វិភាគ៖ដំណឹងចចាមអារ៉ាមមានឥទ្ធិពលលើពលរដ្ឋបង្ហាញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋខ្សោយ

ការផ្សព្វផ្សាយពីមធ្យោ បាយចូលមើលព័ត៌មានរបស់ក្រសួងព័ត៌មាន (រូបពីក្រសួងព័ត៌មាន)

រយៈពេល១សប្តាហ៍ចុងក្រោយនេះ នៅពេលដែលមេរោគកូរ៉ូណាឆ្លងរាលដាលពីប្រទេសចិនទៅកាន់ប្រទេសនិងតំបន់ផ្សេងៗរួមទាំងកម្ពុជាបានបង្កការភ័យខ្លាចកាន់តែខ្លាំងនោះ ទន្ទឹមនឹងនេះ​ការផ្សាយដំណឹងផ្សេងៗកាន់តែធ្វើឱ្យមានការច្របូកច្របល់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។​

ដំបូងឡើយមានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានសរសេរថា មានជនជាតិចិនពីរនាក់ផ្ទុកមេរោគកូរ៉ូណាកំពុងរស់នៅក្នុងខេត្តព្រះសីហនុ។​ បន្ទាប់មកមានការចែករំលែកតគ្នាវីឌីអូឃ្លីបសែងអ្នកជំងឺជនជាតិចិនម្នាក់ចេញពីកន្លែងលេងល្បែងនៅខេត្តព្រះសីហនុថា ផ្ទុកមេរោគនេះ។ ករណីដែលមានការចាប់អារម្មណ៍ខ្លាំងដែរមួយទៀតនោះគឺបុគ្គលិកសណ្ឋាគារនៅខេត្តសៀមរាបចំនួន​ពីរនាក់បានផ្សព្វផ្សាយថា នៅសណ្ឋាគាររបស់ពួកគេមានជនជាតិចិន​ផ្ទុកមេរោគកូរ៉ូណា។​

ក្រៅពីនេះក៏មានសារជាសំឡេងចែក​រំលែកតគ្នាតាមហ្វេសប៊ុកក៏ដូចជាបណ្តាញសង្គមផ្សេងៗ ដោយម្តងថា មានផ្ទុកមេរោគកូរ៉ូណា ២នាក់ ម្តងថា មាន៣នាក់ ឬ ៦នាក់ជាដើម​ ដែលកំពុងតែបញ្ជូនទៅព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ីក្នុងរាជធានីភ្នំពេញ។​

រាល់សារផ្សព្វផ្សាយខាងលើសុទ្ធតែមានឥទ្ធិពលលើសាធារណជន​ នាំឱ្យមានការភ័យខ្លាច។ សកម្មភាពភ័យខ្លាចស្តែងឱ្យឃើញតាមរយៈការនាំគ្នាសម្រុកទិញម៉ាស់ពាក់ដែលនាំឱ្យកន្លែងលក់ម៉ាស់ខ្លះដំឡើងថ្លៃពី១០ទៅ២០ដងថ្លៃជាងតម្លៃធម្មតា។​ ចំណែកការផ្សព្វផ្សាយពីការប្រើប្រាស់ខ្ទឹមសចេញពីប្រភពមិនច្បាសលាស់ ដើម្បីការពារមេរោគឆ្លងពីចិននេះក៏មានឥទ្ធិពលមិនចាញ់ការណែនាំពីវិធីការពារដែលក្រសួងសុខាភិបាលផ្សព្វផ្សាយនោះទេ។

អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ រួមមានអាជ្ញាធរខេត្តកោះកុង អាជ្ញាធរខេត្តព្រះសីហនុ អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរខេត្តពោធិ៍សាត់ និងក្រសួងព័ត៌មានផង បានសេចក្តីថ្លែងការណ៍បន្តបន្ទាប់ដោយច្រានចោលព័ត៌មានទាំងនោះ។​ ករណីខ្លះអាជ្ញាធរក៏បានកោះហៅអ្នកដែលផ្សព្វផ្សាយទាំងនោះមកណែនាំ និងឱ្យធ្វើកិច្ចសន្យាផ្តិតស្នាមមេដៃបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលអាជ្ញាធរហៅថា «ព័ត៌មានបំពុលសង្គម»នេះបន្តទៀត។​

កាលពីថ្ងៃទី២៩ខែមករា ក្រសួងព័ត៌មានប្រកាសចាត់វិធានលើបុគ្គល ឬ អង្គភាពដែលចែកចាយ ព័ត៌មានមិនពិត។​ នៅថ្ងៃទី៣១ខែមករា ក្រសួងដដែលបានប្រកាសថាផេកហ្វេសប៊ុកពីរគឺឈ្មោះ​Camnews និងReal News ផ្សព្វផ្សាយព័ត៌មានមិនពិតពីមេរោគកូរ៉ូណា។​ Camnews មានអ្នកចុចចូលចិត្ត(like) ជាង១លាន ចំណែក Real News មានអ្នកចុចចូលចិត្ត(like) ជាង ៦សែននាក់ ការផ្សព្វផ្សាយរបស់ផេកទាំងនេះធ្វើឱ្យមហាជនជាច្រើនបានឃើញ។ ចំណែកផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលមានអ្នកចុចចូលចិត្តតែជាង១សែនប៉ុណ្ណោះ។​

ហេតុអ្វីពលរដ្ឋជឿលើព័ត៌មានចចាមអារ៉ាមជាងព័ត៌មានរបស់រដ្ឋ?​

ចម្ងល់នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពេលលោកថ្លែងសារពីមេរោគកូរ៉ូណា នៅថ្ងៃទី៣០ខែមករា។ លោកចោទសួរថា ហេតុអ្វីបានជាអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឬ២នាក់អាចផ្សព្វផ្សាយដំណឹងមួយមានឥទ្ធិពលខ្លាំងជាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។​

លោក ហ៊ុន សែន៖«សារព័ត៌មានយើងគគោកប៉ុណ្ណឹង បណ្តែតបណ្តោយឱ្យអាហ្វេសប៊ុក១ឬ២ កាប៉ិក កាប៉ុក តូចតាច មកបំភ័យពលរដ្ឋ១៦លាននាក់។ តើយើងសាកសមជាក្បាលម៉ាស៊ីនព័ត៌មានដែលគេចំណាយលុយរាប់លានដុល្លារ វិនិយោគទេ? ១ស្ថានីយ៍ៗ មិនចេះតិចទេណា»

របាយការណ៍ក្រសួងព័ត៌មានបង្ហាញថា បច្ចុប្បន្នកម្ពុជាមាន​ទូរទស្សន៍មានជាង២០ស្ថានីយ៍ គេហទំព័រព័ត៌មានចុះបញ្ជីមានជាង៣០០ ចំណែកអ្នកសារព័ត៌មានដែលជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២០នេះ មាន៦០០០នាក់។​

បើនិយាយពីប្រព័ន្ធផ្សព្វផ្សាយជាកម្មសិទ្ធិរបស់រដ្ឋមានទូរទស្សន៍ជាតិ«ទទក» មានវិទ្យុជាតិ មានទីភ្នាក់ការព័ត៌មានកម្ពុជា(AKP) រួមទាំងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលមានឥទ្ធិពលក្នុងការចុះប្រមូលព័ត៌មាន និងមានមធ្យោបាយច្រើនក្នុងការផ្សព្វផ្សាយព័ត៌មានទៅពលរដ្ឋ។ ក្រៅពីនេះទូរទស្សន៍ និងប្រព័ន្ធផ្សាយផ្សេងៗទៀតដែលស្និទ្ធជាមួយរដ្ឋក៏មានច្រើនដែរ។​

បើនិយាយពីទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកម្រិតណាគឺថ្មីៗនេះមិនមានការការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រទេ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា លោកមិនមានទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ។

ក្នុងពេលជួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ខែមករា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​បញ្ជាក់ថា មូលហេតុដែលមិនមានទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនោះគឺដោយសារផ្សព្វផ្សាយ យឺតពេកគឺលោកទុកចិត្តលើអង្គភាពព័ត៌មានឯកជនឈ្មោះFresh News។​

លោក ហ៊ុន សែន​៖«ខ្ញុំមានFresh News មួយជាព័ត៌មានរហ័សរបស់ខ្ញុំដែលខ្ញុំឱ្យសម្ភាសន៍ផ្តាច់មុខ ដែលជាបណ្តាញរបស់វិស័យឯកជនទេ។ ហើយរឿងនេះក៏សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏សូម​ទីភ្នាក់ងារព័ត៌មានកម្ពុជាAKP កុំអន់ចិត្តជាមួយខ្ញុំ​ ដោយសារអស់លោកធ្វើការមានម៉ោង ខ្ញុំមិនអាចពឹងពាក់បាន។ ខ្ញុំគួរប្រើបណ្តាញព័ត៌មានរបស់រដ្ឋល្អជាង ប៉ុន្តែអស់លោកធ្វើការងារយឺតពេក »។​

លោកបានរំឮកព្រឹត្តិការណ៍មួយដែលមានការផ្សព្វផ្សាយឡើងថា លោកធ្លាក់យន្តហោះស្លាប់ ប៉ុន្តែអង្គភាពព័ត៌មានរបស់លោកមិនបានផ្សព្វផ្សាយបកស្រាយបញ្ហាទាំងនេះទេ។​

លោក ហ៊ុន សែន៖« ថ្ងៃមុន​ខ្ញុំបើកមើលទៅឃើញថា ឱប្រតិកម្មរហ័សរបស់អញអើយ។ តើវាទៅណា? វាងាប់ទៅណា? ខ្ញុំចេះតែគិត។ វាធ្វើរូបភាពធ្លាក់យន្តហោះ ហើយវាសរសេរថា ចូលរួមមរណទុក្ខផងលោក ហ៊ុន សែន ទើបងាប់ធ្លាក់យន្តហោះមួយម៉ោងមុននេះ។ ការពិតអាព័ត៌មាននេះ វាប៉ុន្មានម៉ោងទៅហើយ តែអាព័ត៌មានប្រតិកម្មរហ័សវាទៅណាវា ហ្វេសប៊ុករបស់វាទៅណាវា គ្រាន់តែបញ្ជាក់ថា លោកហ៊ុន សែន កំពុងវាយកូនគោលទៅ !ចប់ »។​​

ក្រៅពីព័ត៌មានយឺតគឺការផ្សាយព័ត៌មានមិនពិត ឬ ការផ្សាយព័ត៌មានតែម្ខាងដោយលម្អៀងក៏អាចជាផ្នែកមួយដែលធ្វើឱ្យមហាជនមិនសូវមានជំនឿទុកចិត្តលើសារព័ត៌មានរបស់រដ្ឋឬ សារព័ត៌មានស្និទ្ធជាមួយរដ្ឋដែរ។​ ជម្លោះដីធ្លី  អំពើពុករលួយ បំពើអយុត្តិធម៌សង្គម ការបំផ្លាញធនធានធម្មជាតិជាដើម កម្រឃើញសារព័ត៌មានរដ្ឋឬ សារព័ត៌មានស្និទ្ធជាមួយរដ្ឋលើកឡើងមកផ្សព្វផ្សាយណាស់។​

ចំណែកសារព័ត៌មានដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទុកចិត្តបំផុតគឺFresh News នោះ ត្រូវបានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនចេញផ្សាយរបាយការណ៍កាលពីឆ្នាំ២០១៨ថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយឱ្យរដ្ឋាភិបាល។​

របាយការណ៍ឆ្នាំ២០១៩ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនដដែលនេះ ចាត់ទុកកម្ពុជាជាប្រទេសមានសេរីភាពព័ត៌មាន​អន់ថយគឺជាប់លេខ១៤៣ក្នុងចំណោមប្រទេស១៨០។​ ចំណាត់ថ្នាក់នេះ ដោយសារតែមានការបិទស្ថានីយ៍វិទ្យុចំនួន​ជាង៣០កាលពីចុងឆ្នាំ២០១៧ និងការបង្ខំឱ្យកាសែត ឌឹ ខេមបូឌាដេលីបិទទ្វារ និងការផ្លាស់ប្តូរម្ចាស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ