ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបេក្ខភាព​ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា

ជ័យលាភី៥រូបក្នុងកម្មវីធីស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាកាលពីឆ្នាំ២០១៩(រាប់ពីឆ្វេង) ថតរូប​ជាមួយរដ្ឋមន្រ្តីក្រសួង​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក។ (រូបថតផ្តល់ឲ្យ)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសស្វែងរកស្រី្តឆ្នើមក្នុងវិស័យបច្ចេកវិទ្យាចំនួន៥រូប សម្រាប់ព្រឹត្តិការណ៍«ឌីជីថលកម្ពុជា២០២០»ដែលនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ។

សេចក្តីប្រកាសព័ត៌មានរបស់​មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍនៃក្រសួង​ប្រៃសណី​យ៍​​​ និងទូរគមនាគមន៍ ដែល​ចេញ​ផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឱ្យដឹងថា ស្រ្តីឆ្នើមទាំង​៥រូបនឹង​ត្រូវ​ឆ្លង​កាត់ការជ្រើសរើសជម្រុះក្នុងចំណោមបេក្ខនារីកម្ពុជាដែលមានសមត្ថភាព ស្នាដៃ បទពិសោធន៍ ជំនាញ និង​ភាពច្នៃប្រឌិតក្នុងកា​រងារពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល។

ស្រ្តី​ឆ្នើម​ទាំងនោះ ក៏ត្រូវមានស្នាដៃបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍបច្ចេកវិទ្យា ឬបង្កើតបទពិសោធន៍ថ្មីប្រកបដោយភា​ព​ច្នៃប្រឌិត ហើយធ្លាប់លះបង់ពេលវេលា និងកម្លាំងកាយចិត្ត​ចូលរួមបម្រើផលប្រយោជន៍សង្គមតាមដំណោះស្រាយបច្ចេកវិ​ទ្យា​ឌីជីថល។

យោងតាមសេចក្តីប្រកាសដដែល កម្មវិធីនេះរៀបចំឡើងក្រោម​ប្រធានបទ «ស្ត្រី និងសេដ្ឋកិច្ចឌីជីថល» ដើម្បីជំរុញ​ដល់​​ការអភិវឌ្ឍធនធានស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រ​ក្នុងវិស័យបច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាប់ទទួលពាក្យបេក្ខនារីស្រ្តីឆ្នើម​ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី០៥ ​ខែ​មីនា​ រួចនឹងធ្វើការវាយតម្លៃដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យ និងគុណសម្បត្តិផ្សេងៗ ហើយលទ្ធផលនឹងប្រកាស​នៅអំឡុង​ព្រឹត្តិការណ៍ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

ការស្នើសុំបេក្ខភាពអាចធ្វើតាមរយៈគេហទំព័រ http://cbrd.gov.kh/nomination-form-2020

ស្រ្តីឆ្នើម​ទាំង៥រូបនឹងក្លាយជាម្ចាស់ពានរង្វាន់៥ផ្សេងគ្នា ដែល​ក្នុងនោះរួមមាន ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា ICT ស្រ្តីឆ្នើមជំនាញវិស្វករបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ស្រ្តីឆ្នើមចូលរួមជំរុញការប្រើ​ប្រាស់បច្ចេក​វិទ្យាអភិវឌ្ឍ​ន៍សង្គម ឬសហគមន៍ ស្រ្តីឆ្នើមឆ្នៃប្រឌិតបង្កើតមាតិកាឌីជីថល និងស្រ្តីឆ្នើម(អាយុក្រោម១៨ឆ្នាំ)ច្នៃបង្កើតស្នាដៃបច្ចេក​វិទ្យាពិសេស។​

ឆ្នាំ២០២០នេះ ជាលើកទី៣ហើយដែល​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំកម្ម​វិធី​នេះឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ