ក្រសួងសុខាភិបាលកម្ពុជា អះអាងថា បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាថ្មីនោះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃនេះ ក្រោយពីលទ្ធផលនៃការពិនិត្យឈាម មិនបានរកឃើញវីរុសកូរ៉ូណាថ្មីនៅក្នុងខ្លួនបុរសរូបនោះទៀតនោះឡើយ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនចេញនៅព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល បានរៀបរាប់ថា លទ្ធផលពិនិត្យឈាមលើកទី៣ ទៅលើបុរសជនជាតិចិន លោក ចា ជៀនហួ (Jia Jianhua) ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែកុម្ភៈម្សិលមិញនេះ ហើយរកមិនឃើញមេរោគទៀតនោះឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ប្រាប់វីអូឌីនៅថ្ងៃនេះថា លទ្ធផលមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ លើកទី៣ បានបញ្ជាក់ថា បុរសជនជាតិចិនបានជាសះស្បើយ ដោយក្នុងខ្លួនមិនមានផ្ទុកមេរោគកូរ៉ូណាទៀតទេ។ លោកបញ្ជាក់ថា បុរសជនជាតិចិនអាចជួបជុំគ្នាគ្រួសារ ៣នាក់ទៀត និងអាចទាក់ទងអ្នកផ្សេងបានធម្មតា។
លោក លី សូវ៉ាន់ ប្រាប់ថា៖ «ពាក្យជាសះស្បើយភាសាពេទ្យ បានន័យថា គាត់អត់មានរោគសញ្ញាអីទៀតទេ។ ទី២ គ្មានមេរោគក្នុងខ្លួន និងទី៣ មិនអាចចម្លងទៅអ្នកដទៃទៀត»។
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញការឆ្លងវីរុសកូរ៉ូណាលើកដំបូងទៅលើបុរសជនជាតិចិន ចា ជៀនហួ កាលពីថ្ងៃទី២៧ ខែមករាកន្លងមកនេះ ៥ថ្ងៃក្រោយពីលោក និងសមាជិកក្រុមគ្រួសារលោក ៣រូបទៀត បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ។
លោក ចា ជៀនហួ និងសមាជិកក្រុមគ្រួសាររបស់លោក ធ្វើដំណើរមកពីទីក្រុងវូហាន ជាទីដែលផ្ទុះវីរុសកូរ៉ូណាថ្មី និងកំពុងរាតត្បាតចេញទៅកាន់តំបន់ និងបណ្ដាប្រទេសផ្សេងទៀត៕