អ្នកមានជម្លោះដីធ្លីខេត្តត្បូងឃ្មុំ បន្តទាមទារឱ្យតុលាការដោះលែងតំណាងពួកគាត់​

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ប្រជាពលរដ្ឋសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប្រមាណ៧០នាក់ បានជួបជុំគ្នាលើកបដារូបថតក្នុងគោលបំណងឱ្យតុលាការខេត្តត្បូងឃ្មុំ ដោះលែងតំណាងសហគមន៍របស់ពួកគាត់គឺលោក សែម សាង ដែលត្រូវសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ (ហ្វេសប៊ុក Indigenous Voice for Natural Resources)

ប្រជាសហគមន៍ជាង ៧០នាក់ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បាននាំគ្នាឈរតវ៉ានៅលើដីមានជម្លោះ ដើម្បីទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងតំណាងសហគមន៍របស់ពួកគេ។

តំណាងសហគមន៍ភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ លោក សែម សាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងរឿង​ជម្លោះ​ដីធ្លីជាមួយក្រុមហ៊ុន​ចម្ការកៅស៊ូ​ ហាម៉ឹនី វីន​ អ៊ិនវេសមេន។

ប្រជាពលរដ្ឋម្នាក់​នៃ​សហគមន៍​ស្រែប្រាំង លោក សែម ចំណាន ​ប្រាប់វីអូឌីថា អ្នកភូមិនឹងនាំគ្នាធ្វើការប្រមូលផ្ដុំលើដីមានជម្លោះជារៀងរាល់ខែ រហូតទាល់តែតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងតំណាងពួកគាត់។ លោកចាត់ទុកការចោទប្រកាន់ និងឃុំខ្លួនតំណាងពួកគាត់ ដោយគ្រាន់តែការពារដីសហគមន៍ ដែលត្រូវបានក្រុមហ៊ុនរំលោភយក ថាជារឿងអ​យុត្តិធម៌។

លោកថា៖ «វាជារឿងអយុត្តិធម៌​ វាមិនមានកំហុសអីធ្ងន់ធ្ងរ។ ដូចខ្ញុំតែងតែនិយាយថា គ្រាន់តែយើងការពារដី ខុសមែនក៏អី ​យើងគ្រាន់តែការពារសោះបែរជាខុស​ ហើយអ្នកបំផ្លាញមានសេរីភាព​ រួចខ្លួន មិនជាប់បណ្ដឹងណាមួយទេ។ វាអយុតិ្តធម៌សម្រាប់រូបគាត់ ក៏ដូចពួកខ្ញុំផងដែរ»។

លោកបន្តថា ប្រសិនបើតុលាការមិនព្រមដោះលែងទេ លោកថា ពួកគាត់នឹងនាំគ្នាដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នផ្សេងៗទៀត។

ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហាក់ សៀកលឹម សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យវិញ។

លោកថា៖ «អធ្យាស្រ័យ សំណុំរឿងនេះបើតាមខ្ញុំចាំ ​វានៅក្នុងដំណាក់ការរបស់តុលាការ អ៊ីចឹងទេ ទាក់ទងនឹងព័ត៌មាន ទាល់តែទាក់ទងទៅអ្នកនាំពាក្យតុលាការ»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង បានទេ ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ លោកស្រី ធីម ណារីន មានប្រសាសន៍ថា តុលាការគួរតែដោះលែងតំណាងសហគមន៍របស់ពួកគេវិញ ដោយលោកស្រីថា ការតវ៉ារបស់ពលរដ្ឋកន្លងមក គឺដើម្បីការពារផលប្រយោជន៍រួមតែប៉ុណ្ណោះ។ លោកស្រីបន្តថា ប្រសិនបើតុលាការនៅតែបន្តឃុំខ្លួនពលរដ្ឋតវ៉ារឿងដីធ្លីទៀត លោកស្រីថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លីកន្លងមក នឹងអស់ជំនឿលើប្រព័ន្ធយុត្តិធម៌។

លោកស្រីថា៖ «តុលាការគួរតែពិចារណាម្ដងទៀតទៅលើបញ្ហាទាំងអស់ហ្នឹង ហើយបើសិនជារកឃើញថា សកម្មភាព​ដែលពួកគាត់ធ្វើ​ដើម្បីផលប្រយោជន៍សហគមន៍ពួកគាត់ តុលាការគួរតែ​ធ្វើការទម្លាក់បទចោទ​ ហើយផ្ដល់សេរីភាពឱ្យពួកគាត់​វិញ។ ហ្នឹងជាការ​ប្រសើរ ដើម្បី​លើកម្កើងភាពយុត្តិធម៌នៅក្នុងសង្គម ហើយដើម្បីឱ្យប្រជាពលរដ្ឋ​មានជំនឿទៅលើប្រព័ន្ធតុលាការផងដែរ។»

ការចាប់ខ្លួន និងចោទប្រកាន់លើតំណាងសហគមន៍ដីធ្លីនេះ ធ្វើឡើងស្របពេលដែលក្រសួងរៀបចំដែនដី បានប្រកាស​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដោយឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋណាដែល​ក្រសួង​ចោទថា បានញុះញង់ឱ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ឡើងមកតវ៉ាទាមទារ​ដីព្រៃសហគមន៍នៅក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ