The Great Duke ព្រម​ផ្តល់​ប្រាក់បំណាច់​ឈប់សម្រាក​ប្រចាំ​ឆ្នាំឲ្យ​​អតីតបុគ្គលិកតែ​បដិសេធ​សំណង​៣ផ្សេង​ទៀត​

អតីតបុគ្គលិកធ្លាប់បម្រើការងារនៅសណ្ឋាគារ The Great Duke បានបង្ហាញការខកចិត្តករណី​តំណាង​ម្ចាស់​សណ្ឋាគារយល់​​ព្រម​ផ្ដល់​តែ​ប្រាក់បំណាច់ការឈប់សម្រាកប្រចាំ​ឆ្នាំប៉ុន្តែ​បដិសេធប្រាក់​សំណង​បី​ផ្សេង​ទៀត​ដែល​​ពួកគេទាមទារ។

លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា និងជាអតីតបុគ្គលិក ម្នាក់នៃសណ្ឋាគារ The Great Duke​ បានអះអាងថា ការជួបចចារគ្នារវាងភាគីតំណាងថៅកែនៅក្រុមប្រឹក្សាអា​ជ្ញាកណ្តាល ដែល​បាន​ធ្វើឡើង​កាលពីថ្ងៃទី២៩ ខែមករាកន្លងមកនេះមិនទទួលបានជោគជ័យទាំងស្រុងឡើយ។ លោកថា ចំណោមប្រាក់អត្ថប្រយោជន៍ទាំង៤ចំណុចដែលអតីតបុគ្គលិកសំណូមពរ រួមមានប្រាក់បំណាច់ អតីត ភាពឆ្នាំចាស់ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជូនដំណឹង ប្រាក់បំណាច់ការឈប់សម្រាកប្រចាំឆ្នាំ តំណាងថៅកែ យល់ព្រមបើកឲ្យ​តែ​ប្រាក់​បំណាច់ការឈប់សម្រាកប្រចាំ​ឆ្នាំតែប៉ុណ្ណោះ។

លោក ទូច កុសល បន្ត​ថា៖ «គាត់[សហមេធាវីតំណាងថៅកែសណ្ឋាគារThe Great Duke]នៅចចេសថា សំណងជំងឺចិត្តគាត់អត់ឱ្យទេ ដោយសារក្ស័យធុន។ អារឿងអតីតភាពការងារគាត់ឱ្យ តែវាខុសរបៀបគណនា ព្រោះគេយកប្រាក់ឈ្នួលសុទ្ធសាធ តែយើងទាមទារបូកប្រាក់បន្ទាប់បន្សំ។ ចំណុចទី៣ហ្នឹង មិនត្រូវគ្នា​រឿង​ប្រាក់​ជូនដំណឹង។ កាលនៅនាយកដ្ឋានវិវាទគេថា យើងសម្របសម្រួលគ្នាមិនធ្វើកូដកម្ម ដូច្នេះគេថា​ឥលូវ​យើង​​ធ្វើកូដកម្មគេលែងឱ្យអាហ្នឹងហើយ[ប្រាក់ជូនដំណឹង]។ បាត់ជាងពាក់កណ្តាល សល់ជាង៣០%ទេ តាមមើល​។ និយាយទៅ គំនិតអាក្រក់ណាស់មិនដែលប្រទះទេ»។

លោក កុសល ហៅការលើកហេតុផលរបស់សហមេធាវីខាងលើថាជាសកម្មភាពបំពាននឹងច្បាប់ការងារ និង​គ្មាន​ឯកសារ​បញ្ជាក់ច្បាស់លាស់​។

មាត្រា៣១៨ នៃច្បាប់ស្តីពីការងារ និងបញ្ញត្តិបន្ថែមរបស់សារាចរលេខ០០៥ ស្តីពីសិទ្ធធ្វើកូដកម្ម ការធ្វើកូដកម្ម​ត្រូវ​ផ្អែក​លើលក្ខណៈវិនិច្ឆ័យចំនួន៣គឺ ទី១ ជាការឈប់ធ្វើការងារដោយកម្មករនិយោជិតមួយក្រុមដោយមានការ​ព្រម​​ព្រៀងគ្នា ស្ថិតក្នុងបរិវេណរោងចក្រ សហគ្រាសគ្រឹះស្ថាន ទី២ ធ្វើក្នុងគោលបំណងទទួលបាន​ដំណោះ​ស្រាយ​​ដ៏យុត្តិធម៌ចំពោះការទាមទាររបស់ខ្លួន និងទី៣ សកម្មភាពនេះ ក៏ជាលក្ខខណ្ឌនៃការត្រលប់​ចូលធ្វើការ​ធម្មតា​​ឡើងវិញផងដែរ។

វីអូឌី​មិនអាចទំនាក់ទំនងលោកមេធាវី នៅ ពិសិដ្ឋ និងទីប្រឹក្សាច្បាប់ លោក ប៉ាន ពន្លក បកស្រាយអំពីបញ្ហានេះ​បាន​ទេ ដោយទូរស័ព្ទចូលប៉ុន្តែគ្មានអ្នកទទួល។

នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក​ ម៉ែន និម្មិត បានអះអាងថា បញ្ហាវិវាទរវាងអតីត​បុគ្គលិក និងថៅកែសណ្ឋាគារ The Great Duke បានយល់ព្រមគ្នាត្រឹមមួយចំណុចប៉ុណ្ណោះ​គឺលើប្រាក់​បំណាច់​ការឈប់សម្រាកប្រចាំ​ឆ្នាំ។ លោកថារាល់ចំណុចផ្សេងទៀតដែលនៅខ្វែងគំនិតគ្នា ភាគីវិវាទទាំងពីរ​​សុទ្ធមានឯកសារភស្តុតាង ហើយសំអាងលើច្បាប់រៀងខ្លួន។

លោក​ ម៉ែន និម្មិត បានបញ្ជាក់បន្ថែមថា៖ «ភាគីទាំងសងខាងចំពោះរឿងក្តីមួយនេះ គឺគាត់មានមេធាវី​ទាំង​សង​​​ខាង។ ចឹងគាត់ធ្វើការផ្អែកលើច្បាប់ហ្មត់ចត់របស់គាត់ ហើយនាំយកមកជាមួយនូវព័ត៌មានភស្តុ​តាង​ផ្សេងៗ​ ដោយគោរពទៅ​តាម ដំណើរនីតិវិធីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ថាតើភាគីគាត់​មានភស្តុ​តាង​អីអត់​? គឺថាមាន មានច្រើន។ រឿងគុណភាពនៃឯកសារ មានក្រុមការងារជាអ្នកធ្វើ ជំនួយគាំទ្រ ទៅដល់ក្រុម​អាជ្ញាកណ្តាលដែលកាត់សេចក្តីហ្នឹង»។

ឆ្លើយតបនឹងសំណួរអំពីបញ្ជូនឯកសារបញ្ជាក់អំពីការក្ស័យធុនរបស់សណ្ឋាគារ The Great Duke អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានឆ្លើយតបតាមរយៈសារTelegramថាបញ្ហាវិវាទការងាររបស់​សណ្ឋាគារនេះ​បាន​​ឈានដល់ការផ្សះផ្សារគ្នានៅក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ។ អ្នកនាំពាក្យរូបនេះបន្តថា​លោក​គ្មាន​សិទ្ធ​បញ្ជាក់ ​និងបញ្ចេញសំណុំឯកសាររបស់ភាគីជម្លោះណាមួយបានទេ។

អ្នកនាំពាក្យក្រសួង​ពាណិ​ជ្ជកម្ម លោក ស៊ាង ថៃ បានអះអាងថា លោកពុំទាន់អាចបញ្ជាក់ច្បាស់​អំពីការបញ្ជូន​ឯកសារ​អំពីការក្ស័យធុនរបស់សណ្ឋាគារ The Great Duke មកក្រសួងបាននៅឡើយទេ ព្រោះឯកសារបញ្ជូន​មកក្រសួង​មានច្រើនប្រភេទត្រូវចំណាយពេលស្រាវជ្រាវយូរ។ លោកបានរុញឱ្យសាកសួរមកអគ្គនាយកដ្ឋាន​ពន្ធ​ដារអំពីការធ្វើសវនកម្មនៃចំណូលចំណាយរបស់ Great Duke ដើម្បីបំពេញនីតិវិធីប្រកាសក្ស័យធុនជំនួសវិញ។

លោក ស៊ាង ថៃ បានបញ្ជាក់ថា៖ «ក្រសួងពាណិ​ជ្ជកម្ម អ្នកទទួលសំណើរក្រោយគេបំផុត។ ដំបូងគេតុលា​ការ ទាល់តែខាងហ្នឹងគេប្រកាសថាមានក្ស័យធុន​ហើយ បន្ទាប់មកធ្លាក់មកខាងពន្ធដារ។ គេត្រូវមកមើល ថាតើ​អ្នក​ឯងប្រកាសថា​ឈប់ហ្នឹង តើមានជំពាក់ពន្ធអីអត់? ទាល់តែមានឯកសារទាំងអស់ហ្នឹងមក បាន​ក្រសួង​ពាណិ​ជ្ជកម្ម​ធ្វើលិខិតបិទឱ្យ»។

ប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ លោក រៀម រដ្ឋា បានបញ្ជាក់ដោយ​ខ្លីថា រហូតមកដល់ថ្ងៃនេះលោកពុំដែលទទួលបានឯកសារពីសណ្ឋាគារ The Great Duke ស្នើរក្រុម​ការងារ​ធ្វើសវន​កម្មអំពីចំណូលចំណាយរបស់ខ្លួននោះទេ។

លោក រៀម រដ្ឋា បញ្ជាក់ថា៖ « The Great Duke? ដូចអត់ទាន់បានទទួលព័ត៌មានអីផងខាងខ្ញុំ។ នៅទេ​[ឯកសារស្នើរចុះធ្វើសវនកម្មអំពីចំណូលចំណាយរបស់សណ្ឋាគារ The Great Duke] អត់បានទទួលទេ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើង​ថាត្បិត​ម្ចាស់អាជីវកម្មប្រកាសថាក្ស័យធុន ប៉ុន្តែ​មិនមែន​បានន័យថាពួកអាចគេចវេសពីការផ្តល់សំណងផ្សេងៗដល់អតីតបុគ្គលិករបស់ខ្លួនឡើយ។ លោកថា​ទោះបី​​ក្ស័យធុនតែម្ចាស់អាជីវកម្មនៅមានប្រាក់តម្កល់នៅរតនាគារតាមច្បាប់ការងារ​ដែលតម្រូវដោយ​ក្រសួង​ពាណិ​ជ្ជ​កម្ម និងប្រាក់មួយចំនួនទៀត បានពីការប្រកាសឡៃឡុងលក់សម្ភារៈផ្សេងៗ​ក្នុងសណ្ឋាគារក្រោយ​ប្រកាស​ក្ស័យធុន។

លោក អាត់ ធន់ ថា៖ «នៅក្នុងករណីក្រុមហ៊ុននេះ[សណ្ឋាគារ The Great Duke]ទោះបីរកស៊ីមិនចំណេញ តែបើយើង​មើលពីទំហំទឹកប្រាក់របស់ក្រុមហ្នឹងមិនមែនតូចទេ ហើយយើងមើលចំនួនកម្មករតែ១០០​ឬ២០០​នាក់​ បើប្រៀបធៀបនឹងកម្មករកាត់ដេរខុសគ្នាមេឃនឹងដី។ យោបល់ខ្ញុំ គួរតែក្រុមហ៊ុនផ្តល់ឱ្យទៅ ដើម្បីបញ្ចប់​រឿង ព្រោះគ្នាក៏ជាបុគ្គលិកដែលជួយដល់ក្រុមហ៊ុនបានប្រយោជន៍ច្រើនដែរ។ ហើយវាជាមុខមាត់ កេរ្ត៍ឈ្មោះ​របស់ក្រុមហ៊ុនផង ហើយវាស្របច្បាប់ផង»។

តាមការបញ្ជាក់របស់នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លទ្ធផលនៃការដោះ​ស្រាយបញ្ហា​វិវាទ​ការងាររបស់សណ្ឋាគារ The Great Dukeនឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី២០ខែកុម្ភៈខាងមុខនេះ។
សណ្ឋាគារ​ ​The​ Great​ Duke​ ​ដែល​ជា​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់​តាល់​ (InterContinental​) ​បាន​ប្រកាស​បិទ​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​កាលពី​ថ្ងៃទី៣១​ ខែធ្នូ​កាលពី​ឆ្នាំមុន​ បន្ទាប់ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​អស់​រយៈពេល​២៣ឆ្នាំ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ