ប្រទេសអាស៊ាន​បួន​​សម្រេច​ផ្អាកទិដ្ឋការសម្រាប់​អ្នកដំណើរមកពីតំបន់ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ចិន

ប្រទេសអាស៊ាន៤ សម្រេចផ្អាកការផ្តល់ទិដ្ឋការដល់អ្នកដំណើរមកពីតំបន់កំពុងផ្ទុះវីរុសរាតត្បាតនៅប្រ​ទេសចិន ខណៈ​រដ្ឋស​មាជិក៦ផ្សេងទៀត កំពុងចា​ត់វិធានការបង្ការ និងទប់ស្កាត់តាមព្រលានយន្តហោះ និងច្រកព្រំដែនអ​ន្តរជា​តិ។

វិធានការទាំងនេះ ធ្វើឡើងខណៈចំនួនមនុស្សស្លាប់ដោយវីរុសវាយប្រហារផ្លូវដង្ហើមថ្មីនេះ កំពុងបន្តកើនឡើង និងរីករាលដាលដល់ប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។

អាជ្ញាធរចិន រកឃើញករណីឆ្លងវីរុសឈ្មោះនូវែលកូរ៉ូណានេះលើកដំបូងបង្អស់លើខ្លួនពលរដ្ឋក្រុងវូហាន នៃខេត្តហ៊ូប៊ី ប្រទេសចិន កាលពីចុងខែធ្នូឆ្នាំ២០១៩។

វីរុសដែលបង្កឱ្យអ្នកជំងឺក្តៅខ្លួនឬផ្តាសាយធម្មតារហូតដល់មានបញ្ហាសួតធ្ងន់ធ្ងរនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សដ​ល់​ខេត្តចំ​នួន៣០របស់ចិន ហើយពលរដ្ឋនៃប្រទេសនេះជាង៥៦លាននាក់ ក្នុងទីក្រុងជិត២០ ត្រូវបានហាមមិនឱ្យចាកចេញ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Aljazeera។  

បើតាមសារព័ត៌មាន CNA គិតត្រឹមព្រឹកថ្ងៃនេះ នៅខេត្តផ្ទុះវីរុស តួលេខអ្នកស្លាប់ឡើងដល់១៣២នាក់ កើនពី១០៦នាក់នៅថ្ងៃម្សិលមិញ ឯអ្នកជំងឺកើនដល់៥ ៩៧៤នាក់ ធៀបនឹងថ្ងៃទី២៨ ដែលមានចំនួន៤ ៣១៤នាក់ និងបានរាលដាល២៨៥ករណីទៅ​ប្រ​ទេ​សនិងតំបន់១៧ផ្សេងទៀត។

អាជ្ញាធរអាកាសចរស៊ីវិលវៀតណាម កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន បានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធផ្អាកជើងហោះហើរត្រង់ពីទីក្រុងវូហាន បន្ទាប់ពីអាជ្ញាធរសុខាភិបាលរកឃើញករណីវីរុសនេះលើខ្លួនជនជាតិចិនពីរនាក់ឳពុកកូនធ្វើដំណើរមកពីទីក្រុ​ងនោះនៅថ្ងៃពុធ។

តាមប្រភពពី Vietnam Express ក្រសួងសុខាភិបាលវៀតណាម កំពុងតាមដានទេសចរចិនមកពីតំបន់ផ្ទុះវីរុសអំឡុង១៤ថ្ងៃចុង​ក្រោយ នៅខេត្ត/ក្រុង១១ នៃផ្ទៃប្រទេស និងបង្កើនការត្រួតពិនិត្យតាមច្រកព្រំដែនជាមួយប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ។

សិង្ហបុរី និងម៉ាឡេស៊ី បានហាមអ្នកដំណើរទាំងអស់មិនឱ្យចូលប្រទេសខ្លួនបើគ្មានទិដ្ឋការផ្តល់ឱ្យមុន ឬអ្នកធ្លាប់ទៅខេត្តហ៊ូប៊ីអំឡុង១​៤ថ្ងៃចុងក្រោយ ចាប់ពីប្រទេសទាំង២រកឃើញវីរុសលើអ្នកដំណើរលើកដំបូង ឯហ្វីលីពីនក៏បានចាត់វិធានការដូចគ្នានេះ បើទោះមិនទាន់រកឃើញករណីណាមួយក្តី។ នេះយោងលើប្រភពពីគេហទំព័រ ASEAN Briefing

ដោយឡែក រដ្ឋាភិបាលថៃមិនបានចាត់វិធានការផ្អាកជើងហោះហើរពីខេត្តហ៊ូប៊ីនោះទេ ប៉ុន្តែប្រទេសនេះកំពុងបង្កើនកា​រ​ត្រួតពិនិត្យជើងហោះហើរទាំងអស់មកពីប្រទេសចិន ចាប់ពីខ្លួនរកឃើញវីរុសឆ្លងជាបន្តបន្ទាប់ រហូតដល់១៤ករណី គិតត្រឹមថ្ងៃទី២៩ ខែមករា។

បើតាមកាសែត Bangkok Post នាយករដ្ឋមន្រ្តីថៃបានបង្កើនយន្តការអនាម័យ ដោយប្រើវិធីបាញ់ថ្នាំសម្លាប់មេរោគឆ្លងនៅគ្រប់យន្តហោះដឹកអ្នកដំណើរមកពីប្រទេសចិន និងតំបន់ជួបហានីភ័យផ្សេងទៀត។

កម្ពុជា ក៏មិនបានផ្អាកជើងហោះហើរពីប្រទេសចិនដែរ បន្ទាប់ពីរកឃើញករណីដំបូងលើទេសចរមកពីក្រុងវូហាននៅថ្ងៃច័ន្ទ។ យ៉ាងណាក្រសួងសុខាភិបាលនៃប្រទេសនេះ កំពុងចាត់វិធានការស្វែងរកជនជាតិចិនទាំងអស់ដែ​លបានចូលមកក្នុងប្រទេសអំឡុង១៤ថ្ងៃចុងក្រោយ។

ប្រធានាធិបតីចិនលើកឡើងថា នូវែលកូរ៉ូណាវីរុស២០១៩ អាចមានលទ្ធភាពឆ្លងពីមនុស្សទៅមនុស្ស។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមគ្រូពេទ្យប្រទេសអាល្លឺម៉ង់ ជប៉ុន និងវៀតណាម បានរកឃើញករណីអ្នកជំងឺផ្ទុកវីរុស​នេះ ដែ​ល​មិនធ្លា​ប់បានទៅទីក្រុងវូហានជាលើកដំបូង។

តាមប្រភព New York Times ក្រៅពីប្រទេស៤ក្នុងតំបន់អាស៊ាន រដ្ឋាភិបាលប្រទេស និងតំបន់ជាច្រើនបានសម្រេចផ្អាក កាត់បន្ថយ និងរឹតបណ្តឹងជើងហោះហើរពីខេត្តហ៊ូប៊ី ដើម្បីបញ្ជៀសហានីភ័យពីវីរុសឆ្លង ក្នុងនោះមានដូចជា រដ្ឋាភិបាលក្រុងហុងកុង រ៉ុស្ស៊ី អង់គ្លេស ជប៉ុន និងអាល្លឺម៉ង់ជាដើម។

នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោក និងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងសហការគ្នាបង្កើនវិធានការទប់ស្កាត់ការរីករាលដាលរបស់វីរុសដែលស្ថិតក្នុងក្រុមគ្រួសារវីរុសសារ និងមឺស៍ សិក្សាបន្ថែមលើភាពធ្ងន់ធ្ងរ និងការចម្លងនៃវីរុស ព្រមទាំងបន្តចែករំលែកទិន្នន័យពាក់ព័ន្ធ និងការផ្តល់ប្រឹក្សាទៅមក។

តាមប្រភពដដែល​ ភាគីទាំងពីរបានព្រមព្រៀងបញ្ជូនអ្នកជំនាញអន្តរជាតិទៅកាន់ប្រទេសចិនឱ្យបានឆាប់ ដើម្បីសិក្សាអំពីវីរុសនោះ និងរិះរកវិធីព្យាបាល និងវាក់សាំងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ