​ លោក​ថា​ អាមេរិក​ក៏បាន​ផ្ដល់​ថវិកា​សម្រាប់​អភិរក្ស​បេតិកភណ្ឌ​វប្ប​ធម៌​ផ្សេង​ៗផង​ដែរ​។

រដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ លោកស្រី​ ភឿង​ សកុណា​ មានប្រសាសន៍​ថា​ ក្រសួង​រំពឹង​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​លើ​គម្រោង​ទី៣​បន្ត​ទៀត​ ដើម្បី​ឱ្យ​ថែរក្សា​របស់​បរ​បន្សល់ទុក​ពី​សម័យ​ខ្មែរក្រហម​។

កាលពី​ឆ្នាំ២០១៧​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​ចំនួន​ ៥៥​ ៥០០ដុល្លារ​ដល់​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ សម្រាប់​ការពារ​សម្លៀកបំពាក់​របស់​ជនរងគ្រោះ​ដែល​ជា​វត្ថុ​តាង​នៃ​របប​ខ្មែរក្រហម​នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ឬហៅ​មន្ទីរ​.ស២១​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ