វិភាគ៖ កម្ពុជាគួរ​ទប់ស្កាត់មេរោគឆ្លងមានប្រភពពីចិនបែបណា ក្រោយ WHO ប្រកាសអាសន្ន?

លោកវេជ្ជបណ្ឌិត Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក ធ្វើសេចក្តីថ្លែងការណ៍ស្តីពីការប្រកាសអាសន្នវីរុសណូវែលកូរ៉ូណាវ៉ាវី (២០១៩-nCoV) ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ (វេបសាយបរទេស)

នៅសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានចេញប្រកាសមួយដាក់ពិភពលោកក្នុងភាពអាសន្ន ទាក់ទិននឹងការគំរាមកំហែងនៃវីរុសឆ្លងកូរ៉ូណាថ្មី ដែល​មានប្រភពពីមហាអំណាចចិន។

WHO អះអាងថា ការប្រកាសអាសន្ននេះ ដោយសារតែខ្លួនរកឃើញថា ការរីករាលដាលនៃវីរុសកូរ៉ូណា​ថ្មី​នេះ បានកើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិនធ្លាប់មានក្តី។

អង្គការសុខភាពអន្តរជាតិមួយនេះ បញ្ជាក់ថា ការរកឃើញមួយទៀត គឺវីរុសនេះបានឆ្លង​ចូលដល់ប្រទេសដទៃ​ទៀត​កាន់​តែ​ច្រើន​ឡើង​ ក្រៅ​ពី​ប្រទេស​ចិន​នោះ។

ការគំរាមកំហែងនៃវីរុសកូរ៉ូណា​ថ្មី​នេះ ប្រទេស២០ហើយ ក្នុងនោះមានទាំងវៀតណាម ជាប្រ​ទេសជិត​ខាងកម្ពុជាផងដែរ បានជម្លៀសពលរដ្ឋគេ​ចេញពីតំបន់ផ្ទុះជំងឺឆ្លង និងបិទជើងហោះហើរជាបណ្តោះអាសន្នជាមួយប្រទេសចិន។

ដោយឡែកកម្ពុជាវិញ បានសម្រេចចិត្តខុសពីប្រទេសមួយចំនួន ពាក់ព័ន្ធទៅនឹងការគំរាមកំហែងដោយជំងឺរលាកផ្លូវដង្ហើមថ្មី មានប្រភពពីប្រទេសចិននេះ។

១ថ្ងៃមុន WHO ចេញប្រកាសអាសន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារកុំឱ្យពលរដ្ឋកម្ពុជាមានការភ័យខ្លាចនឹងឥទ្ធិពលជំងឺនេះហួសហេតុពេក។

មេដឹកនាំរូបនេះពន្យល់ថា មកដល់ពេលនេះ គ្មានពលរដ្ឋកម្ពុជាណាម្នាក់ស្លាប់ដោ​​យសា​រកា​រឆ្លងវីរុស​នេះនៅឡើយទេ គ្រាន់តែកម្ពុជារកឃើញករណី​ឆ្លង​លើក​ដំបូង​កើតលើបុរស​ជនជាតិចិនម្នាក់ ដែល​បាន​ចូល​មក​ក្រុងព្រះសីហនុរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ថា បញ្ហានេះ វានឹងមិនបង្កការភ័យខ្លាច​រហូតជំរុញឱ្យកម្ពុជា​បិទជើងហោះហើរ និងជម្លៀសនិស្សិតខ្មែរមួយចំនួនចេញពីប្រទេសចិនដូចប្រទេសមួយចំនួននោះទេ ដោយអះអាងថា ជាការសម្រេចមួយដើម្បីផលប្រ​យោ​​ជន៍សេដ្ឋកិច្ច និងទំនាក់ទំនងល្អជា​មួយ​មហាអំណាចចិនដែលកំពុងជួបបញ្ហានេះ។

លោក ហ៊ុន សែន ថ្លែងថា៖ «បិទជើងហោះហើរពីចិនមកកាន់កម្ពុជា វាមិនខុសពីការដែលយើងម្ខាងសម្លាប់ខ្លួនឯង ផ្នែកមួយនៃសេដ្ឋកិច្ចខ្លួនឯង មួយផ្នែកទៀត គឺយើងទម្លាក់ទំនាក់ទំនងរវាងកម្ពុជាជាមួយចិន»

ជ្រុងមួយនៃការបង្ហាញនេះ សេវាព្យាបាលរបស់កម្ពុជាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាននៅឡើយ ខណៈកម្ពុជានៅតែមិនអាចទប់ស្កាត់លំហូរចេញទៅរកការព្យាបាលនៅក្រៅ​ប្រទេស​របស់ពលរដ្ឋខ្មែរ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន។

តើកម្ពុជាគួរបង្ការ​ទប់ស្កាត់មេរោគឆ្លងមានប្រភពពីចិននេះ​បែបណា ក្រោយ WHO ប្រកាសអាសន្ន?

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ក្រសួងបានត្រៀមវិធានការ​បង្ការ​ និងទប់ស្កាត់រួចរាល់ហើយចាប់ពីថ្ងៃទី១០ ខែ​មករា​កន្លង​មក ដើម្បីទប់ស្កាត់វីរុស​កូរ៉ូណាថ្មី​នេះ រហូតរកឃើញមេរោគនេះកើតមាននៅលើជនជាតិចិនម្នាក់​នៅខេត្តព្រះសីហនុ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ អះអាងទៀតថា ក្រសួងបានដាក់ពង្រាយម៉ាស៊ីនស្គេនកម្តៅ​នៅតាមព្រលានយន្តហោះ និងច្រកទ្វាអន្តរជាតិ ដើម្បីកំណត់រកមុខសញ្ញា និងចាត់វិធានការសង្គ្រោះ។

លោកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «សម្រាប់ច្រកអន្តរជាតិនេះ យើងដាក់ម៉ាស៊ីនស្គេនកម្តៅ ៣ មានភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប។ ទន្ទឹមនឹងនេះ យើងក៏បានដាក់ម៉ាស៊ីនស្គេននេះនៅច្រកប៉ោយប៉ែត ស្វាយរៀង ហើយនិងច្រកព្រែកចាក»

លោកស្រី ឱ វណ្ណឌីន អះអាងទៀតថា វិធានការបង្ការ និងទប់ស្កាត់នៅខាងក្នុងប្រទេសវិញ ក្រសួងសហការជាមួយក្រសួងអប់រំ បង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋចេះអនាម័យដោយលាងដៃនឹងសាប៉ូ ឬអាល់កុល និងប្រាប់ទូរសព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ ដើម្បីសុំអន្តរាគមន៍​បន្ទាន់ និងបានដាក់ពង្រាយមន្ត្រីជំនាញតាមច្រកទ្វាអន្តរជាតិ និងនៅតាមមន្ទីរពេទ្យ។

លោកស្រី ឱ វណ្ណឌី បន្ថែម​ថា៖ «នៅតាមមន្ទីរពេទ្យអី យើងត្រៀមរួចហើយ មានបន្ទប់ដាច់ដោយឡែកតាមបច្ចេកទេសរបស់យើង។ យើងបានត្រៀមរួចរាល់ហើយដែរនូវសម្ភារបរិក្ខាពេទ្យ ក៏ដូចជាឱសថជាការចាំបាច់ដល់ការព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើង»

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី មានប្រសាសន៍ថា ការដាក់ចេញវិធានការជារឿងល្អមួយ ប៉ុន្តែ លោកថា មន្ត្រីរបស់​ក្រសួង​ខ្វះជំនាញ វានឹងនាំឱ្យវិធានការទប់ស្កាត់បរាជ័យ។

លោក អ៊ួច វុទ្ធី ប្រាប់​ថា៖ «កូនខ្មែរយើងបើនិយាយពីដុកទ័រ (វេជ្ជបណ្ឌិត)​ ពូកែៗណាស់ ប៉ុន្តែ គេអត់ចេះប្រើមនុស្សដែលចេះៗអស់ហ្នឹង។ គេប្រើតែមនុស្សណាដែលចេះ​រឡេមរឡឺម​គេ​ហ្នឹង»

លោក អ៊ូច វុទ្ធី មានប្រសាសន៍ទៀតថា ប្រសិទ្ធភាពទប់ស្កាត់ទី២​ លោកថា បើវីរុសនេះ ជាមេរោគកាចសហាវដូចអង្គការសុខភាពពិភពលោកលើកឡើងមែន ក្រសួងគួរ​បញ្ជូនអ្នកវេជ្ជសាស្ត្រជំនាញទៅចូលរួមជាមួយអន្តរជាតិ ដើម្បីសែ្វងយល់ឱ្យច្បាស់​ពីវិធីសាស្ត្របង្ការ​ ជាជាងនិយាយតាមគេ។

លោក អ៊ួច វុទ្ធី ប្រាប់​បន្ត​ថា៖ «យើងត្រូវឱ្យអ្នកជំនាញផ្នែកគីមីហ្នឹងទៅពិនិត្យជាមួយគេ បានស្តាប់គេ យល់ហើយ ទៅពិនិត្យឱ្យច្បាស់មក ដើម្បីមកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋខ្មែរបានដឹង កុំអាងដេញគេផ្សាយមកច្បោលៗតាមគេ​ ធ្វើឱ្យឈ្មួញឆ្លៀត​ឱកាសធ្វើបាបប្រជាពលរដ្ឋខ្មែរក្រហើយក្រទៀត»

គ្រូពេទ្យរូបនេះ អះអាងទៀតថា ប្រសិទ្ធភាពមួយទៀត ក្រសួងត្រូវបំពាក់ឧបករណ៍ទំនើបដែលអាចដឹងពីរោគសញ្ញាវីរុសនេះផងដែរ ដើម្បីសង្គ្រោះបន្ទាន់។​ លោកថា បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកស្ទើរទូទាំងប្រទេសសូម្បី​តែអេកូក៏គ្មានដែរ។

លោក អ៊ួច វុទ្ធី​ និយាយ​ថា៖ «លុយជាតិផ្នែកសុខាភិបាល ៣៧៥លានដុល្លារក្នុង១ឆ្នាំៗហ្នឹង ​យើងសន្សំអាលុយហ្នឹង និងលុយដែលយើងរកបាន យើងដាក់តែអេកូមួយៗតាមស្រុក ឥឡូវហ្នឹងចុះទៅមើលទៅ អេកូស្រុក អេកូឃុំ អីអត់មានទេ​ គេអត់ឱ្យដាក់ទេ ​គេថាអត់មានស្តង់ដាឱ្យដាក់ទៀត ខ្ញុំថា ចាំស្តង់ដា ប្រជាជនងាប់អស់ហើយ»

សេចក្តីថ្លែងការណ៍ WHO ឱ្យដឹងដែរថា ខ្លួនមានក្តីកង្វល់ខ្លាំងបំផុតចំពោះសក្តានុពលភាព​នៃការរីក​រាលដាល​របស់វីរុសនេះទៅប្រទេសដែលមានប្រព័ន្ធសុខាភិ​បាលខ្សោយ និង​មិនបានត្រៀម​ខ្លួនគ្រប់គ្រាន់​ល្អសម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាល។

មួយវិញទៀត រដ្ឋធម្មនុញ្ញកម្ពុជា​ មាត្រា៥២ ចែងថា«រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះ​ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ នៅតែបង្ហាញការព្រួយបារម្ភពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងស្មារតីនៃរដ្ឋធម្មនុញ្ញ។

លោក សន ជ័យ លើកឡើងថា មកដល់ពេលនេះ ក្រសួងមិនទាន់ប្រកាសថា ពលរដ្ឋខ្មែរណាម្នាក់ឆ្លងមេរោគដ៏កាចសាហាវនេះទេ ប៉ុន្តែ លោកថា ជនជាតិចិនដែលមានវត្តមាននៅលើទឹកដីកម្ពុជា បែរ​ជាមានការបញ្ជាក់ថា ឆ្លងតាំងពីទីក្រុងអ៊ូហានមក ហើយថ្ងៃនេះ មានការបញ្ជាក់ថា ជនជាតិចិន ៣នាក់ដែលចេញពីកម្ពុជា បានឆ្លង​វីរុស​នេះ​ដែរ។

លោក សន ជ័យ ប្រាប់ថា៖ «អ៊ីចឹង ព័ត៌មាននេះ ដាក់សំណួរថា តើពួកគេឆ្លងដោយរបៀបណា? ហើយឆ្លងពីចិនគ្នាគេនៅពេលដែ​ល​គេស្នាក់នៅជាមួយគ្នា​នៅខេត្តព្រះសីហនុ ឬមួយពួកគេចេញពីទីណាមួយនៃទឹកដីកម្ពុជា?»

គិតត្រឹមថ្ងៃចន្ទនេះ យ៉ាងហោចណាស់ប្រទេស ៣៤ហើយ បានសម្រេចជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនបណ្តោះអាសន្ន ដើម្បីគេចចេញពីមេរោគនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ