វិភាគ៖ គុកចង្អៀត និង​ការអនុវត្តច្បាប់​មានទំនាក់ទំនងដូចម្តេច?

រូបភាពសាលាដំបូង និងពន្ធនាគារព្រៃស (ម១)

គុកព្រៃស ហៅថា មណ្ឌលអប់រំកែប្រែទី១ នៅរាជធានីភ្នំពេញ ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃនោះ ឈប់ទទួលជនត្រូវចោទយកទៅឃុំខ្លួនបណ្តោះអាសន្នទៀតហើយ ចា​ប់ថ្ងៃទី១​ដើមខែនេះមក។

មន្ត្រីអះអាងថា មូលហេតុចម្បង គឺពន្ធនាគារនេះចង្អៀត មានអ្នកជាប់ឃុំរង់ចាំសវនាការ និងទណ្ឌិត​សរុបជាង ១ម៉ឺននាក់រួចទៅហើយ។

ជ្រុងមួយនៃបញ្ហានេះ របាយការណ៍មួយចំនួនវាយតម្លៃថា អំពើពុករលួយនៅកម្ពុជាស្ថិតក្នុងលំដាប់ខ្ពស់ជាងគេ បើធៀបទៅនឹងប្រទេសជាសមាជិកអាស៊ានទាំង១០។

រីឯប្រព័ន្ធយុត្តិធម៌វិញ ក៏ត្រូវបានគេវាយតម្លៃដែរថា មាននីតិរដ្ឋទាប មិនអាចចាប់បង្ខំមនុស្សឱ្យរស់នៅស្មើគ្នាចំពោះមុខច្បាប់បាននៅឡើយ។

បញ្ហានេះបង្កើតជាសំណួរថា តើការកើនឡើងជនជាប់ចោទក្នុងពន្ធនាគារមានទំនាក់ទំនងដូចម្តេចទៅនឹងការអនុវត្តច្បាប់?

សង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន បង្ហាញការយល់ឃើញថា ពន្ធនាគារចង្អៀត ជាប់ពាក់ពន្ធ័ទៅនឹងអំពើពុករលួ​យ និងប្រព័ន្ធយុត្តិធម៌លម្អៀងទៅរកមនុស្សមួយក្រុមតូច ដែលជាអ្នកមានលុយ និងមានអំណាច។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា បញ្ហាសង្គមបានកើតឡើងច្រើន ដូចជា ជម្លោះនយោបាយ បក្ខពួកនិយម ហិង្សាក្នុងគ្រួសារ គ្រឿងញៀន បទល្មើសព្រៃឈើ អំពើពុករលួយ ចោរកម្ម និងភាពក្រីក្រ ជាដើម។

លោក សន ជ័យ វិភាគថា មូលហេតុចម្បងដែលជំរុញឱ្យមានអ្នក​ជាប់​ឃុំ​ក្នុងពន្ធនាគារ គឺ​បណ្ដាល​មកពីអំពើពុករលួយ និងបក្ខពួកនិយម ដែល​បានជ្រៀតចូលក្នុងប្រព័ន្ធអនុវត្តច្បាប់។

លោក សន ជ័យ មាន​ប្រសាសន៍ថា៖ «ជញ្ជីងយុត្តិធម៌វានៅតែជាក្តីកង្វល់ដ៏ធំ ដូចជា ការអនុវត្តច្បាប់មួយដែលត្រឹមត្រូវគ្មានអំពើពុករលួយ ធ្វើឱ្យគេមើលឃើញពីលទ្ធភាពនៃការអនុវត្តស្តង់ដារតែមួយនៃនីតិរដ្ឋ»

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Project​ បាន​ចេញ​របាយការណ៍​កាលពីឆ្នាំ២០១៩ ដែល​​វាយតម្លៃ​ថា​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ​ស្ថិតនៅ​ជិត​បាត​តារាង​​ក្នុង​ចំណោម​ ១១៣ប្រទេសលើ​ពិភពលោក​ ពោលគឺ​ជាប្រទេសមាននីតិរដ្ឋ​​ទាប។

របាយការណ៍​បញ្ជាក់​ថា ​ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​​គិត​ក្នុង​ឆ្នាំ​​២០១៧​ និង​២០១៨​ ជាប់​ចំណាត់ថ្នាក់​ទី​ ១១២​ ក្នុងចំណោម​ ១១៣ប្រទេស ។

ចំណាត់ថ្នាក់នេះ កម្ពុជាល្អជាងប្រទេសសម្បូរប្រេងវេណេហ្សុយអេឡាមួយតែប៉ុណ្ណោះ ជាប្រទេសកំពុងហែកហួរដោយវិបត្តិផ្ទៃក្នុង និងទណ្ឌកម្មអន្តរជាតិ។

របាយការណ៍​ដដែល​នេះ បង្ហាញថា ចំណាត់ថ្នាក់នីតិរដ្ឋ​ទាបរបស់កម្ពុជា បណ្ដាល​មកពីឥទ្ធិពលនយោបាយជ្រៀតចូលក្នុងប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យចំណាត់ថ្នាក់នីតិរដ្ឋធ្លាក់ចុះ។

អ្នកវិភាគបញ្ហាសង្គម និងជាអ្នកធ្លាប់ជាប់ពន្ធនាគារព្រៃសផងនោះ លោក គឹម សុខ ហៅអ្នកជាប់ឃុំចង្អៀតណែន​ដូច​បច្ចុប្បន្ន បណ្ដាល​មកពីប្រព័ន្ធដឹកនាំរដ្ឋ ស្ថិតក្រោមអំណាចរបស់​មនុស្សតែ​ម្នាក់ បង្កើតជាបណ្តាញពង្រឹងអំណាច ដើម្បីប្រយោជន៍ក្រុមគ្រួសារ។ លោកថា ប្រព័ន្ធបែបនេះធ្វើឱ្យមនុស្សមានអំណាចមួយក្រុមមិនខ្លាចប្រព្រឹត្តកំហុសផ្លូវច្បាប់ ។

លោក គឹម សុខ វិភាគទៀតថា បញ្ហាមួយទៀត អាចជាការឃុបឃិតគ្នាពន្ធនាគាររកប្រាក់ស្របច្បាប់ លើគំនរញើសឈាមគ្រួសារជនសង្ស័យ។ ។

លោក គឹម សុខ និយាយថា៖ «បញ្ហាទី៣ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាបានដើរតួនាទីពីរ ទី១ ជាសេនាធិការរបស់រដ្ឋាភិបាល និងទី២ ជាបណ្តាញប្រមូលប្រាក់។ ម៉្លោះហើយបានជាមានមនុស្សកកស្ទះក្នុងពន្ធនាគារ»

នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពន្ធនាគារនៅទូទាំងប្រទេសមានស្ថានភាពចង្អៀតដូចគ្នា មិនមែនមានតែពន្ធនាគារព្រៃស​មួយទេ។

លោក អំ សំអាត បង្ហាញការយល់ឃើញថា ភាពចង្អៀតណែននៅក្នុងពន្ធនាគារ មកពីចំណាត់ការច្បាប់ ជ្រើសរើសយកការឃុំខ្លួន ក្រោមឥទ្ធិពលនយោបាយ ឬជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។

លោក អំ សំអាត ប្រាប់ថា៖ «យើងមានច្បាប់ហើយ តែច្បាប់ខ្លះយើងអត់អនុវត្ត។ បទល្មើសខ្លះ មិនត្រូវធ្វើការឃុំខ្លួនបណ្តោះអាសន្ន​ តែ​យើងធ្វើការឃុំខ្លួន។ អានេះ វារុញឱ្យមានការចង្អៀតដែរ ព្រោះតាមផ្លូវច្បាប់គេជ្រើសរើសសេរីភាពជនជាប់ចោទជាមូលដ្ឋាន បានន័យថា សេរីភាពនៅក្រៅឃុំ​ជាជាងការឃុំខ្លួន»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បង្ហាញការយល់ឃើញថា មូលហេតុពន្ធនាគារចង្អៀត មកពីកត្តាធំៗ៣។ លោកថា ទី​១ មកពីប្រព័ន្ធយុត្តិធម៌​លម្អៀងទៅរកបក្សកាន់អំណាចធ្វើឱ្យអ្នករិះគន់រដ្ឋាភិបាលខ្លះ ត្រូវបានតុលាការសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររង់ចាំសវនាការ មុនរកឃើញកំហុស។

បញ្ហាទី២ លោកថា ការអនុវត្តច្បាប់មានប្រសិទ្ធភាពតែករណីបង្ក្រាប តែវិធានការទប់ស្កាត់ និងអប់រំពលរដ្ឋឱ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ធ្វើ​មិន​បាននៅឡើយ។ លោកថា បញ្ហាធំទី៣ គឺអំពើពុករលួយនៅតែត្រូវបានគេមើលឃើញថា ជ្រកក្រោមរូបភាពអនុវត្តច្បាប់។

លោក អំ សំអាត និយាយ​បន្ត​ថា៖ «បើយើងអនុវត្តច្បាប់គ្រាន់តែចាប់យកទៅដាក់ពន្ធនាគារ ហើយជួនកាល វាទៅដល់អ្នករងគ្រោះដែលគ្រាន់តែជាអ្នកប្រើប្រាស់ជាប់ពន្ធនាគារទៅទៀត។ អាហ្នឹងរឹតតែធ្ងន់ធ្ងរទៅទៀត។ អ្វីដែលសំខាន់ ធ្វើម៉េចទប់ស្កាត់កុំឱ្យមានចរាចរណ៍ចូលក្នុងស្រុកខ្មែរ ឬទប់ស្កាត់កុំឱ្យមានការផលិតគ្រឿងញៀននៅក្នុងស្រុកខ្មែរ អាហ្នឹងល្អដើម្បីទប់ស្កាត់»

អង្គការតម្លាភាពអន្តរជាតិ​ កាលពីថ្ងៃសុក្រសប្តាហ៍មុន ចេញរបាយការណ៍វាយតម្លៃថា កម្ពុជាមានអំពើពុករលួយខ្លាំងជាងគេ បើធៀបនឹងប្រទេសទាំង​ ១០ ដែល​ជាសមាជិកអាស៊ាន។ ការវាយយម្លៃផ្តោតលើប្រទេសចំនួន ១៨០។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន​ ហៅស្ថានភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារពេលនេះ​ថា មកពីរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀន​​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។

លោក ជិន ម៉ាលីន ប្រាប់​ថា៖ «ការលើកឡើងនេះ ឱ្យរួចតែពីមាត់ក្នុងចេតនា ដើម្បីធ្វើការរិះគន់បន្តុះបង្អាប់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ។ ទី១ ការឃុំខ្លួនបណ្តោះអាសន្នហ្នឹង តុលាការបានពិចារណាគ្រប់ទិដ្ឋភាពច្បាប់ លុះត្រាតែជាជម្រើសចុងក្រោយបានសម្រេចឱ្យឃុំខ្លួន ហើយការចង្អៀតណែន មិនមែនមកពីការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង សកម្មជនយោបាយដែលបំពានច្បាប់នោះទេ គឺវាពាក់ព័ន្ធទៅនឹងយុទ្ធនាការទប់ស្កាត់បង្ក្រាបគ្រឿងញៀន​ គឺអ្នកដែលឃុំខ្លួនបណ្តោះអាសន្នភាគច្រើន គឺបញ្ហាគ្រឿងញៀនតែម្តង»

អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលច្រើនឆ្នាំមកនេះ បានចាត់វិធានការជាបន្តបន្ទាប់ទៅលើមន្ត្រីតុ​លាការ​ដែលស្ថាប័ននេះរកឃើញថា ជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។

អំឡុងឆ្នាំ២០១០ អង្គភាពនេះ ចាប់ខ្លួនអតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសេរីវុធ។ នៅឆ្នាំ២០១៦ ចាត់វិធានការទៅលើមន្ត្រីតុលាការ ៣រូប នៅខេត្តសៀមរាម ក្រោយពីរកឃើញថា ពួកគេទទួលសំណូក ៥ម៉ឺនដុល្លារ ជាថ្នូរមិនចាត់ការសំណុំរឿងព្រហ្មទណ្ឌ ករណីប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន។

នៅឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនអតីតក្រឡាបញ្ជីនៅសាលាឧទ្ធរណ៍ លោក ទេព ធារិទ្ធ ពីបទនីតិក្រម ឬប្រើអំណាច​ប្រព្រឹត្តអំពើពុករលួយ។ ប៉ុន្តែ មន្ត្រីនោះមិនត្រូវបានឃុំខ្លួនទេ។

អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅដើមខែមករានេះ បានក្រើនរំឭកថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាជម្រើសចាំបាច់ ដើម្បីទប់ស្កាត់ការបែកបាក់ជាតិ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត អំឡុងជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា នាខែឧសភា ឆ្នាំ២០១៩ បានជំរុញឱ្យទប់ស្កាត់អំពើពុករលួយនៅវិស័យតុលាការ និងបង្ហាញក្តីបារម្ភពីការកកស្ទះក្នុងពន្ធនាគារ​។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ ផ្តល់ជាអនុសាសន៍ថា៖ «​គួរ​ពិនិត្យ​ទៅលើ​លក្ខខណ្ឌ និង​ទិដ្ឋភាព​ច្បាប់​ ឱ្យបានច្បាស់លាស់​ត្រឹមត្រូវ​ជា​មុន មុន​នឹង​ចៅក្រម​សម្រេចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន  ព្រោះ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មុន​សវនាការ ក៏​ជា​មូលហេតុ​នៃ​ការ​កកស្ទះ​អ្នកទោស​ក្នុង​ពន្ធនាគារ​ដែរ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ