មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអះអាងថាប្រសិនមានករណីសង្ស័យថាឆ្លងវីរុសកូរ៉ូណាថ្មី ប្រជាពលរដ្ឋអាចមកពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យនានាដោយមិនអស់ប្រាក់ឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ អះអាងថា គ្រូពេទ្យនឹងមិនយកប្រាក់ពីប្រជាពលរដ្ឋទេ ប្រសិនបើពិនិត្យទៅរកឃើញថា ពួកគាត់បានឆ្លងវីរុសកូរ៉ូណាថ្មីនោះ។ ក្រៅពីមិនយកថ្លៃពិនិត្យហើយ លោកថា រាល់ការព្យាបាលទាំងអស់ក៏មិនអស់ប្រាក់ដែរ ប៉ុន្តែរកមិនឃើញថា មានវីរុសនោះ ពលរដ្ឋត្រូវបង់ថ្លៃសេវាពិគ្រោះ និងព្យាបាលធម្មតា។
លោកថា៖«ប្រសិនជាគាត់ចូលក្នុងនិយមន័យដែលកំណត់ដោយអ្នកជំនាញ គឺយើងមិនបានយកប្រាក់ទេ។ ប៉ុន្តែប្រសិនបើគាត់ទៅព្យាបាលធម្មតា គាត់មិនបានចូលក្នុងនិយមន័យហ្នឹងទេ យើងនឹងយកសេវាធម្មតា»។
លោក លី សូវ៉ាន់ បន្តថា គិតមកដល់ម៉ោង៩:៤០នាទី នៅថ្ងៃនេះ ក្រសួងមិនទាន់រកឃើញថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅឡើយ ពោលគឺមានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ៕