វិភាគ​៖ សន្តិភាព​គង់វង្ស​យូរអង្វែង​ទេ​បើ​អយុត្តិធម៌​សង្គម​កើនឡើង​?

បដាពាក្យ «អរគុណសន្តិភាព» ត្រូវបានចងភ្ជាប់នឹងច្រកទ្វាចូលតុលាការកំពូល។ (ពៅ មេត្តា)

វិបត្តិ​នយោបាយ​វា​បាន​ជំរុញ​ឱ្យ​មាន​ចរន្ត​ពីរ​ផ្សេងគ្នា​លេចឡើង​នោះ​គឺ​ការ​ធ្វើ​យុទ្ធនាការ​អរគុណ​សន្តិភាព​ពីសំណាក់​រដ្ឋាភិបាល​ និង​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​រក​យុត្តិធម៌​ពី​កសិករ​ កម្មករ​ និង​អ្នកនយោបាយ​ក្រុម​ជំទាស់​។

នៅពេល​ដែល​មនុស្ស​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​ តែ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មិន​អាច​ចាប់បង្ខំ​មនុស្ស​ឱ្យ​រស់នៅ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ តប​តាម​រដ្ឋធម្មនុញ្ញ​ នោះ​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​ជាតិ​វា​នឹង​កើតឡើង​។

ជម្លោះ​នយោបាយ​ វា​បាន​រុញ​កម្ពុជា​ឱ្យ​រង​ការ​គំរាមកំហែង​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

ប៉ុន្តែ​ ពេល​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​បែបនេះ​ គេ​ប្រទះឃើញ​បដា​ពាក្យស្លោក​«អរគុណ​សន្តិភាព​» ត្រូវ​បាន​គេដាក់​តាំងនៅ​មុខក្រសួង​ មន្ទីរ​ ក្រសួង​យុត្តិធម៌​ រួម​ទាំ​ងសាលាជំនុំ​ជម្រះ​ក្ដី​ ឬតុលាការ​ផង​ដែរ​ ក្រោយពី​មេដឹកនាំ​បក្ស​កាន់អំណាច​ ណែនាំ​ផ្ទាល់មាត់​ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​។

ថ្វីត្បិតតែ​គ្មាន​ក្រសួង​ណាមួយ​ពន្យល់​ពី​យុទ្ធនាការ​បិទ​ពាក្យ​«អរគុណ​សន្តិភាព»​នេះ​ក៏ដោយ​ ប៉ុន្តែ​ កន្លងទៅ​ លោក​ ហ៊ុន​ សែន​ ធ្លាប់​ប្រកាស​ច្រើនដង​រួចមក​ហើយ​ថា​ សន្តិភាព​ដែល​កម្ពុជា​រកបាន​ដោយ​កម្រ ​កើត​ចេញពី​យុទ្ធ​សា​ស្ត្រឈ្នះ​ៗរបស់​លោក​ ហើយ​ថា​ ត្រូវការ​ពារ​ឱ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។

បើ​យើង​ក្រឡេក​មើល​ជ្រុង​មួយ​នៃ​បញ្ហា​សង្គម​ សម្រាប់​មនុស្ស​មួយចំនួន​ដែល​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ដូចគ្នា​ បែរ​ជា​​ធ្វើ​យុទ្ធនាការ​ស្វែងរក​យុត្តិធម៌​ទៅវិញ។

អ្នក​ទាំងនោះ​ ភាគច្រើន​ជា​កសិករ​ កម្មករ​ និង​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ ដែល​ពួកគេ​រស់​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ដូច​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើ​យុទ្ធនាការ​អរគុណ​សន្តិភាព​ដែរ​។

ភាព​ខុសគ្នា​នេះ​ កសិករ​មាន​បញ្ហា​ដីធ្លី​មួយចំនួន​នៅ​ជាប់ឃុំ​នៅឡើយ​ ដូចជា​តំណាង​សកម្មជន​ដីធ្លី​ពីរ​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ គឺ​លោក​ ផុន​ ឈឿន​ និង​លោក​ សែម​ សាង​។ កសិករ​ខ្លះទៀត​រត់គេច​ខ្លួន​ ដោយសារ​មា​នប​ណ្ដ​ឹ​ងនៅ​តុលាការ​ ។

រី​ឯតំណាង​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ ក្នុងចំណោម៥នាក់​ នៅ​ខេត្ត​បន្ទាយមានជ័យ​ កាលពីដើម​ខែមករា​នេះ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ចាប់​ឃុំ​ខ្លូន​ ហើយ​ធ្វើ​ទារុណ​ រហូត​ស្លាប់​ គឺ​លោក​ ទុយ​ ស្រស់​ ​អាយុ​ជាង៣០ឆ្នាំ​ ។

នៅ​សប្តាហ៍​មុន​នេះ​ តំណាង​អ្នកមាន​ជម្លោះដីធ្លី​ជាង១០០នាក់ ​មក​ពី​ខេត្តកោះកុង​ ស្វាយរៀង​ និង​ត្បូងឃ្មុំ​ បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​ក្រសួង​កសិកម្ម​ ក្រសួង​ដែនដី​ ក្រសួង​យុត្តិធម៌​ និង​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្ត្រី​ ស្វែងរក​យុត្តិធម៌​ ប្រឆាំង​នឹង​ការរំលោភ​បំពាន​ពីសំណាក់​ក្រុមហ៊ុន​ ដើម្បី​ការពារ​ដី​ពួកគេ​ជាង២០០០ហិ​កតា​ ។

ដូចគ្នា​នេះ​ដែរ​ កម្មករ​ជិត១ពាន់​នាក់​ នៅ​ក្រុង​តាខ្មៅ​ បា​នដ​ង្ហែ​ញត្តិ​ស្វែងរក​យុត្តិធម៌​ពី​នាយក​រដ្ឋមន្ត្រី​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​។

ជម្លោះ​នយោបាយ​វិញ​ សហភាព​អឺរ៉ុប​ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ការប្រកាស​ព្យួរ​ ឬមិន​ព្យួរ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១២ ខែក្រោយ​នេះ​។

អ្នកឃ្លាំមើល​បាន​ប៉ាន់ប្រមាណ​ថា​ ទឹកប្រាក់​ជិត៧០០លាន​ដុល្លារ​ក្នុង១ឆ្នាំ​ កម្ពុជា​នឹង​ខាតបង់​ កម្មករ៧៥ម៉ឺន​នាក់​ ក្នុង​វិស័យ​កាត់ដេរ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​ ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ទៀត​នឹង​ប៉ះពាល់​ដោយប្រយោល​ បើ​បក្ស​កាន់អំណាច​មិន​ស្តារ​ស្ថាន​ការ​នយោបាយ​ ដើម្បី​រក្សា​ EBA​ ។

អ្នកវិភាគ​នយោបាយ​មាន​អសយ​ដ្ឋាន​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ មានប្រសាសន៍​ថា​ សន្តិភាព​នៃ​ប្រទេស​មួយ​ទាល់តែ​មានការ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ផ្លូវចិត្ត​នៃ​បុគ្គល​ម្នា​ក់ៗ​ដែល​រស់នៅ​ក្នុង​សង្គមជាតិ​។ លោក​ថា​ ដើម្បី​ធានា​សន្តិសុខ​ផ្លូវចិត្ត​ ទាល់តែ​មាន​យុត្តិធម៌​ ចេះ​សម្របសម្រួល​ផ្ទៃក្នុង​ជាតិ​ ។

លោក​ថា​៖ «វោហារសាស្ត្រសន្តិភាព​ដែល​ខ្វះ​យុត្តិធម៌​ និង​មិន​មានការ​សម្របសម្រួល​ផ្ទៃក្នុង​ជាតិ​ គឺ​សង្គ្រាម​ចិត្តសាស្ត្រ​នយោបាយ​ដែល​គ្រាន់តែ​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ក្រោម​ការគ្រប់គ្រង​អំណាច​បែប​ចុងកា​ណុង​ គ្មាន​ស្ថិរ​ភាព​សម្រាប់​សង្គម​ទាំងមូល​ទេ​»។

លោក​ គឹម​ សុខ​ ហៅ​ សន្តិភាព​ដែល​បក្ស​កាន់អំណាច​អះអាង​ ជា​សន្តិភាព​ស្ថិត​ក្រោម​ចុងកាណុង​ លោក​ថា​ សន្តិភាព​បែបនេះ​ វា​នឹង​វិវដ្តទៅ​រក​ជម្លោះ​ប​ដិ​បក្ខ​ រវាង​កម្លាំង​ធំ​ពីរ​កាន់តែ​ខ្លាំង​ គឺ​កម្លាំង​សច្ចៈចង់បាន​យុត្តិធម៌​ និង​កម្លាំង​ផ្តាច់​ការ​គោលដៅ​អំណាច​ ។

អ្នកវិភាគ​រូប​នេះ​ បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ស្ថានភាព​នេះ​វា​នឹង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ទ្រង់ទ្រាយ​ធំ​ណាមួយ​នៅ​ថ្ងៃ​អនាគត​ដោយ​ចៀស​មិន​ផុត​ បើ​គ្មានអ្វី​ប្រែប្រួល។

អង្គការ​សមាគម៨២​ ដែល​សកម្ម​តាមដាន​បញ្ហា​សង្គម​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ បង្ហាញ​ក្ដី​បារម្ភ​ពី​កង្វះ​តម្លាភាព​ សវនាការ​ជំនុំជម្រះ​ក្ដី​សំ​នុំ​រឿង​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ ពី​បទ​«ក្បត់ជាតិ​» ខណៈ​សវនាការ​លើក​ទី១​ នៅ​សប្តាហ៍​មុន​នេះ​ តុលាការ​អនុញ្ញាត​ឱ្យ​អ្នកឃ្លាំមើល​តែ៣០នាក់​ប៉ុណ្ណោះ​ចូល​តាមដាន​សវនាការ​ផ្ទាល់​ ក្រោម​ហេតុផល​បន្ទប់​តូច​ចង្អៀត​។

ក្រុម​អង្គការ​ទាំងនោះ​បារម្ភ​ថា​ ការ​កាត់​សេច​ក្ដី​មិន​យុត្តិធម៌​លើ​មេ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ នឹង​ជះ​ឥទ្ធ​ពល​អវិជ្ជមាន​ដល់​អ្នកគាំទ្រ​ជាង៤០ភាគរយ​ បោះឆ្នោត​គាំទ្រ​បក្ស​នេះ​ អំឡុង​ឆ្នាំ២០១៧កន្លងទៅ​។

ជាង​នេះ​ទៅទៀត​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត តាមរយៈ​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ ចុះ​ថ្ងៃទី១៧ ខែមករា​ លោកស្រី​បាន​អំពាវនាវ​ជាថ្មីទៀត​ទៅ​រដ្ឋាភិបាល​ ឱ្យ​ផ្តល់​សេរីភាព​ពេញលេញ​ និង​សំណង​ដល់​លោក​ កឹម​ សុខា​ ដោយ​ចាត់ទុក​សវនាការ​ជម្រះ​ក្ដី​២ថ្ងៃ​មកនេះ​ថា​ ជា​នីតិវិធី​ធ្វើ​ឱ្យ​សៅហ្មង​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ មានប្រសាសន៍​ថា​ សន្តិភាព​នឹង​មិន​អាច​នៅ​គង់វង្ស​យូរអង្វែង​បានទេ​ បើ​អយុត្តិធម៌​សង្គម​ចេះតែ​កើនឡើង​។ លោក​ថា​ ប្រព័ន្ធ​បែបនេះ​ វា​ជួយ​មនុស្ស​មួយ​ក្រុម​ឱ្យ​រស់​ក្នុង​ភាព​ថ្កុំថ្កើង​ តែ​វា​ធ្វើ​ឱ្យ​មនុស្ស​មួយ​ក្រុម​ទៀត​ ដែល​គ្មាន​អំណាច​ គ្មាន​លុយ​រស់​ក្នុង​ភាព​ឈឺចាប់​។

លោក​ថា​៖ «បានន័យ​ថា ​ច្បាប់​ត្រូវ​ដើរតួ​នាទី​ស្នូល​ ដើម្បី​ផ្តល់​យុត្តិធម៌​សង្គម​ ហើយ​អាចប​ង្កើត​វប្បធម៌​មធ្យោបាយ​ស្រស់ស្រាយ​ចរចា​ឱ្យ​រួបរួម​គ្នា​ជា​ធ្លុងមួយ ​កុំ​ឱ្យ​មានការ​គំ​កួន​។ អាហ្នឹង​ទើប​អាច​រក្សា​សន្តិភាព​បាន​យូរអង្វែង​បាន​»។

លោ​ក ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ទៀត​ថា​ ប្រទេស​មួយ​អនុវត្ត​ច្បាប់​បែប​ស្តង់​ដា​ពីរ​ វា​នឹង​បង្កើត​ការឈឺចាប់​ដល់​អ្នក​ក្រីក្រ​ និង​អ្នក​គ្មាន​អំណាច​ ជា​រៀង​រហូត​ បើ​គ្មានអ្វី​ផ្លាស់​ប្តូរ​។ លោក​ថា​ ប្រព័ន្ធ​នេះ​ អតីតកាល​បាន​បង្ហាញ​ហើយ​ថា​ វា​នឹង​ជំរុញ​ឱ្យ​មាន​បដិវត្ត​វណ្ណៈ​កើតឡើង​។

ខ្មែរក្រហម​អូសទាញ​មនុស្ស​ឱ្យ​រត់​ចូលព្រៃ​កាន់​អាវុធ​ វាយ​ឈ្នះ​ របប​ លន់​ នល់​ ដោយសារតែ​ឃោសនា​លើកតម្កើង​វណ្ណៈកម្មករ​ និង​កសិករ​ ជា​អ្នក​ឈឺចាប់​នឹង​អំពើ​អយុត្តិធម៌​ ហើយ​ប្រឆាំង​នឹង​វណ្ណៈ​អ្នកមាន​ទ្រព្យ​ មានអំណាច​ ដែល​ខ្មែរក្រហម​ហៅថា​ ពួក​សក្តិ​ភូមិ​ មូលធន​ ដែល​ជិះជាន់​ធ្វើបាប​អ្នកក្រ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ធ្លាប់​និយាយ​ជា​ញឹកញាប់​ដែរ​ថា​ ការដែល​លោក​រត់​ចូលព្រៃ​ម៉ាគី​ តស៊ូ​ផ្តួល​រំលំ​របប​ លន់​ នល់​ គឺ​ដើម្បី​តស៊ូវណ្ណៈ​ ហើយ​លោក​ដដែល​នេះ​ តស៊ូ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​ពេលនោះ​ លោក​ជាម​ន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​នេះ​ដែរ​ ក៏​ពាក់ព័ន្ធ​យុត្តិធម៌​នៅក្នុង​សង្គម​ដដែល​។

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម​ សុខា​ ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ បាន​សរសេរ​លើ​ហ្វេ​សប៊ុ​ករប​ស់លោ​កថា​ ការរំលោភ​សិទ្ធិមនុស្ស​ នាំមក​នូវ​ភាព​អយុត្តិធម៌​ បង្ក​ការឈឺចាប់​ បណ្ដ​ា​លឱ្យ​មានការ​រើបម្រះ​ ហើយ​អាច​នាំមក​នូវ​អស្ថិរ​ភាព​សង្គម​ ដែល​ជា​កត្តា​នាំ​ឱ្យ​ប៉ះ​ពល់​ដល់​សន្តិភាព​។

មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​ តប​តាម​សេច​ក្ដី​ប្រកាស​ជាស​កល​របស់​អង្គការសហប្រជាជាតិ ​ស្ដី​ពី​សិទ្ធិមនុស្ស​ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា​ទទួលស្គាល់​ បាន​បញ្ជាក់​ថា​ ការ​ការពារ​សិទ្ធិមនុស្ស​ គឺជា​ការចាំបាច់​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មនុស្ស​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​យក​ការ​ប្រឆាំង​នឹង​ការ​គៀប​សង្កត់​ រំលោភបំពាន​ណាមួយ​ ដោយ​ពឹងផ្អែក​លើ​ការ​រើបម្រះ​បះបោរ​។

លោក​ កឹម​ សុខា​ អះអាង​ទៀត​ថា៖ ​«មាន​មនុស្ស​មួយចំនួន​យល់​ច្រឡំ​ថា​ ដើម្បី​រក្សា​សន្តិភាព​ សង្គម​មួយ​ត្រូវ​បិទ​ ឬកាត់បន្ថយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​»

អតីតកាល​បង្ហាញ​ហើយ​ថា​ ការដែល​អ្នកនយោបាយ​មាន​និន្នាការ​ផ្ទុយគ្នា​ ហើយ​ចាត់ទុក​គ្នា​ជាស​ត្រូវ​ មិន​បង្កើត​វប្បធម៌​ពិភាក្សា​គ្នា​ដោយ​ការយោគយល់​ វា​បាន​ទាញ​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ និង​វិនាសកម្ម​ជាង៣ទសវត្សរ៍​មកនេះ​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ការពារ​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ហៅ​វិបត្តិ​នយោបាយ​ពេលនេះ​ ហាក់​រុញ​កម្ពុជា​ឱ្យ​រអិល​ទៅ​រក​អតីតកាល​ ព្រោះថា​គណបក្ស​ប្រឆាំង​មាន​អ្នកគាំទ្រ​ជិ​តពាក់​បណ្ដ​ា​លប្រ​ទេស​ ត្រូវ​បាន​គេ​ផាត់ចេញ​ពី​ឆាកនយោបាយ​ ហើយ​ចោទ​ថា​ ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ អះអាង​ទៀត​ថា​ កម្ពុជា​នឹង​មិន​អាច​ការពារ​សន្តិភាព​បាន​យូរអង្វែង​ទេ​ ដរាបណា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​មិន​ត្រូវ​បាន​ស្តារ​ឡើងវិញ​។

ម្យ៉ាងទៀត​ លោក​ថា​ ការ​ធ្វើ​យុទ្ធនាការ​«អរគុណ​សន្តិភាព​ ចំ​ពេល​មនុស្ស​មួយ​ក្រុម​កំពុង​រង​ភាព​អយុត្តិធម៌​ ប្រៀប​បាន​នឹង​យុទ្ធនាការ​បញ្ឆេះ​កំហឹង​អ្នករងគ្រោះ​ដូច្នេះ​ដែរ​ ។

លោក​ថា​៖ «រឿង​ដែល​ត្រឹមត្រូវ ​គួរតែ​រក​ចំនុច​រួម​រក​ដំណោះស្រាយ​រួមគ្នា​ គេ​ហៅថា​ប្រព័ន្ធ​មួយ​រក​ដំណោះស្រាយ​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ខ្ញុំ​ថា​ ជា​ដំណោះស្រាយ​យូរអង្វែង​ ហើយ​ជា​សន្តិភាព​មួយ​ដែល​ទទួលស្គាល់​គ្រប់​ភាគី​ អាហ្នឹង​បាន​គេ​ហៅថា ​សន្តិភាព​ពិតប្រាកដ​»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ កាលពី​ថ្ងៃទី៩ ខែមករា​នេះ​ បាន​ជំរុញ​ឱ្យ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ដោយ​អះអាង​ថា​ អយុត្តិធម៌​សង្គម​ជា​កត្តា​ជំរុញ​ឱ្យ​ជាតិ​បែកបាក់​។

លោក​ថា​៖ «តាម​បទ​ពិសោធ​ជា​ប្រវត្តិសាស្ត្រ​មក​ សង្គម​ដែល​បែកបាក់​នៅ​ស្រុក​ណាក៏ដោយ​ គឺ​អយុត្តិធម៌​។ អ៊ីចឹង​ រឿង​នេះ​ក៏​ជា​កម្មវត្ថុ​មួយ​យ៉ាង​សំខាន់​ដែល​យើង​ត្រូវ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ​ »។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន​ ម៉ា​លីន​ ក៏​ធ្លាប់​ប្រាប់​VOD​ដែរ​ថា​ កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​បាន​ធ្វើជា​បន្តបន្ទាប់​មក​ហើយ​ ប៉ុន្តែ​ លោក​ថា ​ក្រសួង​ត្រូវការ​ពេល​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន​។

សា​ស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ ​Occidental​ College​ ​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋ​អាមេរិក​ ​បណ្ឌិត​ អៀ​ សុផល​ មានប្រសាសន៍​ថា​ គ្មាន​យុត្តិធម៌​ គ្មាន​សន្តិភាព​។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ​ ពន្យល់​ទៀត​ថា​ កត្តា​ដែល​ជំរុញ​ឱ្យ​មាន​អយុត្តិធម៌​កើតឡើង​ មក​ពី​ការបំពាន​អំណាច​ និង​សិទ្ធិមនុស្ស​ កង្វះ​លទ្ធិប្រជាធិបតេយ្យ​ តម្លាភាព​ គណនេយ្យ​ភាព​ កង្វះ​សេរីភាព​ជា​មូលដ្ឋាន​ ឬហៅ​ថា ​អភិបាលកិច្ច​អាក្រក់​។

នៅពេល​សួរ​ថា​ តើ​សន្តិភាព​នៅ​កម្ពុជា​អាច​បន្ត​យូរអង្វែង​បានទេ​ បើ​អសន្តិសុខ​សង្គម​កាន់តែ​អាក្រក់​ឡើង​? លោក​ អៀ​ សុផល​ អះអាង​ថា​៖

«អាច​ ប៉ុន្តែ​ សន្តិភាព​បែបនេះ​គឺ​ សន្តិភាព​អវិជ្ជមាន​ ដែល​ប្រឆាំង​នឹង​សន្តិភាព​វិជ្ជមាន​។ សន្តិភាព​អវិជ្ជមាន​ មានន័យថា​ ឫសគល់​នៃ​បញ្ហា​មិនបាន​ត្រូវ​បាន​ដោះស្រាយ​។ ភាព​ទុក្ខ​សោ​កផ្សេង​ៗនៅតែ​មាន​ ហើយ​បញ្ហា​ទាំងនោះ​ ត្រូវ​បាន​កត់ទុក​ក្នុង​សង្គម​អយុត្តិធម៌​»។

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Project​ បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩​ វាយតម្លៃ​ថា​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ស្ថិតនៅ​ជិត​បាត​តារាង​ក្នុងចំណោម​ប្រទេស១១៣លើ​ពិភពលោក​។ របាយការណ៍​បញ្ជាក់​ថា​ ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​ គិត​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨​ ជាប់​ចំណាត់ថ្នាក់​ទី​១១២​ ក្នុងចំណោម​ ១១៣ប្រទេស​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ