សកម្មជនដីធ្លី៣នាក់នៅកោះកុងស្នើសុំពន្យារពេលចូលបំភ្លឺនៅតុលាការ

អ្នកស្រី ខន ផុន (ឆ្វេង) និងអ្នកស្រី ហេង លីន (ស្ដាំ) បង្ហាញដីកាកោះហៅពីសាលាដំបូងខេត្ត ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តលើអតីតតំណាងខ្លួនគឺអ្នកស្រី ឆាយ វី ជុំវិញរឿងអ្នកស្រី ឆាយ វី ញុះញង់ឱ្យលក់ដីសហគមន៍។ (Phav Nheung/ មករា-កុម្ភៈ ២០២០)

សកម្មជនដីធ្លីចំនួន៣នាក់នៅកោះកុង បានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅសាលាដំបូងខេត្ត ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្ត ជុំវិញរឿងញុះញង់ឱ្យលក់ដីសហគមន៍។

ក្នុងដីកាកោះចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ តំណាងអយ្យការនៃអយ្យការអមសាលាដំបូងខេត្តកោះកុងលោក អ៊ុន សុវណ្ណធានី បានកោះហៅសកម្មជនដីធ្លីចំនួន៣នាក់មានអ្នកស្រី ផាវ ញឺង អ្នកស្រី សេង លីន និងអ្នកស្រី ខន ផុន ឱ្យចូលបំភ្លឺនៅថ្ងៃទី៦ ខែកុម្ភៈនេះ ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្ត ទៅលើបណ្តឹងរបស់អ្នកស្រី ឆាយ វី ជាប្រជាពលរដ្ឋរស់នៅតំបន់នោះ។

អ្នកស្រី សេង លីន ប្រាប់វីអូឌីថា រូបគាត់ និងស្ត្រី២នាក់ទៀត មិនអាចចូលបំភ្លឺតាមការកំណត់នោះទេ ដោយសារមិនទាន់រកមេធាវីបាន ម្យ៉ាងទៀតជាប់រវល់នៅថ្ងៃនោះ។​

សកម្មជនដីធ្លីរូបនេះឱ្យដឹងថា ពួកគាត់ទាំង៣នាក់នោះបានស្នើសុំពន្យារពេលនៅតុលាការខេត្តកោះកុងរួចហើយ កាលពីម្សិលមិញនេះ។ អ្នកស្រី សេង លីន និយាយថា អ្នកស្រីនឹងទៅបំភ្លឺនៅពេលក្រោយ ដោយមិនមានការភ័យខ្លាច ព្រោះមិនបានធ្វើអ្វីខុស។​

អ្នកស្រីបន្ថែមថា៖ «បើខ្ញុំខុស អាហ្នឹងខ្ញុំខ្លាច។ តែនេះ ខ្ញុំអត់ខុសផង បានអីខ្ញុំខ្លាច។ ចង់ប្តឹងទៅដល់ណាក៏ខ្ញុំអត់ខ្លាចដែរ។ ពួកខ្ញុំថារកដាក់ពាក្យប្តឹងវាវិញដែរ។ ព្រោះរឿងពិតបានពួកយើងធ្វើ រឿងមិនពិតយើងមិនធ្វើទេ។ វា [ឆាយ វី] លក់ដីអស់សហគមន៍ អស់រាប់រយហិកតាហើយ បែរជាមកប្តឹងពួកខ្ញុំវិញ»

តំណាងពលរដ្ឋ អ្នកស្រី ផាវ ញឺង មានប្រសាសន៍ថា ពលរដ្ឋរាប់រយនាក់បានផ្តិតមេដៃប្តឹងអ្នកស្រី ឆាយ វី ដែលជាអតីតតំណាងរបស់ពួកគេទៅក្រសួងមហាផ្ទៃ ដោយចោទថា បានលួចលក់ដី​ដែលសេសសល់ ក្រោយពីរដ្ឋាភិបាលវាស់វែងបែងចែកឱ្យអ្នកភូមិរួច។

តំណាងពលរដ្ឋរូបនេះបន្តថា ក្រោយអ្នកស្រីជាតំណាងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ គឺអ្នកស្រីបានស្នើទៅអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងស្រាវជ្រាវ ប៉ុន្តែ ពុំមានអាជ្ញាធរណាចុះធ្វើអធិការកិច្ចនោះទេ បែរជាតុលាការចេញដីការកោះហៅពួកគាត់ឱ្យឆ្លើយបំភ្លឺតាមបណ្តឹងអ្នកស្រី ឆាយ វី ទៅវិញ។

អ្នកស្រី ផាវ ញឺង

អ្នកស្រីបន្ថែមថា៖ «ខ្ញុំស្នើឱ្យព្រះរាជអាជ្ញា ឬតុលាការត្រូវធ្វើដោយតម្លាភាពយុត្តិធម៌ផង ព្រោះអីអ្នកដែលលួចលក់ដី ម៉េចមិនហៅគេទៅសួរផង។ ព្រោះប្រជាជនបានប្តឹងគាត់។ ចុះហេតុអីបានជាតុលាការកោះហៅតែខ្ញុំ៣នាក់។ ខ្ញុំអត់ភ័យខ្លាចទេ ក្នុងនាមជួយការពារទឹកដីឱ្យពលរដ្ឋ ព្រោះប្រជាពលរដ្ឋស្នើឱ្យដីហ្នឹងទុកចែកជូនពលរដ្ឋក្រីក្រ»។

ដើមបណ្តឹងគឺអ្នកស្រី ឆាយ វី ប្រាប់វីអូឌីថា អ្នកស្រីប្តឹងតំណាងពលរដ្ឋ៣នាក់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ដោយសារ តំណាងទាំងនោះបាននិយាយចោទប្រកាន់អ្នកស្រីថា ឃុបឃិតគ្នាលួចលក់ដី​រដ្ឋ ដែលការលើកឡើងនេះខុសពីការពិត។

អ្នកស្រី ឆាយ វី ដែលអ្នកភូមិអះអាងថា ជាអតីតតំណាងពលរដ្ឋសហគមន៍១៧៥គ្រួសារ និងត្រូវជាបងស្រីបង្កើតមេឃុំជីខលើ គឺលោក ឆាយ វុធ នោះ បានច្រានចោលការលើកឡើងរបស់តំណាងប្រជាពលរដ្ឋ និងទាមទារឱ្យតំណាងទាំងនោះបង្ហាញភស្តុតាងឱ្យបានច្បាស់។

អ្នកស្រីថា៖ «ពួកគាត់បានចោទខ្ញុំថា បានលួចលក់ដីរដ្ឋ សួរថា ដីនៅចំណុចណា? ដីពីណាគេ? ហើយលក់ទៅឱ្យឧកញ៉ា​ណា? រកមក? ចោទខ្ញុំថា លក់ដីឱ្យឧកញ៉ា​ ធ្វើផ្ទះបីបួន។ ខ្ញុំខំរកស៊ីតាំងពីខ្ញុំអាយុ១០ឆ្នាំមកទល់សព្វថ្ងៃ។ ខ្ញុំមិនមែនបានដីពីរដ្ឋាភិបាលចែកឱ្យ ហើយលក់យកទៅសងធនាគារ និងលេងល្បែងនោះទេ»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីជម្លោះទាំងសងខាង តុលាការត្រូវធ្វើការដោយឯករាជ្យ និងយុត្តិធម៌។ លោកថា តុលាការត្រូវចុះស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់ មុនសម្រេចសេចក្តីណាមួយនោះ។

លោកបន្ថែមថា៖ «រឿងនេះ តុលាការត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង។ អ្វីសំខាន់ ភាគីដែលរងបណ្តឹងនៅតុលាការនេះ តាមការអះអាងគឺពួកគាត់ចង់ការពារដីដែលនៅសល់ហ្នឹងជាទ្រព្យសម្បត្តិរួម។ វាមិនមែនជាការប្តឹងដើម្បីទាមទារជាប្រយោជន៍ផ្ទាល់ខ្លួនទេ ជាប្រយោជន៍សាធារណៈ។ អីចឹង តុលាការគួរតែពិចារណា និងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់មុននឹងចាត់វិធានការផ្លូវច្បាប់ណាមួយ»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋនៅសហគមន៍១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី អតីតតំណាងពួកគេថា បាន«ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បំរុងទុករបស់សហគមន៍»។

ក្នុងញត្តិដដែលនេះ ក្រុមអ្នកភូមិលើកឡើងថា ក្រោយពីក្រសួងរៀបចំដែនដីសម្របសម្រួលដោះស្រាយដោយកាត់ឆ្វៀលដីមួយចំនួនចេញពីគម្រោងដីរបស់ក្រុមហ៊ុន លី យ៉ុងផាត់ យកមកដោះស្រាយជូនពលរដ្ឋ១៧៥គ្រួសាររួចមក គឺនៅសល់ដី៤៤ឡូតិ៍ ស្មើនឹង១៣២ហិកតា ជាដី​បំរុងទុករបស់សហគមន៍សម្រាប់ចែកជូនក្មេងជំនាន់ក្រោយ ប៉ុន្តែ ដីនេះត្រូវបានបុគ្គលឈ្មោះ ឆាយ វី ឃុបឃិតគ្នាលួចលក់ទៅឱ្យអ្នកមានលុយមានអំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ