លោក ហ៊ុន សែន ប្រាប់មេដឹកនាំពិភពលោកថាកម្ពុជារីកចម្រើនដោយសារសន្តិភាព

នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly, Seoul Korea) នៅសាធារណរដ្ឋកូរ៉េ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់មេដឹកនាំពិភពលោកថា កម្ពុជាធ្លាប់មានបទពិសោធន៍លំបាកវេទនាឆ្លងកាត់សម័យសង្គ្រាម ហើយការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យនៅពេលនេះ ដោយសារតែមានសន្តិភាព។​

នៅក្នុងកិច្ចប្រជុំកំពូលសហព័ន្ធសន្តិភាពពិភពលោកដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ពិភពលោកកំពុងតែជួបប្រទះបញ្ហាប្រឈមក្នុងការក្សាសន្តិភាព និងអត្រានៃការរីកចម្រើនសេដ្ឋកិច្ច។​

លោក បន្តថា សម្រាប់កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម ការក្សាសន្តិភាពដើម្បីឆ្ពោះទៅរកការរីកចម្រើនគឺរឿងសំខាន់បំផុត។​

លោក ហ៊ុន សែន៖ «សម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្ម សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្វីៗគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានមកដល់ពេលនេះទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្លែផ្កាសន្តិភាព។ រាជរដ្ឋាភិបាលបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្តាច់បានពីការផ្តល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូប។

លោក ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាទើបទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៨៨ ពេលដែលគ្រប់ភាគីបញ្ចប់សង្គ្រាមស៊ីវិល។​

អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី បានពន្យល់ថា ប្រទេសដែលមានសន្តិភាព គឺជាប្រទេសដែលមិនមានការរឹតត្បិតសេរីភាពជួបជុំ ការបញ្ចេញមតិ និងតវ៉ារឿង​អយុត្តិធម៌ក្នុងសង្គមស្របតាមច្បាប់រដ្ឋធម្មនុញ្ញជាដើម។

លោក មាស នី អះអាងថា កម្ពុជាបច្ចុប្បន្ននេះ មិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «ពលរដ្ឋខ្មែរមិនទាន់ទទួលបាននូវសមធម៌គ្រប់គ្រាន់នូវអ្វីដែលជាលទ្ធផលកើតស្តែងចេញពីសន្តិភាពនៅឡើយទេ នៅក្នុងហ្នឹងរួមមាន ទាក់ទងទៅនឹងអ្នកទំនាស់ដីធ្លីផង សកម្មជននយោបាយផង មិនទាន់ទទួលបាននូវយុត្តិធម៌គ្រប់គ្រាន់ បើកាលណាគ្មានយុត្តិធម៌ សន្តិភាពក៏គ្មានន័យធំធេងសំរាប់ពលរដ្ឋនៅក្នុងសង្គមដែរ​»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវទៅមេដឹកនាំពិភពលោកបន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាពពេញលេញ និងជួយដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី ឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ