អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងនៅក្នុងបណ្ដាញសង្គមតេឡេក្រាម កាលពីម្សិលមិញថា នៅខែក្រោយនេះ រោងចក្រកាត់ដេរមួយចំនួន នឹងបង្ខំចិត្តបិទទ្វាបណ្តោះអាសន្ន ដោយសារខ្វះវត្ថុធាតុដើមដែលផ្គត់ផ្គង់ពីប្រទេសចិន។
ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយវីអូឌីនៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានទទួលស្គាល់ថា លោកពិតជាបានលើកឡើងដូច្នេះមែន ហើយលោកឱ្យដឹងទៀតថា រោងចក្រកាត់ដេរ ១០០ភាគរយ សល់ក្រណាត់ក្នុងស្ដុកសម្រាប់សង្វាក់ផលិតកម្មរហូតដល់ខែកុម្ភៈនេះ រោងចក្រ ៩៥ភាគរយ អាចសល់ត្រឹមសប្ដាហ៍ទី២ នៃខែមីនា និង៩០ភាគរយ អាចដល់ដំណាច់ខែមីនា។
ជ្រុងមួយទៀតនៃបញ្ហាវិស័យកាត់ដេរនៅកម្ពុជា គឺវិធានការរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងការជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយ នៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយ។
នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១២ ខែកុម្ភៈ សប្តាហ៍នេះ គណៈកម្មការអឺរ៉ុបនឹងចេញសេចក្ដីសម្រេចចុងក្រោយថា តើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ឬក៏យ៉ាងណា?
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការងារអះអាងថា ការដែលម្ចាស់រោងចក្រជូនដំណឹងពីការផ្អាក ឬព្យួរការងារមួយរយៈនេះ មិនជាប់ពាក់ព័ន្ធទៅនឹងវិធានការរបស់សហភាពអឺរ៉ុបនោះឡើយ។
បញ្ហាទាំងពីរនេះ បង្កើតជាសំនួរថា តើវិស័យកាត់ដេរបានដើរដល់ចំណុចប្រកាសអាសន្នឬ?
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា តាមរយៈការចុះជួបកម្មករ រោងចក្រមួយចំនួនបានព្យួរការងារកម្មកររបស់ខ្លួន មុនអ្នកនាំពាក្យក្រសួងការងារប្រកាសទៅទៀត ដោយផ្តល់ប្រាក់ឈ្នួលជូនកម្មករ ៥០ភាគរយ។
លោក មឿន តុលា បង្ហាញការព្រួយបារម្ភថា បញ្ហាផ្ទុះមេរោគឆ្លងនៅប្រទេសចិន និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA វានឹងជំរុញឱ្យមានវិបត្តិសង្គម បើបញ្ហានេះនៅតែបន្តអូសបន្លាយ។
លោក មឿន តុលា ប្រាប់ថា៖ «បើវីរុសនេះអូសបន្លាយកាន់តែយូរ វិបត្តិសេដ្ឋកិច្ចកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់។ នេះជាចំណុចទី១ ហើយទី២ទៀត ភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ ខ្ញុំមើលឃើញថា នៅតែផ្តល់ផលអវិជ្ជមានដល់កម្ពុជាដែរ»។
លោក មឿន តុលា វិភាគទៀតថា ការផ្ទុះមេរោគកូរ៉ូណានៅប្រទេសចិន រហូតប៉ះពាល់វិស័យកាត់ដេរនៅកម្ពុជា ដូចពេលនេះ ក៏ជាការឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងតែទៅលើចិនតែមួយបានដែរ រួមទាំងប្រទេសជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមនោះ។
លោក តុលា បន្តថា៖ «ហេតុផលដែលយើងផ្តេកផ្តួលទៅលើតែចិន ថាចិនអាចជួយសង្គ្រោះសេដ្ឋកិច្ចទោះបីយើងបាត់បង់ EBA ខ្ញុំមើលទៅហាក់អត់ទាន់ឡូហ្សិចទេ តែផ្ទុយទៅវិញ កម្ពុជាទេដែលជាទីផ្សាររបស់ចិន ជាក់ស្តែង យើងនាំចូលវត្ថុធាតុដើមវិស័យកាត់ដេរនេះមកពីចិន ហើយយើងក៏នាំចូលគ្រឿងសំណង់ពីប្រទេសចិនដែរ»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ អះអាងថា បញ្ហានេះមិនមែនប៉ះពាល់តែកម្ពុជាទេ សូម្បីជប៉ុន កូរ៉េខាងត្បូង និងវៀតណាម ក៏ប៉ះពាល់ដូចគ្នា ព្រោះពួកគេពឹងផ្អែកវត្ថុធាតុដើមពីចិនដែរ។ ប៉ុន្តែ លោកថា បញ្ហានេះ អ្នកបញ្ហាទិញកំពុងស្វែងរកដំណោះស្រាយ។
លោក ហេង សួរ ប្រាប់ថា៖ «បច្ចុប្បន្ននេះ យើងមានរោងចក្រមួយចំនួន បានទំនាក់ទំនងមកក្រសួង ដើម្បីពិនិត្យទៅលើនីតិវិធី សុំការព្យួរការងារមួយរយៈក្នុងករណីដែលពាក់កណ្តាលខែ៣ខាងមុខនេះ គាត់គ្មានវត្ថុធាតុដើមសម្រាប់ដំណើរការផលិតកម្មរបស់ខ្លួន ហើយរោងចក្រទាំងអស់ហ្នឹង កំពុងទំនាក់ទំនងជាមួយម្ចាស់ម៉ាក [យីហោ] ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមផ្សេងទៀតពីប្រទេសចិន»។
អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថា វាជាសញ្ញាហានិភ័យមួយសម្រាប់វិស័យកាត់ដេរ បើការផ្គត់ផ្គង់វត្ថុធាតុដើមនៅតែរអាក់រអួល ហើយអ្នកបញ្ជាទិញមិនគ្រប់គ្រាន់ ដោយសារតែក្ដីបារម្ភពីការគំរាមកំហែងលើវិធានការដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនោះ។
លោក មាស នី ប្រាប់ថា៖ «អនាគតនៃការរកស៊ីក្នុងវិស័យកាត់ដេរ វានឹងជួបហានិភ័យខ្ពស់នៅក្នុងកាលៈទេសៈបែបនេះ»។
អ្នកវិភាគបញ្ហាសង្គមរូបនេះ វិភាគថា បើគ្មានអ្វីប្រែប្រួល វានឹងជំរុញឱ្យមានលំហូរនៃការធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសពីសំណាក់ពលរដ្ឋខ្មែរជាម្ចាស់ស្រុក និងជំនួសមកវិញដោយលំហូរជនបទេសជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា។
លោក មាស នី បន្តថា៖ «ហើយទីបំផុត វាធ្វើឱ្យប្រទេសយើងបាត់បង់កម្លាំងពលកម្មសំខាន់ៗអស់ទៅ ហើយមានតែពលរដ្ឋដទៃគេមករកស៊ីស្រុកយើងដែលមានទាំងវៀតណាម និងចិន»។
របាយការណ៍លទ្ធផលពិគ្រោះយោបល់រវាង IMF និងកម្ពុជា ចេញផ្សាយកាលពីខែធ្នូឆ្នាំមុន ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងបាត់បង់កំណើន ៣ភាគរយនៅឆ្នាំដំបូង បើសភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីកម្ពុជា។
តាមសមាគមរោងចក្រកាត់ដេរកម្ពុជា GMAC ធ្លាប់លើកឡើងថា ការដក EBA នេះនឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកប្រាក់ប្រមាណជា ៧០០លានដុល្លារក្នុង១ឆ្នាំ ហើយកម្មករ ៧៥ម៉ឺននាក់ក្នុងវិស័យកាត់ដេរ និងពលរដ្ឋខ្មែរ ៣លាននាក់ដែលពឹងផ្អែលលើវិស័យនេះ នឹងប៉ះពាល់ដោយផ្ទាល់ និងប្រយោល។
លោក មាស នី បង្ហាញការព្រួយបារម្ភថា វិស័យកាត់ដេរនឹងដើរដល់ចំណុចប្រកាសអាសន្ន បើការផ្គត់ផ្គង់វត្ថុធាតុដើមនៅតែរអាក់រអួល ស្របគ្នាទៅនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបទៀតនោះ៕