តំណាងពលរដ្ឋមាន​ជម្លោះ​ដីធ្លីជាមួយទាហាន​នៅស្វាយ​ចេក​ ថា​ពួកគាត់បង្ខំ​ចិត្ត​ចំណាក​ស្រុក​ព្រោះគ្មាន​ដី​បង្កបង្កើនផល​

រូបភាពសាលាស្រុកស្វាយចេក ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មី ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ហ្វេសប៊ុក រដ្ឋបាលស្រុកស្វាយចេក)

តំណាងប្រជាពលរដ្ឋក្នុង​ឃុំមួយនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អះអាងថា ភូមិ​គាត់បាន​​ចំណាកស្រុកស្ងាត់ស្ងាត់​ភូមិ ក្រោយពួកគេបាត់បង់ដីធ្លីដោយសារទាហានរំលោភយកអស់ គ្មានដីសម្រាប់បង្កបង្កើនផល។

លោក ញ៉ឹម សួង ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋនៅភូមិប្រសាទវៀន ប្រាប់វីអូឌីថា ប្រជាពលរដ្ឋ៦៩៩គ្រួសារ និងមានដីសរុប២២២២ហិកតា ស្ថិតក្នុងភូមិ៤ នៅឃុំផ្គាំ ស្រុកស្វាយចេក ត្រូវបានទាហានខេត្តបន្ទាយមានជ័យរំលោភយកអស់តាំងពីឆ្នាំ២០១៨។

តំណាងប្រជាពលរដ្ឋរូបនេះបន្តថា ក្រោយទាហានព័ទ្ធ​យកដីអស់ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ដីស្រែ ដីចំការ និងផលដំណាំផ្សេងៗ ហើយប្រជាពលរដ្ឋបានជួបបញ្ហាជីវភាព ជំពាក់បំណុលធនាគារ និងបានធ្វើចំណាកស្រុកទៅប្រទេសថៃប្រហែល៧០ភាគរយហើយសម្រាប់ភូមិនីមូយៗ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋដែលទៅអាស្រ័យផលនៅតំបន់ហ្នឹង បានយកប្រាក់អង្គការសម្រាប់ធ្វើស្រែ ធ្វើចំការហ្នឹងឯង ដែលជាប្រភពចំណូល។ ដល់គាត់ [ទាហាន] ដកយកដីស្រស់ៗអីចឹងទៅ ប្រជាពលរដ្ឋគឺបាត់បង់ប្រភពចំណូលខ្លាំងមែនទែន។ រហូតអ្នកខ្លះមិនដែលទៅថៃផង បានលះបង់បែកបាក់ក្រុមគ្រួសារដែលធ្លាប់នៅសុខសាន្ត​ជាមួយគ្នាហ្នឹង។ សព្វថ្ងៃ ក្នុងភូមិឡើងស្ងាត់ រកមនុស្សនិយាយគ្នាសឹងមិនបាន។ បើនិយាយទៅ ទៅថៃប្រហែល៧០ភាគរយហើយ»

លោក ភី សំណាង ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិថ្មគោល បានឱ្យដឹងថា ក្រុមអ្នកភូមិបានចូលកាន់កាប់ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩៩ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងពុំធ្លាប់មានអាជ្ញាធរណាចុះទៅហាមឃាត់ឡើយ។

តំណាងពលរដ្ឋរូបនេះបន្តថា ទើបតែនៅឆ្នាំ២០១៨ ទាហាននៅខេត្តបន្ទាយមានជ័យ បានចុះទៅហាមឃាត់មិនឱ្យប្រជាពលរដ្ឋចូលទៅរស់នៅ និងបង្កបង្កើនផលលើដីធ្លីនោះរហូតមកដល់បច្ចុប្បន្ន ក្រោមហេតុផលថាពលរដ្ឋកាន់កាប់លើដីសង្គមកិច្ចរបស់រដ្ឋទៅវិញ។

លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់សម្តេចតេជោលោកជួយដោះស្រាយជូនប្រជាជនដែលកំពុងរងផលប៉ះពាល់ដីធ្លីទាំងហ្នឹងវិញ ដើម្បីឱ្យពួកគាត់បានដីធ្វើស្រែចំការឡើងវិញ។ ដោយពួកយើងកំពុងជួបបញ្ហាកូនរៀន ជំពាក់បំណុលគេ និងពុំមានស្រែចំការសម្រាប់បង្កបង្កើនផលតទៅទៀត។ ជាពិសេសនោះ អ្នកដែលបាត់បង់ដីធ្លីទាំងអស់នោះ បានចំណាកស្រុកទៅធ្វើការនៅថៃច្រើនគ្រួសារណាស់»

បើតាមតំណាងពលរដ្ឋ លោក ភី សំណាង គឺអ្នកភូមិបានបាត់បង់ដីធ្លីចន្លោះពី៥ ទៅ១០ហិកតាក្នុងមួយគ្រួសារ ហើយថា ប្រជាពលរដ្ឋទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយជូនពួកគេវិញ ត្រឹម១គ្រួសារ ដី២ហិកតាប៉ុណ្ណោះ សម្រាប់ទុកបង្កង្កើនផលចិញ្ចឹមជីវិត។

តំណាងពលរដ្ឋរូបនេះឱ្យដឹងថា កាលឆ្នាំ២០១៨ ក្រុមអ្នកភូមិបានដាក់ញត្តិទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំអន្តរាគមន៍ពីអភិបាលខេត្តចាស់គឺលោក សួន បវរ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យជួយដោះស្រាយដែរ ប៉ុន្តែ រហូតពេលនេះ នៅពុំមានដំណោះស្រាយ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកស្វាយចេក លោក លឿង សុភាក់ បានទេ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។ ចំណែកមេឃុំផ្គាំ លោក សេង សឿង ទទួលស្គាល់ថា ក្នុងភូមិពិតជាមានពលរដ្ឋចំណាកស្រុកមែន ប៉ុន្តែ លោកមិនច្បាសថា ការចំណាកស្រុកដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ។

លោកមេឃុំ​រូបនេះ ឱ្យដឹងថា រឿងវិវាទដីធ្លីនៅក្នុងឃុំរបស់លោកគឺកន្លងមក អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីក្រសួងរៀបចំដែនដីផង បានចុះសម្របសម្រួសដោះស្រាយ គឺមានពលរដ្ឋមួយចំនួនធំបានទទួលយកការដោះស្រាយនោះ និងមានពលរដ្ឋជិត១០០គ្រួសារប៉ុណ្ណោះដែលបន្តតវ៉ា។

លោកបន្ថែមថា៖ «ថ្នាក់ខេត្តគឺយើងបានដោះស្រាយសម្រាប់ប្រជាពលរដ្ឋទាំងបួនភូមិហ្នឹង ប៉ុន្តែ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានដីនៅទីនោះប្រហែល៨០ ទៅ៩០គ្រួសារទេ ដែលគេសុំតវ៉ាទៅទៀតដោយគេថា គេស្គាល់អ្នកនេះអ្នកនោះជួយតវ៉ាទៅដីច្រើនជាងនេះ»

កាលពីខែមករា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្ត្រីចេញលិខិតមួយជំរុញទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដោះស្រាយករណីវិវាទដីធ្លីនេះជូនពលរដ្ឋ។ ករណីទីស្តីការគណៈរដ្ឋមន្ត្រីជំរុញឱ្យលោក ជា សុរ៉ា ដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ស្រី ពោធិតី សាវត្ថី មានប្រសាសន៍ថា បើទោះបីជាទីស្តីការគណៈរដ្ឋមន្ត្រីចេញលិខិតឱ្យលោក ជា សុផារ៉ា ដោះស្រាយជូនពលរដ្ឋក៏ដោយ រហូតមកដល់ពេលនេះគឺពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ លោកស្រីបន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កំពុងធ្វើលិខិតមួយដើម្បីជំរុញឱ្យក្រសួងរៀបចំដែនដី ពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែទទួលបានដំណោះស្រាយសមរម្យ ដោយថា តាមការចុះស្រាវជ្រាវ គឺរកឃើញថា អាជ្ញាធរថ្នាក់ក្រោមបានឃុបឃិតគ្នាលួចលក់ដីសង្គមកិច្ចរបស់រដ្ឋដែលរដ្ឋាភិបាលទុកសម្រាប់ចែកជូនដល់ក្រុមទាហានចូលនិវត្តន៍ និងយោធិនពិការ ដែលធ្វើឱ្យក្រុមទាហានចូលនិវត្តន៍ និងយោធិនពិការទាំងនោះ ទទួលដីមិនគ្រប់ ទើបវាទីយកដីប្រជាពលរដ្ឋដែលនៅជាប់ៗនោះបន្ត។

លោកស្រីបន្ថែមថា៖ «ពួកយើង [ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់] កំពុងធ្វើលិខិតពន្លឿនការអនុវត្ត ស.ជ.ណ ហ្នឹង ដាក់ទៅលោក ជា សុផារ៉ា។ រឿងហ្នឹងមានការយឺតយ៉ាវ មិនដឹងជាមកពីមូលហេតុអ្វី? ឥលូវហ្នឹង សម្តេចលោកឱ្យយើងធ្វើទាំងអស់ជូនទៅសម្តេចហើយ។ សម្តេចនឹងហៅគណៈកម្មការជាតិដោះស្រាយបញ្ហាដីធ្លីរបស់លោក ជា សុ ផារ៉ា ហ្នឹង ឱ្យមកឆ្លើយបំភ្លឺជាមួយឧត្តមក្រុមប្រឹក្សាយើង អំពីមូលហេតុយឺតយ៉ាវហ្នឹង»

វីអូឌី មិនអាចសុំ​ការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា និង​អ្នក​នាំពាក្យក្រសួងការពារជាតិ លោក ឈុំ​ សុជាតិ ​បាន​ទេ គិតត្រឹម​រសៀល​ម៉ោង៤ ថ្ងៃទី៥ ខែកុម្ភៈនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ