អាជ្ញាធរខេត្តព្រះសីហនុថាភ្ញៀវទេសចរកើនឡើងជាង២០ភាគរយពេលចូលឆ្នាំចិន

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅឆ្នេរខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០។ (ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេលចូលឆ្នាំចិន-វៀតណាម នៅឆ្នាំនេះ ទទួលបានភ្ញៀវទេសចរជាង៨៧ ០០០នាក់ ដែលចំនួននេះកើនឡើងជាង២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានេះជាមួយឆ្នាំមុន។​

សេចក្តីប្រកាសព័ត៌មានតាមគេហទំព័រផ្លូវការរបស់ខេត្តព្រះសីហនុ បានបង្ហាញថា អំឡុងពេលបីថ្ងៃ ពីថ្ងៃទី២៤ រហូតថ្ងៃទី២៦ ខែមករានេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវសរុបប្រមាណជាង៨៧០០០នាក់ (៨៧៧៦៥នាក់) កើនលើសឆ្នាំ២០១៩ ប្រមាណជាង២៤% (២៤.៥២%) ដែលមានភ្ញៀវត្រឹមតែជាង៧០០០០នាក់ (៧០៤៨០នាក់) ប៉ុណ្ណោះ។

ចំណោមនោះ ភ្ញៀវជាតិមានចំនួនប្រមាណជាង៧៤០០០នាក់ (៧៤៤៩៤នាក់) និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណជាង១៣០០០នាក់ (១៣២៧០នាក់)។ ថ្វីត្បិតចំនួនភ្ញៀវសរុបមានការកើនឡើងនាឆ្នាំថ្មីនេះ ប៉ុន្តែ កើនតែចំនួនភ្ញៀវក្នុងស្រុកប៉ុណ្ណោះ រីឯចំនួនភ្ញៀវអន្តរជាតិបែរជាមានការថយចុះជាងឆ្នាំ២០១៩ រហូតប្រមាណជាង៤៨% (៤៨.៨០%)​។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អជ្ញាធរខេត្ត ភ្ញៀវដែលធ្វើដំណើរតាមផ្លូវអាកាសមកព្រលានយន្តហោះខេត្តព្រះសីហនុ មានចំនួនសរុប៤១ជើង បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ មានការចុះចំនួន២២ជើង។ ចំណោមនោះ ភ្ញៀវជាតិមានចំនួន១៣៥នាក់ ឯភ្ញៀវអន្តរជាតិមានចំនួនប្រមាណជាង២៧០០នាក់ (២៧៧២នាក់) ថយជាងឆ្នាំមុនប្រមាណជាង៥៤% (៥៤.៤៤%)។

តំបន់កោះមានភ្ញៀវមកកម្សាន្តប្រមាណជាង៧៧០០នាក់ (៧៧៤១នាក់) ចំពោះតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ទទួលបានភ្ញៀវសរុបប្រមាណជាង១ម៉ឺននាក់ (១០៦៥៤នាក់) និងភ្ញៀវដែលមកកម្សាន្តតាមបណ្តាឆ្នេរនានា សរុបប្រមាណជាង៥ម៉ឺននាក់ (៥០៧៤៦នាក់)។ បន្ថែមលើនេះ ក៏មានភ្ញៀវអន្តរជាតិសញ្ជាតិ MAL TA ប្រមាណជាង១៦០០នាក់ (១៦៩៨នាក់) ធ្វើដំណើរតាមនាវា​ MARRELLA​ DISCOVERY បានចូលទស្សនាតំបន់រមណីយដ្ឋានមួយចំនួនរបស់ខេត្តព្រះសីហនុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ