លោក កឹម សុខា សង្ឃឹមខ្ពស់ថាបានចូលរួមបោះឆ្នោតពេលខាងមុខ

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា អះអាងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកមានការសង្ឃឹមខ្ពស់ថា ទទួលបានយុត្តិធម៌ដោយរួចពីការចោទប្រកាន់នានា ហើយមានលទ្ធភាពក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតថ្នាក់ជាតិ​ ឆ្នាំ២០២៣។​

ក្នុងសន្និសីទសារព័ត៌មានខ្លីមួយមុនទៅចូលរួមសវនាការនៅព្រឹកនេះ លោក កឹម សុខា អះអាងថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែត្រូវការសហគមន៍អន្តរជាតិ ដូច្នេះ លោកថា រដ្ឋាភិបាលមិនអាចបន្តរារាំងលោកមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត ព្រោះរដ្ឋាភិបាលនៅតែត្រូវការអន្តរជាតិ។​

លោក កឹម សុខា៖ «ខ្ញុំសង្ឃឹមច្រើន ពីព្រោះអី? រដ្ឋាភិបាល ថ្នាក់ដឹកនាំសព្វថ្ងៃហ្នឹង គាត់មិនចង់ដើរចេញពីសហគមន៍អន្តរជាតិទេ។​ យើងឃើញជាក់ស្តែងហើយ គាត់ចូលរួមប្រជុំធំជាអន្តរជាតិលើកណាក៏គាត់តែងតែមានវត្តមាន ហើយគាត់តែងតែទំនាក់ទំនង»

លោក កឹម សុខា បញ្ជាក់ថា​ បើសិនរដ្ឋាភិបាលបន្តរារាំងមិនឱ្យលោកចូលរួមបោះឆ្នោតក្នុងនាមជាគណបក្សមួយដែលមានសមត្ថភាពសមស្របក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាចនោះ នឹងធ្វើឱ្យបាត់លទ្ធិប្រជាធិបតេយ្យ ផ្ទុយពីការចង់បានរបស់ប្រទេសលោកសេរី។​

លោក កឹម សុខា៖ «ប្រសិនបើគាត់ធ្វើបាត់បង់លទ្ធិប្រជាធិបតេយ្យ ដែលសហគមន៍អន្តរជាតិ គេយល់ឃើញថា ដំណើរការបោះឆ្នោតដែលមានការចូលរួមពីគណបក្សដែលសាកសម ខ្ញុំមិនថា តូចឬធំទេ គឺសាកសមក្នុងការប្រកួតគ្នាហ្នឹង ធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់អ្នកផ្សេងទៀត»។​

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សា​វាង្ស មានប្រសាសន៍ថា ការចោទប្រកាន់លោក កឹម សុខា ជាដើមចមដែលធ្វើឱ្យតុលាការរំលាយគណបក្សសង្រោះជាតិ មិនឱ្យចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ ប៉ុន្តែ គិតមកដល់ពេលនេះ លោកថា តុលាការមិនទាន់រកឃើញកំហុសរបស់លោក កឹម សុខា នៅឡើយ។

លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនៅតែរារាំងមិនឱ្យលោក កឹម សុខា ចូលរួមបោះឆ្នោតនៅពេលខាងមុខនេះទេ លោកថា កម្ពុជាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម ហៅថា EBA និង GSP ពីសហគមអន្តរជាតិ។

លោកថា៖ «នៅក្នុងការទាមទារ [សហគមអន្តរជាតិ​] មានការដោះលែងលោក កឹម សុខា ចង់ឱ្យមានការទម្លាក់ចោលការចោទប្រកាន់​​​ទៅលើគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រខ្ពស់នោះ ដើម្បីឱ្យចូលធ្វើការងារប្រកួតប្រជែងផ្នែកនយោបាយតទៅមុខទៀត។ អ៊ីចឹង លក្ខខណ្ឌទាំងអស់ហ្នឹង ​[ដក] EBA និង GSP អាមេរិកជាដើមអ៊ីចឹង។ អ៊ីចឹង បើសិនបញ្ហាហ្នឹងនៅតែបន្ត ​យើងនឹងអាចជួបបញ្ហាប្រឈមនៃអ្វីដែលជាការទាមទារបស់សហគមអន្តរជាតិ​ហ្នឹងហើយ។»

ក្រោយការចាប់ខ្លួនលោក កឹម សុខា បានពីរខែ តុលាការកំពូលកម្ពុជា បានសម្រេចចេញសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ តបតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ហើយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សចំនួន ១១៨ រូប ក៏ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

លោក កឹម សុខា ត្រូវសមត្ថកិច្ចក្រោមបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន ចាប់ខ្លួនទាំងយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទ«ត្រូវរ៉ូវជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល»។​ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺជាសប្តាហ៍ទី៤ ដែលតុលាការដំណើរការកាត់ទោស ដែលតាមគម្រោងតុលាការត្រូវប្រើពេល៣ខែ ដើម្បីសវនាការលើរឿងក្តីនេះ​៕


លោក កឹម សុខា និងមេធាវីរដ្ឋាភិបាលប៉ះសម្តីគ្នាពេលសួរពីការចំណាយរបស់គណបក្សសិទ្ធិមនុស្ស

លោក កឹម សុខា៖ បើមិនជឿថាខ្ញុំធ្វើសកម្មភាពដើម្បីប្រជាធិបតេយ្យ ហៅអាមេរិកមកសួរទៅ

លោក កឹម សុខា បញ្ជាក់ជំហរមិនរួមគំនិតជាមួយបរទេសឬខ្មែរឈ្លានពានកម្ពុជាទេ

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ