ក្រសួងព័ត៌មាន​បង្កើតគណៈកម្មការដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មាន សម្រេច​បង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ក្រោយក្រសួងនេះ​ស្នើទៅលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ឱ្យជួយផ្តល់មេធាវីការពាររឿងវិវាទរបស់ពួកគេ។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី៥ ខែកុម្ភៈ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយមានសមាសភាព២៣នាក់ ដែលមានលោក ខៀវ កាញារីទ្ឋ ជាប្រធាននៃគណៈកម្មការនេះ។

សេចក្តីសម្រេចដដែលនេះបញ្ជាក់ថា គណៈកម្មការមានភារកិច្ចទទួលពាក្យបណ្តឹងរបស់សារព័ត៌មានដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានដែលទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈ និងបញ្ជូនពាក្យបណ្តឹងរបស់សារព័ត៌មានទៅឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន រួមទាំងតាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗតាំងពីដើមដល់ចប់។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍បន្ថែមលើសេចក្តីសម្រេចនេះថា គណៈកម្មការនេះបង្កើតឡើងឱ្យស្របទៅតាមប្រសាសន៍លោកនាយករដ្ឋមន្រ្តី​ ដែលប្រកាសផ្តល់មេធាវីដើម្បីជួលដល់អ្នកកាសែតដែល​ប្រឈមមុខនឹង​បណ្ដឹង​ផ្លូវច្បាប់​ណាមួយ​អំឡុង​ពេល​ពួកគេ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​។

លោកបន្ថែមថា៖ «ដូចដែលសម្តេចបានលើកអីចឹងថា យើងជួយអ្នកសារព័ត៌មានដែលគាត់មានវិវាទដល់ដៃតុលាការ ហើយអត់មានមេធាវី។ [……] នៅពេលយើងមានសំណូ​មពរពីអ្នកសារព័ត៌មានទៅ លោកថាឱ្យមេធាវីរបស់លោកនេះ អាចជួយបញ្ហារបស់អ្នកសារព័ត៌មានដែលវិវាទដល់ដៃតុលាការនេះដែរ»

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ម៉ៃ ទិត្យថារ៉ា ថាវាជាចំណុចល្អមួយសម្រាប់អ្នកសារព័ត៌មាន ប៉ុន្តែ លោកចង់ឃើញគណៈកម្មការមួយជួយដោះស្រាយវិវាទដល់អ្នកសារព័ត៌មានទូទៅដោយមិនលំអៀង ឬប្រកាន់បក្សពួកទៅខាងក្រុមណាមួយឡើយ។

នាយកប្រតិបត្តិខេមបូចារូបនេះ ក៏ជំរុញទៅអ្នកសារព័ត៌មានទាំងអស់ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ ដើម្បីចៀសវាងរងបណ្តឹងផ្សេងៗនោះ។

លោកបន្ថែមថា៖ «ប្រសិនបើគាត់ធ្វើការដោយមានការលំអៀង ហើយមាននិន្នាការ ខ្ញុំគិតថា វានៅតែមានបញ្ហាដដែលសម្រាប់អ្នកសារព័ត៌មានដែលគាត់ធ្វើបែបឯករាជ្យ​។ ហើយត្រូវបានខាងគណៈកម្មការរិះគន់ ហើយវាយតម្លៃថា សារព័ត៌មានបែបប្រឆាំង ហើយគាត់មិនជួយ។ អីចឹង ខ្ញុំចង់ឱ្យការជួយហ្នឹងមានភាពស្មើគ្នា ចៀសវាងលាបពណ៌គ្នាទៅវិញទៅមក វាធ្វើឱ្យអ្នកសារព័ត៌មានយើងបែរជារងគ្រោះវិញទៅលើករណីហ្នឹង»

នៅក្នុងចំណុចមួយនៃសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានគឺបានលើកឡើងថា គណៈកម្មការមានតួនាទីពិគ្រោះយោបល់គ្នាដើម្បីពិភាក្សាអំពីព្យសនកម្មដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងបញ្ហារសើប ដែលចំណុចនេះ លោក ម៉ៃ ទិត្យថារ៉ា ថាវាបង្ហាញពីការរឹតត្បិតសិទ្ធសេរីភាពសារព័ត៌មាន។

ប៉ុន្តែ យ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុ​វណ្ណ បញ្ជាក់ថា គណៈកម្មការមិនអាចពិនិត្យទៅលើអត្ថបទរបស់អ្នកព័ត៌មានទូទៅនោះទេ គឺពិនិត្យតែអត្ថបទរបស់អ្នកសារព័ត៌មានដែលបំរើការងារនៅក្រសួងព័ត៌មាន ​ឬមានការស្នើឱ្យជួយពិនិត្យពីអ្នកសារព័ត៌មានប៉ុណ្ណោះ។

ក្នុងជំនួបលើកទី៤ រវាងលោកនាយករដ្ឋមន្ត្រី និងក្រុមអ្នកសារព័ត៌មានជិត ៦ពាន់នាក់ កាលពីថ្ងៃទី១៤ ខែមករា លោក ហ៊ុន សែន បាន​ប្រកាស​ផ្តល់​មេធាវី​សម្រាប់​ការពារ​ក្ដី​ដល់​អ្នកកាសែត​ដែលរាយការណ៍មានវិជ្ជាជីវៈ ហើយពួកគេរងបណ្តឹងត្រឡប់មកវិញ។ ប៉ុន្តែ លោកបញ្ជាក់ថា ការផ្តល់មេធាវីជូនបាន អាស្រ័យលើលក្ខណៈវិនិច្ឆ័យដាច់ដោយឡែកមួយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ