ពលរដ្ឋមក​ពី​ខេត្តត្បូងឃ្មុំ​ស្នើ​រដ្ឋាភិបាល​ពន្លឿនការ​ចុះបញ្ជីដីធ្លី ក្រោយក្រុមហ៊ុន​បម្រុង​ឈូសឆាយដីពួកគាត់

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណរាប់សិនគ្រួសារ បាននាំគ្នាមករារាំងគ្រឿងចក្រប្រភេទអិសស្កាចំនួន២គឿងរបស់ក្រុមហ៊ុន ជីង ហ៊ាង ដែលមានបំណងមកកាយព្រុំដីចំការចំនួន២៥០ហិកតា នៅចំណុចត្រពាំងធំ ចំណុចព្រែកតាបុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ (សារព័ត៌មាន ខ្មែរម្ចាស់ស្រុក)

ពលរដ្ឋមួយក្រុមមក​ពី​ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បាន​ស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យ​ពន្លឿនការ​ចុះបញ្ជីដីធ្លីជូនពួក​គេឱ្យបានឆាប់ ក្រោយពីមានក្រុមហ៊ុនមួយដាក់គ្រឿងចក្រគ្រោងឈូសឆាយលើដីធ្លីរបស់ពួកគេ។

ពលរដ្ឋ ១៦នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋ ៦៧គ្រួសារ រស់នៅភូមិកោះថ្ម ឃុំទន្លូង បានឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែននៅថ្ងៃនេះ ដើម្បីស្នើទៅក្រសួងពន្លឿនចុះបញ្ជីដីធ្លីជូនពួកគេឱ្យបានឆាប់។

លោក ទេព បិះ ប្រាប់វីអូឌីថា កាលពីថ្ងៃទី៥ ខែកុម្ភៈ មានក្រុមហ៊ុនមួយបានដាក់គ្រឿងចក្រ​បម្រុងឈូសឆាយដី និងដំណាំពលរដ្ឋ ប៉ុន្តែ ត្រូវបានតវ៉ារារាំងដោយអ្នកភូមិរាប់រយនាក់។

តំណាងពលរដ្ឋរូបនេះ រៀបរាប់ថា ពលរដ្ឋបានចូលទៅកាន់កាប់ និងបង្កបង្កើនផលលើដីមានជម្លោះនោះតាំងពីឆ្នាំ១៩៨៥ រហូតមក ប៉ុន្តែ នៅឆ្នាំ២០០៦ ក្រុមហ៊ុន ជីង ហ៊ាង អភិវឌ្ឍន៍ និងក្រុមហ៊ុន ផឹង ឡេង បានចូលទៅឈូសឆាយដី និងផលដំណាំពលរដ្ឋចោលដោយមិនអភិវឌ្ឍអ្វីនោះទេ។

លោក ទេព បិះ បន្តថា ក្រោយពីក្រុមហ៊ុនឈូសឆាយដីទុកចោលរយៈពេល ៣ឆ្នាំ មិនធ្វើអ្វីនោះ គឺនៅឆ្នាំ២០០៩ អ្នកភូមិបានចូលទៅកាន់កាប់ និងបង្កបង្កើនផលលើដីរបស់ពួកគេវិញ ដោយនៅឆ្នាំ២០១៧ មន្ត្រីមន្ទីររៀបចំដែនដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានចុះវាស់វែងដីនោះចែកជូនពលរដ្ឋ ៦៧គ្រួសារ សម្រាប់បង្កបង្កើនផលវិញ។

លោក ទេព បិះ បញ្ជាក់ថា កាលណោះ ពលរដ្ឋ ៣៥គ្រួសារ ត្រូវបានអាជ្ញាធរវាស់វែងដោយចេញប័ណ្ណបញ្ជាក់ក្បាលដីឱ្យ ប៉ុន្តែ រហូតមកដល់ពេលនេះ ពុំទាន់ចេញប្លង់រឹងជូននោះទេ។ ចំណែកពលរដ្ឋ ៣២គ្រួសារទៀត អាជ្ញាធរវាស់វែងចេញជូនរួចហើយ ប៉ុន្តែ មិនទាន់ចេញប័ណ្ណបញ្ជាក់ក្បាលដីជូននៅឡើយដែរ។

លោក ទេព បិះ បន្ថែមថា៖ «ប្រហែលជាមួយអាទិត្យមុននេះ មានបុគ្គលមួយចំនួន មកអះអាងថា ដីនោះជាដីក្រុមហ៊ុន បានយកគ្រឿងចក្រ ទៅបម្រុងឈូសឆាយកាយដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាជន និងកាយដំណាំរបស់ប្រជាជនចោលហ្នឹង បានជាពួកខ្ញុំឡើងមកដាក់ញត្តិដើម្បីឱ្យរដ្ឋាភិបាលជំរុញទៅសមត្ថកិច្ចពន្លឿនចេញប័ណ្ណកម្មសិទ្ធស្របច្បាប់ ជូនដល់ពួកយើងដែលមិនទាន់មានប័ណ្ណកម្មសិទ្ធនេះ»

មេភូមិកោះថ្ម លោក សី បត ដែលឡើងមកដាក់ញត្តិជាមួយតំណាងអ្នកភូមិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលចេញប័ណ្ណកម្មសិទ្ធដែរនោះ អះអាងថា ពលរដ្ឋទាំង ៦៧គ្រួសារ​នោះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធចុះធ្វើអត្តសញ្ញាណកម្មក្បាលដី និងបានវាស់វែងចែកជូនពលរដ្ឋពិតមែន ប៉ុន្តែ ពុំទាន់បានចេញប័ណ្ណកម្មសិទ្ធនៅឡើយ។

មេភូមិរូបនេះអះអាងថា ករណីក្រុមហ៊ុនយកគ្រឿងចក្របម្រុងឈូលឆាយដីពលរដ្ឋកំពុងអាស្រ័យផលពេលថ្មីៗនេះ គឺមិនបានជូនដំណឹងដល់គាត់ដែលជាអាជ្ញាធរមូលដ្ឋានដឹងមុននោះទេ។

លោក សី បត បន្ថែមថា៖ «គេយកគ្រឿងចក្រមកឈូសឆាយហ្នឹង អត់បានជូនដំណឹង យើងជាអាជ្ញាធរមូលដ្ឋានមិនដឹងមុនទេ ថា ក្រុមហ៊ុនថ្ងៃនេះមកឈូសឆាយដីនៅត្រង់នេះត្រង់នោះទេ។ យើងដឹងពេលល្ងាច ពេលដែលប្រជាពលរដ្ឋផ្អើលឈូរឆរទេ។ អ៊ីចឹង សូមក្រសួងរៀបចំដែនដីជួយចេញប័ណ្ណកម្មសិទ្ធឱ្យប្រជាពលរដ្ឋបានកាន់កាប់ក្បាលដីរៀងៗខ្លួនផង»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេជុំវិញករណីនេះ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប៉ុន្តែ បើតាមមេភូមិកោះថ្មី លោក សី បត ប្រាប់វីអូឌីថា មន្ត្រីរដ្ឋបាលក្រសួងបានទទួលញត្តិពីអ្នកភូមិហើយនៅព្រឹកមិញនេះ។

វីអូឌីមិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុនបានទេចំពោះរឿងនេះ។

អភិបាលខេត្តត្បូងឃ្មុំ លោក ជាប ច័ន្ទសុភណ្ឌ មានប្រសាសន៍ថា លោកពុំទទួលបានព័ត៌មានពាក់ព័ន្ធវិវាទដីធ្លីនេះនៅឡើយទេ។ លោកថា លោកនឹងប្រាប់ឱ្យមន្ត្រីស្រាវជ្រាវករណីនេះ ដើម្បីឈានទៅរកការដោះស្រាយតាមនីតិវិធី។

លោកបន្ថែមថា៖ «ខ្ញុំអត់ទាន់ហ៊ានថា ត្រូវធ្វើយ៉ាងម៉េចទេ ចាំខ្ញុំទំនាក់ទំនងសាកសួរទៅខាងរដ្ឋបាលស្រុកសិន ថាកន្លងមក គេបានធ្វើយ៉ាងម៉េចខ្លះ។ មានឯកសារ មាននីតិវិធីយ៉ាងម៉េច»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារឿន ដែលឃ្លាំមើលករណីនេះ បានស្នើទៅក្រសួងត្រូវបង្កើត​ក្រុម​ចុះស្រាវជ្រាវឱ្យបានច្បាស់ និងដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភពីការបាត់បង់ដី ដែលពួកគេបានបង្កបង្កើនផលយូរឆ្នាំហើយនោះ។

លោកបន្ថែមថា៖ «មួយទៀត ខ្ញុំស្នើកំណត់ឱ្យក្រសួងកំណត់ឱ្យបានច្បាស់រវាងដីក្រុមហ៊ុន និងដីប្រជាពលរដ្ឋដែលបានកាន់កាប់។ ហើយបើករណីហ្នឹងកំពុងទទួលការវាស់វែង បែរជាក្រុមហ៊ុនមួយទៅរំលោភបំពានទៀត អាជ្ញាធរត្រូវតែញាប់ដៃញាប់ជើងធ្វើការអន្តរាគមន៍ និងដោះស្រាយ។ ហើយការដោះស្រាយបញ្ហាហ្នឹងត្រូវឈរលើគោលការណ៍ដែលត្រឹមត្រូវ និងយុត្តិធម៌»

ក្នុងសេចក្តីជូនដំណឹងមួយកាលឆ្នាំ២០១៧ អភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា ប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផលលើដីរបស់ក្រុមហ៊ុន ជីង ហ៊ាង អភិវឌ្ឍន៍ និងក្រុមហ៊ុន ផឹង ឡេង បង្ហាញឯកសារ និងចូលរួមជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីវាស់វែងធ្វើអត្តសញ្ញាណកម្មក្បាលដីជាក់ស្តែង។

ប៉ុន្តែ សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា ការវាស់វែងនោះសម្រាប់តែធ្វើអត្តសញ្ញាណកម្មក្បាលដីប៉ុណ្ណោះ មិនមែនជាការចេញ​ប័ណ្ណកម្មសិទ្ធជូនពលរដ្ឋឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ