សមត្ថកិច្ចចាប់អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ៥៩នាក់ក្នុងឆ្នាំ២០១៩

ក្រុមការងារគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពេលកំពុងចុះត្រួតពិនិត្យរុករកឈើល្មើសច្បាប់នៅក្រុមហ៊ុន វិជ្ជរី និងក្រុមហ៊ុន ណៃណា ដែលស្ថិតនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ អះអាងថា ក្នុងឆ្នាំ២០១៩ បានចាប់ និងបញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើចំនួន៥៩នាក់ទៅតុលាការ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា ក្រៅពីឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ គណៈកម្មការនេះ ក៏បានចាប់យកឈើចម្រុះជាង៩ពាន់ម៉ែត្រគូប និងរឹបអូសមធ្យោបាយដឹកជញ្ជូនឈើ ៤៩១គ្រឿង​។

គណៈកម្មការជាតិ ឱ្យដឹងថា មធ្យោបាយដឹកជញ្ជូន ៤៩១គ្រឿង​ ក្នុងនោះមាន រថយន្តបាកុង និងមធ្យោបាយកែច្នៃ ២១២គ្រឿង ត្រូវបានយកទៅបំផ្ទុះ ដុត និងកាត់បំផ្លាញចោល។

បើតាមសេចក្ដីប្រកាស​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជំរុញទៅអភិបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវធ្វើការដឹកនាំសម្របសម្រួលកងកម្លាំង មន្ត្រីជំនាញដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើការត្រួតពិនិត្យរាល់ការដឹកជញ្ជូនផល អនុផលព្រៃឈើដែលមានការអនុញ្ញាតទាំងអស់ផងដែរ។

សេចក្ដីប្រកាស៖ «ទី៣ មធ្យោបាយ ឧបករណ៍ និងសម្ភារ ដែលបំផ្លាញព្រៃឈើមានដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ៉ឺម៉ក រណារយន្ត ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោល ដោយអនុលោម តាមមាត្រា១១៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។

សកម្មជនព្រៃឈើ លោក ហេង ស្រស់ លើកឡើងថា បទល្មើសព្រៃឈើនៅតែកើតមាន ដោយសារ ឧកញ៉ាធំៗដែលនៅពីក្រោយខ្នងនៃការកាប់បំផ្លាញព្រៃឈើ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនឡើយ។

 លោកថា៖ «​គាត់ចាត់វិធានការតែក្រុមហ៊ុនតូចៗ ​គាត់ចាត់វិធានការបានតែអ្នកដឹកឈើតាមគោយន្ត ​ ហើយចាប់បានតែឧកញ៉ាតូចៗហ្នឹង វាអត់ត្រូវសាច់រឿង អ្វីដែលក្នុងការបាត់បង់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ព្រោះព្រៃឈើនៅក្នុងប្រទេសកម្ពុជា ​មិនមែនអ្នកតូចៗបំផ្លាញទេ គឺជាអ្នកមានងារជា​ឧកញ៉ា ជាអ្នកបំផ្លាញ​»។

លោក ហេង ស្រស់ បន្តថា ប្រសិនបើគណៈកម្មការជាតិ មិនធ្វើការស៊ើបអង្កេត និងចាត់វិធានការលើឧកញ៉ាធំៗទេ លោកថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជានឹងវិនាសអស់នៅពេលខាងមុខនេះ។

អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អ្នក​នាំពាក្យ​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ លោក អេង ហ៊ី បន្ថែមថា មនុស្ស ៥៩នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្នុងនោះគឺមានឧកញ៉ា២នាក់។

លោកថា៖ «គាត់មានសិទ្ធិក្នុងការនិយាយស្ដី គាត់និយាយអីនិយាយទៅ គណៈកម្មការ​ធ្វើការងាររបស់យើងទៅតាម​វិធានការ​។ ព្រួយបារម្ភគាត់ចេះ តែ​យើងអ្នកទប់ស្កាត់ មិនមែនយើងអត់ធ្វើណា ​យើងធ្វើរហូត ហើយពួកគាត់គឺព្រួយបារម្ភ​ លើកឡើងមិនដែល [មាន] ភាពវិជ្ជមានរបស់គណៈកម្មការ ទោះបីបង្កា្របក៏ដោយ ក៏គាត់នៅនិយាយ។ អាហ្នឹង សិទ្ធិរបស់គាត់! គាត់និយាយអីនិយាយទៅ ខ្ញុំមិនធ្វើការឆ្លើយតបទេ»។

លោក អេង ហ៊ី បន្តថា សម្រាប់ឈើដែលសមត្ថកិច្ចចាប់បាននោះ លោកថា ក្រសួងកសិកម្មកំពុងធ្វើការដាក់ចេញថ្លៃផងដែរ។ ដោយឡែក ចំពោះឧកញ៉ា ៣នាក់ ដែលបានរត់គេចខ្លួនកន្លងមក លោកថា សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ គិតមកដល់ថ្ងៃនេះ។

កាលពីខែកញ្ញា ឆ្នាំ២០១៩ សាលាដំបូងខេត្តមណ្ឌលគិរីបានចេញដីកាមួយឱ្យសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង ជាម្ចាស់ក្រុមហ៊ុន ម៉េងលាង និងឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី។ ការបញ្ជានេះ ធ្វើឡើងក្រោយពីឧកញ៉ា ៣នាក់នោះរត់គេចខ្លួនមិនចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។

រដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។ គិតចាប់តាំងពីបង្កើត និងបើកយុទ្ធនាការចុះប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើទ្រង់ទ្រាយធំរបស់គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ បាន មក​រហូត​ដល់​បច្ចុប្បន្ន​  គឺចាប់ខ្លួនឧកញ៉ាបានចំនួន ២នាក់ ក្នុងនោះមាន​ ឧកញ៉ា គង់ ក្រឹង និង​ឧកញ៉ា ស៊ឹង សំអុល។

របាយការណ៍ក្រសួងបរិស្ថានប្រចាំឆ្នាំ២០១៩ បង្ហាញថា កម្ពុជាមានព្រៃឈើ៥០ភាគរយគ្របដណ្តប់ទូទាំងប្រទេស ដែលជាអត្រាមានព្រៃឈើខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។​

ចំណែករបាយការណ៍អង្គការណាសា កាលពីឆ្នាំ២០១៧ បង្ហាញថា កម្ពុជាមានការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំង ចន្លោះឆ្នាំ២០០១ ដល់២០១៤។ របាយការណ៍បញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើធ្វើឡើងក្រោមរូបភាពផ្តល់ដីសម្បទានសេដ្ឋកិច្ច។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ