ក្រសួងបរិស្ថាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​គុណភាព​ខ្យល់​នៅ​ភ្នំពេញ​ស្ថិត​ក្នុង​កម្រិត​ប៉ះពាល់​សុខភាព​

ទិដ្ឋភាពធាតុអាកាសនៅក្នុងក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ បដិសេធ​ការ​ចុះផ្សាយ​ដែល​ថា​ គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ​ មានកម្រិត​ពុល​ខ្ពស់​ ដោយ​ថា​ ព័ត៌មាន​នេះ​ផ្ទុយគ្នា​នឹង​លទ្ធផល​នៃ​ការវាស់វែង​កម្រិត​គុណភាព​ខ្យល់​របស់​មន្ត្រី​ជំនាញ​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ នេត​ ភក្ត្រា​ បាន​ថ្លែង​អះអាង​ថា​ កម្រិត​គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុជា​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅឡើយ​ទេ​។ លោក​ថា​ របាយការណ៍​នៃ​ការវាស់វែង​កម្រិត​គុណភាព​ខ្យល់​របស់​មន្ត្រី​ជំនាញ​បង្ហាញថា​ សន្ទស្សន៍​គុណភាព​ខ្យល់​នៅ​កម្ពុជា​ថ្ងៃនេះ​ ស្ថិតនៅ​ចន្លោះ​ពី២០​ ទៅ​ជាង៣០មីក្រូម៉ែត​ ឋិត​ក្រោម​កម្រិត​ប្រកាស​អាសន្ន​ដែល​មាន​កំហាប់​រហូត​ជាង៥០មីក្រូម៉ែត​ឯណោះ​។

លោក​ នេត​ ភក្ដ្រា​ បាន​បញ្ជាក់​បន្ថែម​ថា​៖ «គ្មាន​បញ្ហា​អ្វី​ទេ​បាទ​! ហើយ​បើសិន​ជា​មាន​បញ្ហា​អ្វី​ គឺ​យើង​នឹង​ជម្រាប​ជូន​ដល់​សាធារណជន​ឱ្យ​បានដឹង​ ពីព្រោះ​យើង​មិន​អាច​វាយតម្លៃ​ដោយ​ការ​មើល​នឹង​ភ្នែក​បានទេ​បាទ​»។

អ្នកនាំពាក្យ​រូប​នេះ​ បាន​ប្រកាស​ច្រានចោល​ព័ត៌មាន​របស់​គេហទំព័រ​ AirVisual​ ជា​គេហទំព័រ​ដែល​តាមដាន​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​គុណភាព​ខ្យល់​ បង្ហាញថា​ ព្រឹក​នេះ ​នៅ​ភ្នំពេញ​កំពុង​មាន​វត្តមាន​ខ្យល់ពុល​រហូត​កម្រិត១៦៦​ ថា​ជា​ព័ត៌មាន​មិន​ពិត​។

សន្ទស្សន៍​គុណភាព​ខ្យល់​ កំណត់​ថា​ កម្រិត​កំហាប់​ភាគល្អិត​នៃ​ខ្យល់​ ដែល​មាន​វិជ្ជ​មាត្រ​០ ដល់៥០​មីក្រូម៉ែត​ គឺ​ល្អ​ ៥១ ទៅ១០០​មីក្រូម៉ែត ​គឺ​មធ្យម​ ១០១​ទៅ​ ២០០​មីក្រូម៉ែត​ គឺ​ប៉ះពាល់​សុខភាព​ ២០១ ដល់៣០០​មីក្រូម៉ែត​ ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ ហើយ​កម្រិត៣០១​មីក្រូម៉ែត​ឡើង​ទៅ​ គឺ​ចាត់​ទុក​ក្នុង​កម្រិត​គ្រោះថ្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ